​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

May 19, 2023

សម្ដេចតេជោ ហ៊ុន សែន បង្ហាញរូបភាពវាយកូនគោលនៅភ្នំពេញ និងអះអាងថា ល្ងាចនេះសម្ដេចទៅលេងទឹកសមុទ្រនៅក្រុងព្រះសីហនុ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញវីដេអូ និងរូបភាពជាច្រើនសន្លឹក បញ្ជាក់អំពីការលេងកូនគោលនៅថ្ងៃចុងសប្ដាហ៍។

ភ្ជាប់ជាមួយរូបភាព និងវីដេអូនៅបណ្ដាញសង្គម Telegram សម្ដេចតេជោ ហ៊ុន សែន ក៏បានអះអាងថា បន្ទាប់ពីលេងវាយកូនគោលនៅភ្នំពេញហើយនោះ នៅល្ងាចថ្ងៃនេះសម្ដេចនឹងទៅលេងទឹកសមុទ្រ នៅក្រុងព្រះសីហនុ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ដូចថ្ងៃមុនដែរ ថ្ងៃនេះវាយកូនគោលនៅភ្នំពេញពេលព្រឹក ឯពេលល្ងាចឆ្លៀតមុជទឹកនៅក្រុងព្រះសីហនុ។ រីករាយចុងសប្តាហ៍ក្រោយសុីហ្គេមត្រូវបានបិទបញ្ចប់ដោយជោគជ័យ»៕

Share This
Author Image

About ww.kmmhotnews.com

ឧត្តមសេនីយ៍ឯក ស ថេត ចុះសំណេះសំណាលសួរសុខទុក្ខ និងបំពាក់មេដាយ ជូនអតីតយុទ្ធជននៅខណ្ឌទួលគោក, ជ្រោយចង្វារ និងឫស្សីកែវ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល បំពាក់មេដាយ ព្រមទាំងផ្តល់ជាសម្ភារ និងថវិកាជូនអតីតយុទ្ធជនចំនួន៣ខណ្ឌ (ទួលគោក ជ្រោយចង្វារ និងឬស្សីកែវ) សរុបចំនួន៤៥រូប។

ក្នុងពិធីនោះ ក៏មានការចូលរួមពីលោកអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ លោកប្រធានកិត្តិយសខណ្ឌ លោកអធិការនគរបាលខណ្ឌ ដែលជាប្រធានសមាគមអតីតយុទ្ធជនខណ្ឌ ក៏ដូចជាសមាជិក សមាជិកាដែលពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕

Share This
Author Image

About ww.kmmhotnews.com

May 18, 2023

មន្ត្រីរាជការមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍គ្រប់ខេត្ត ទទួលបានការបណ្តុះបណ្តាលពង្រឹងសមត្ថភាព ពីវាគ្មិនជាថ្នាក់ដឹកនាំក្រសួង និងអ្នកជំនាញបច្ចេកវិទ្យាឌីជីថល​

ចំនួនអ្នកទស្សនា: Views

(កំពង់ធំ)៖ អនុវត្តតាមអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ឱ្យមានការយកចិត្តទុកដាក់ លើការពង្រឹងសមត្ថភាពមន្ត្រីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចាប់តាំងពីឆ្នាំ២០២០, លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានណែនាំឱ្យរៀបចំកម្មវិធីកសាងសមត្ថភាព មន្ត្រីរាជការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) ក្នុងគោលដៅអភិវឌ្ឍ និងបន្តពង្រឹងសមត្ថភាពមន្ត្រី ក.ប.ទ. លើ ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសឌីជីថល រួមមានការផ្តល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ការរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថល ចាប់ពីជំនាញមូលដ្ឋានដល់ជំនាញឯកទេស និងការរៀបចំសិក្ខាសាលាបណ្តុះបណ្តាល និងចែករំលែកបទពិសោធការអនុការងារជាក់ស្តែង ជាដើម ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន និងការរួមចំណែកដើម្បីអភិវឌ្ឍក្រសួង និងប្រទេសជាតិឱ្យរីកចម្រើនបន្ថែមទៀត។

