សៀមរាប៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ ខេត្តសៀមរាបមានចំនួនបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាប់និទ្ទេសA ច្រើនជាងគេលំដាប់លេខ២ ទូទាំងប្រទេស បន្ទាប់ពីរាជធានីភ្នំពេញ។
សេចក្ដីប្រកាសព័ត៌មានដដែលនេះ បញ្ជាក់ថា បេក្ខជនដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលបានជាប់និទ្ទេសA មានចំនួនសរុប ១,៧៥៣នាក់ ក្នុងនោះលំដាប់ថ្នាក់លេខ១ គឺរាជធានីភ្នំពេញមានចំនួន ៥៦៥នាក់, លេខ២ សៀមរាបមានចំនួន ១៥៣នាក់ និងតាមពីក្រោយគឺខេត្តកណ្ដាលមានចំនួន ១២៧នាក់។
តាមលិខិតដដែលនេះដែរ ក៏បានបញ្ជាក់ថា បេក្ខជនទូទាំងប្រទេសដែលបានចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានចំនួនសរុប១១៤,១៨៧នាក់ និងបានប្រឡងជាប់សរុប ៧២,០១៦។ លទ្ធផលនេះស្មើនឹង ៦៥.៦៥ភាគរយ ធ្លាក់ចុះជិត ៣ភាគរយ បើធៀបនឹងឆ្នាំសិក្សា២០១៩-២០២០ ដែលមានចំនួន ៦៨.៦២ភាគរយ។
គួររំលឹកថា នាសម័យប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២០-២០២១ ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរង និងលោកស្រីអភិបាលរងខេត្តទាំងអស់ បានអញ្ជើញជាអធិបតី ក្នុងការបើកវិញ្ញាសារប្រឡងនៅតាមមណ្ឌលប្រឡងទាំង ១២ ក្នុងខេត្តសៀមរាប ដើម្បីលើកទឹកចិត្តដល់បេក្ខជន និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ លើវិស័យអប់រំក្នុងខេត្តនេះ៕






0 comments:
Post a Comment