(ភ្នំពេញ)៖ សុខសន្តិភាពដែលរកបានមកដោយលំបាកក្រោមបាតដៃ និងបញ្ញាញាណរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ កំពុងនាំមកនូវការរីកចម្រើនលូតលាស់យ៉ាងលឿនលយសម្រាប់ជាតិកម្ពុជា។ សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធ ផ្នែកដឹកជញ្ជូនជាច្រើនក៏ត្រូវបានលេចចេញជារូបរាងឡើង បន្តបន្ទាប់បម្រើជាឧត្តមប្រយោជន៍ដ៏ថ្លៃថ្លាសម្រាប់ប្រជាជាតិកម្ពុជា ដែលធ្លាប់តែកម្សត់វេទនាកាលពីអតីតកាលនោះ។
សមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយទៀតនៅលើទឹកដីកម្ពុជា គឺផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងត្រូវចាប់ផ្តើមដំណើរការសាងសង់នាព្រឹកថ្ងៃពុធ ៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣។ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ជាផ្លូវល្បឿនលឿនខ្សែទី២ក្នុងប្រទេសកម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីឆ្នាំ២០២២នោះ។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសបើកការដ្ឋានសាងសង់ល្បឿនលឿនភ្នំពេញ-បាវិត៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអភិវឌ្ឍន៍របស់ជាតិ បានធ្វើឱ្យសម្តេចវង្វេងភូមិសាស្ត្រ មិនត្រឹមតែក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ រួមទាំងនៅតាមទីជនបទផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវល្បឿនលឿនមានអត្ថប្រយោជន៍ខ្លាំង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែអថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គឺជាការតភ្ជាប់មួយដ៏សំខាន់រវាងកម្ពុជា និងវៀតណាម ព្រមទាំងអាស៊ានផងដែរ។
* សម្តេចតេជោ ហ៊ុន សែន រំលឹកថា គម្រោងដើមការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក៏ភ្ជាប់ជាមួយការសាងសង់ស្ពានឆ្លងទន្លេមេគង្គក្រោមផងដែរ ហើយតម្រូវឱ្យពលរដ្ឋបង់លុយពេលឆ្លងកាត់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដោយមិនចង់ឱ្យប្រជាពលរដ្ឋចំណាយលុយលើការឆ្លងស្ពាននោះ សម្តេចក៏សម្រេចបញ្ចេញកញ្ចប់ថវិកាជាតិ សាងសង់ស្ពានឱ្យពលរដ្ឋឆ្លងដោយមិនគិតប្រាក់តែម្តង។
* សម្តេចតេជោ ហ៊ុន សែន ប្រាប់ទូតចិនថា កុំឈប់ផ្តល់ជំនួយ ព្រោះឃើញកម្ពុជា មានលទ្ធភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធច្រើន។ សម្តេចតេជោ ក៏ចង់ឃើញចិន ផ្តល់ជំនួយខ្លះ សម្រាប់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា មិនធ្វើសត្រូវនឹងលុយនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប និងប៉ោយប៉ែត នឹងចុះហត្ថលេខាសិក្សាសាងសង់នៅល្ងាចថ្ងៃនេះហើយ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចសហប្រតិបត្តិការគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ របស់ចិន បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ មិនបានរារាំងដល់កិច្ចអភិវឌ្ឍន៍របស់ប្រទេសណាមួយនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់ផ្លូវល្បឿនលឿន មិនបានប្រើប្រាស់លុយកម្ចីនោះទេ គឺជាការសាងសង់ដោយប្រើលុយរបស់អ្នកវិនិយោគចិនទាំងអស់។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសយកថ្ងៃទី៣០ ខែមិថុនា សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ធ្វើឯកអគ្គរដ្ឋទូតចិននៅកម្ពុជា គ្មានពេលទំនេរនោះទេ គឺនឹងមានការកម្មវិធីសម្រាប់ការអភិវឌ្ឍន៍ជាប់ជានិច្ច។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋាភិបាលចិន តែងគោរពការសម្រេចចិត្តរបស់កម្ពុជា លើការសាងសង់សមិទ្ធផលដែលប្រើកម្ចីចិន។ ចិន មិនដែលបង្គាប់បញ្ជាឱ្យកម្ពុជា ធ្វើតាមខ្លួននោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានសំណាង ដែលមានរដ្ឋមន្ត្រីសេដ្ឋកិច្ចពីររូបហើយ មិនមែនជារដ្ឋមន្ត្រីខ្ជិលធ្លុះនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន អរគុណរដ្ឋាភិបាលចិន ដែលបានជួយសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ធ្វើឱ្យកម្ពុជាមានលទ្ធភាពរៀបចំកម្មវិធីប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។
* សម្តេចតេជោ ហ៊ុន សែន រំពឹងថា មេដឹកនាំប្រទេសសមាជិកអាស៊ាន នឹងគាំទ្រទស្សនៈសម្តេច ក្នុងការធ្វើឱ្យព្រឹត្តិការណ៍កីឡារបស់អាស៊ានកាន់តែល្បីល្បាញ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ក្រុមប្រឆាំង «ភ្លើ» មិនយល់ពីកីឡាអាស៊ាន។ ព្រោះតែ «ភ្លើ» ហ្នឹងហើយ ទើបចេះតែចាញ់។
* សម្តេចតេជោ ហ៊ុន សែន ស្នើវៀតណាម ចាប់ខ្លួន សម រង្ស៉ី ប្រសិនបើចូលដល់ដីវៀតណាម។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទណ្ឌិត សម រង្ស៉ី ចូលវៀតណាម ហើយវៀតណាម មិនចាប់ខ្លួន គឺនឹងមានបញ្ហាជាមួយកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ហើយបោះឆ្នោតជូនបក្សប្រជាជនកម្ពុជា ដើម្បីជ្រើសយកការរក្សាបានសន្តិភាព និងការអភិវឌ្ឍន៍។