ជាមួយគ្នានេះនាថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ក្រសួងបានរៀបចំកម្មវិធីបណ្តុះបណ្តាលពង្រឹងសមត្ថភាព អនុវត្តការងារនៅមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ (ជំហានទី២) ដែលជាសិក្ខាសាលាតំបន់ទី៣ នៅសណ្ឋាគារកំពង់ធំរ៉ូយ៉ាល់ ខេត្តកំពង់ធំ ក្រោមអធិបតីភាពលោករដ្ឋលេខាធិការ ខាយ ឃុនហេង និងលោកស្រីរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ ព្រមទាំងមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ គ្រូឧទ្ទេសជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាន់ខ្ពស់នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងសិក្ខាកាមចំនួន ៨៦ រូប ដែលជាមន្ដ្រីរាជការមកពីមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ១២ខេត្ត។

កម្មវិធីបណ្ដុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖

១៖ បង្កើនចំណេះដឹងថ្មីៗពីបច្ចេកវិទ្យាឌីជីថល និងពង្រឹងសមត្ថភាពជំនាញ និងបទពិសោធពាក់ព័ន្ធវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន សម្រាប់អនុវត្តការងារប្រចាំថ្ងៃដល់មន្ត្រីរាជការមន្ទីរ ប.ទ. ដើម្បីបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ឆាប់រហ័សប្រកបដោយប្រសិទ្ធភាពខ្ពស់។

២៖ ផ្សព្វផ្សាយអំពីគោលនយោបាយរដ្ឋាភិបាលឌីជីថល គោលនយោបាយប្រៃសណីយ៍ ច្បាប់ស្ដីពីទូរគមនាគមន៍ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ ដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមនានាដែលកំពុងជួបប្រទះ។

៣៖ បង្កើតឱ្យមានយន្តការចែករំលែកបទពិសោធល្អៗ ដែលបានមកពីការអនុវត្តការងារ និងផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមន្ត្រីថ្នាក់ដឹកនាំនៅថ្នាក់ជាតិ និងមន្ត្រីរាជការថ្នាក់ក្រោមជាតិ។

ជាមួយគ្នានោះ លោកស្រីរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ បានគូសបញ្ជាក់ថា សិក្ខាកាមទាំងអស់ដែលបានចូលរួម បានលើកជាសំណួរដែលមានការងឿងឆ្ងល់មិនច្បាស់ ក្នុងការធ្វើបទបង្ហាញរបស់វាគ្មិន បានលើកជាសំណួរ និងបញ្ហាប្រឈម ដើម្បីជូនវាគ្មិនបកស្រាយជូន ហើយវាគ្មិនបានបកស្រាយយ៉ាងក្បោះក្បាយផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋលេខាធិការ ខាយ ឃុនហេង បានថ្លែងអំណរគុណដល់វាគ្មិនថ្នាក់ជាតិ ដែលបានចំណាយពេលដ៏មានតម្លៃ ក្នុងការមកចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ ពាក់ពន្ធ័នឹងការវិវត្តន៍នៃបច្ចេកវិទ្យា។

លោករដ្ឋលេខាធិការ ខាយ ឃុនហេង ក៏បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យយកចិត្តទុកដាក់ទទួលយកចំណេះដឹង ដែលទទួលបានការចែករំលែកពីថ្នាក់ជាតិនាពេលនេះ ដើម្បីពង្រឹង និងពង្រីកសមត្ថភាពបន្ថែមទៀត សម្រាប់បំពេញតួនាទីភារកិច្ច ក្នុងការអនុវត្តការងារប្រចាំថ្ងៃ នៅតាមអង្គភាពរៀងៗខ្លួន ឱ្យទទួលបាននូវលទ្ធផលល្អប្រសើរថែមទៀត ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវអភិវឌ្ឍសមត្ថភាពឱ្យស្រប ទៅតាមការវិវត្តបច្ចេកវិទ្យាទូរគមនាគមន៍ ដែលមានការប្រែប្រួលឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ។

សូមជម្រាបជូនថា កម្មវិធីបណ្តុះបណ្ដាល ស្ដីពីការពង្រឹងសមត្ថភាពអនុវត្តការងារ នៅមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ (ជំហានទី២) សម្រាប់មន្ទីរ ប.ទ. ទាំង២៤ បាននិងកំពុងរៀបចំ ចាប់ពីថ្ងៃទី២៥ ខែមេសា រហូតដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ដែលធ្វើនៅ ៤ទីតាំង ដូចខាងក្រោម៖

* ខេត្តសៀមរាប៖ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣

* ខេត្តប៉ៃលិន៖ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣

* ខេត្តកំពង់ធំ៖ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣

* ខេត្តព្រះសីហនុ៖ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣៕

ឆ្នាំ២០២៣៕

Share This
Author Image

About ww.kmmhotnews.com

បណ្ឌិត ហ៊ុន ម៉ាណែត៖ សន្តិភាពប្រៀបបានទៅនឹងខ្យល់អុកស៉ីសែន ដែលមានតម្លៃបំផុតសម្រាប់ជីវិត និងការរស់នៅរបស់មនុស្សគ្រប់រូប, កុំរង់ចាំដល់ពេលសន្តិភាពបាត់បង់ បានយើងឱ្យតម្លៃសន្តិភាព

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ តាមរយៈបណ្តាញទំនាក់ទំនងសង្គម Facebook និង Telegram លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហោះវីដេអូខ្លីមួយ ដោយលើកឡើងថា សន្តិភាពប្រៀបបានទៅនឹងខ្យល់អុកស៉ីសែន ដែលមានតម្លៃបំផុតសម្រាប់ជីវិត និងការរស់នៅរបស់មនុស្សគ្រប់រូប សូម កុំរង់ចាំដល់ពេលសន្តិភាពបាត់បង់ បានយើងឲ្យតម្លៃសន្តិភាពនោះ គឺត្រូវចងចាំពីគុណតម្លៃនៃសន្តិភាព និងរួមគ្នាថែរក្សាសន្តិភាព ឱ្យបានជាដាច់ខាត។

តាមរយៈវីដេអូខ្លីដែលថ្លែងក្នុងកម្មវីធីសាធារណៈមួយនាពេលថ្មីៗនេះ លោកបណ្ឌិតបានលើកឡើងដូច្នេះថា «ពាក្យ អរគុណសន្តិភាព ប្រហែលជាយើងលឺ អ្នកខ្លះថាចង់ធុញណាស់ហើយ គេងទៅក៏យល់សុបិនដែរ តែពាក្យនេះសំខាន់ពេលណា គឺពេលដែលវាបាត់ សន្តិភាពដូចខ្យល់អុកស៉ីសែន យើងមើលមិនឃើញទេ តើក្រៅពីខ្លួនយើងអ្វីដែលមានតម្លៃជាងគេ ? អ្នកខ្លះថា រថយន្ត៥៧០ អ្នកខ្លះថាព្រះវិហារ ៣០ម៉ឺនដុល្លារ តែភ្លេចគិតអ្វីដែលកំពុងពឹងរាល់ពេលនោះ គឺខ្យល់អុកស៉ីសែន»។

លោកបណ្ឌិតបន្តថា «ខ្យល់អុកស៉ីសែន ជាអ្វីដែលយើងមើលមិនឃើញ តែផ្តល់ជីវិតឲ្យយើង សន្តិភាពដូចគ្នា ពាក្យមួយនេះយើងស្តាប់ដូចសាំណាស់ ក្នុងពេលដែលគ្មានសង្គ្រាមវាដូចជាពាក្យធម្មតា តែនៅពេលដែលពាក្យនេះបាត់ លោកតា លោកយាយធ្លាប់បានឆ្លងកាត់ហើយនៅសង្គ្រាមបានដឹងពីទុក្ខវេទនាហើយ [...] ពាក្យសន្តិភាពនេះ ទោះបីជាយើងលឺច្រើនយ៉ាងម៉េច យើងធុញក៏ដោយ តែសុំឱ្យតម្លៃសន្តិភាព កុំបាត់ទៅវិញ គឺត្រូវថែរក្សាសន្តិភាពនេះ កុំឱ្យសង្គ្រាមកើតឡើងទៀត»។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានប្រកាសជាច្រើនលើកច្រើនសារមកហើយ ទោះក្នុងតម្លៃណាក៏ដោយ គឺត្រូវថែរក្សាសន្តិភាពរបស់កម្ពុជាឱ្យបានជាដាច់ខាត មានសន្តិភាព ទើបមានការអភិវឌ្ឍ៕

Share This
Author Image

About ww.kmmhotnews.com

May 17, 2023

សម្តេចតេជោ ហ៊ុន សែន អរគុណមិត្តចិន ដែលបានផ្តល់នូវពហុកីឡដ្ឋានដ៏ស្រស់ស្អាត និងរឹងមាំ សម្រាប់កម្ពុជារៀបចំព្រឹត្តិការណ៍ស៊ីហ្គេម

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្តល់អំណោយនូវពហុកីឡដ្ឋានមរតកតេជោដ៏ស្រស់ស្អាត និងរឹងមាំ ដែលជាឱកាសសម្រាប់កម្ពុជារៀបចំព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម។ សម្តេចតេជោ ថ្លែងបែបនេះ ក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីក្នុងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣នារាត្រីថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៣ នៅវិមានពហុកីឡដ្ឋានជាតិមរតកតេជោ ។

សម្តេចតេជោ មានប្រសាសន៍យ៉ាងដូច្នេះថា៖«ខ្ញុំ ក៏សូមយកឱកាសនេះ អរគុណចំពោះរដ្ឋាភិបាល ប្រជាជនចិន ជាពិសេស ឯកឧត្តម ប្រធានាធិបតីចិន ស៊ីជីងភីង ដែលបានជួយកសាងពហុកីឡដ្ឋាននៅទីនេះ សម្រាប់ការប្រើប្រាស់ពិធីបើក ពិធីបិទ ការប្រកួត និងការប្រើប្រាស់តកូនតចៅទៅថ្ងៃក្រោយ ។»

ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយរបស់មិត្តចិន ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានចម្ងាយ ១២គីឡូម៉ែត្រពីវត្តភ្នំ សាងសង់លើផ្ទៃដីទំហំជាង ៨៥ហិកតា។

សម្រាប់ការសាងសង់ ឈរលើទស្សនទានបៃតង «Green Sports» ដោយមានសំណង់អគារតែ ៣០ភាគរយប៉ុណ្ណោះ ហើយ ៧០ភាគរយ ជាតំបន់បៃតង មានដូចជាដើមឈើ ស្មៅ និងទឹក...ហើយក៏មានការកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី ដោយប្រើប្រាស់បច្ចេកទេសរចនាប្លង់ ដែលមានខ្យល់ចេញចូល និងពន្លឺព្រះអាទិត្យចេញចូលគ្រប់កន្លែង៕ អត្ថបទ៖ វិទ្យុជាតិកម្ពុជា, ផ្សាយដោយ៖ កន ចំណាន

Share This
Author Image

About ww.kmmhotnews.com

នាយឧត្ដមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត ចូលរួមក្នុងពិធីបុណ្យឆ្លងសាលាបុណ្យ វត្តធនមន្ត នៅស្រុកស្អាង

ចំនួនអ្នកទស្សនា: Views

 កណ្តាល:ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នៅថ្ងៃពុធ ១៣រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម នាយ ឧត្ដម សេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងពិធីបុណ្យឆ្លងសាលាបុណ្យ កុដិតាជីយាយជី ដងទង់ និង សមិទ្ធផលនានាក្នុងវត្តធនមន្ត ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សូមចូលរួមអនុមោទនាត្រេកអរចំពោះសមិទ្ធផលថ្មីៗជាច្រើនក្នុងវិស័យពុទ្ធចក្រនៅទីអារាមដ៏ចំណាស់ ជាមួយនឹងអាយុកាលប្រមាណជាង ១សតវត្សរ៍ ដែលជាទីកន្លែងគួរជាទីមនោរម្យ និងជ្រះថ្លាសម្រាប់ការជួបជុំ និងធ្វើបុណ្យទានតាមប្រពៃណី និងជំនឿរបស់ពុទ្ធបរិស័ទចំណុះជើងវត្តផ្ទាល់ ក៏ដូចជាពុទ្ធបរិស័ទមកពីគ្រប់ទិសទីផងដែរ។ វត្តធនមន្ត គឺបានឆ្លងកាត់ដំណាក់កាលជាច្រើន នៃដំណើរវិវត្តន៍របស់កម្ពុជា ជាពិសេសការលំបាកក្នុងរយៈពេលសង្គ្រាមនាសម័យរដ្ឋប្រហារ លន់ ណុល និងក្នុងសម័យកាលដ៏ខ្មៅងងឹត នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស្ទើរគ្មានសល់ ហើយបានប្រែក្លាយទីអារាមទៅជាជង្រុកស្រូវ ជំនួសឱ្យទីកន្លែងគោរពបដិបត្តិសាសនា។ ប៉ុន្តែបច្ចុប្បន្នយើងទាំងអស់គ្នា កំពុងសប្បាយរីករាយសាទរ នូវសមិទ្ធផលដែលជាមនុញ្ញផល នៃការកសាងរបស់គណៈគ្រប់គ្រងវត្ត ពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយ ក្នុងការអភិវឌ្ឍឱ្យកាន់តែល្អប្រសើរ និងផ្តល់ជាទីសុខសាន្ត សម្រាប់ពុទ្ធសាសនិកគ្រប់ទិសទី ក្រោមម្លប់នៃសុខសន្តិភាព។

ឯកឧត្តមនាយឧត្ដមសេនីយ៍ បន្តថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលបានដំណើរការប្រកួតនៅលើទឹក នៃព្រះរាជាណាចក្រកម្ពុជាចំនួន ៥រាជធានី-ខេត្ត នឹងត្រូវប្រកាសបិទបញ្ចប់នាថ្ងៃនេះ ជាមួយនឹងភាពជោគជ័យ ភាពស្និទ្ធស្នាល សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ ដោយឈរលើស្មារតីកីឡា និងស្របតាមប្រធានបទ «កីឡារស់ក្នុងសន្តិភាព»។ ជាមួយគ្នានេះ ព្រឹត្តិការណ៍នេះ គឺជាមោទនភាពដ៏គួរឱ្យស្ញប់ស្ញែងក្នុងនាមជាខ្មែរ ដែលកម្ពុជាអាចសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការលើកកម្ពស់កិត្តិនាមកម្ពុជា ឱ្យល្បឺរន្ទឺពាសពេញតំបន់អាស៊ីអាគ្នេយ៍ ដែលជាសហគមន៍តែមួយ ហើយក៏បន្តសុះសាយនៅទូទាំងសកលលោក តាមរយៈយុទ្ធសាស្ត្រប្រកបដោយភាពវៃឆ្លាត របស់រាជរដ្ឋាភិបាល ក្នុងការបើកទូលាយឱ្យមានការផ្សព្វ ផ្សាយបន្តដោយមិនគិតថ្លៃ ជាពិសេសក៏បានផ្តល់ការស្នាក់នៅ ហូបចុកដល់គណៈប្រតិភូ និងកីឡាករ គីឡាការិនីទាំងអស់ ដោយមិនគិតថ្លៃផងដែរ។ “ យើងជាប្រទេសតូច តែបេះដូងធំ ” យើងជាប្រទេសប្រកបដោយភាពកក់ក្តៅ ដែលមានប្រជាជនពោរពេញដោយភាពរួសរាយរាក់ទាក់។ ផ្អែកលើស្នាដៃនៃការរៀបចំប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ គឺពិតជាបានសបញ្ជាក់អំពីបេះដូងពិត និងតថភាពនៃការអភិវឌ្ឍរីកចម្រើនជាក់ស្តែង ដែលកំពុងមានយ៉ាងប្រាកដនៅកម្ពុជា ក្រោមម្លប់សន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់ល្អ តាមរយៈការបង្ហាញដល់ប្រជាជនគ្រប់ជាតិសាសន៍ លើពិភពលោកឱ្យបានដឹង បានស្គាល់ បានឈ្វេងយល់ បានមកទស្សនាកម្សាន្ត និងអាចបន្តមកទស្សនាបន្តទៀតក្នុងពេលខាងមុខ។ ជាក់ស្តែង មោទនភាពជាតិក្នុងស្មារតីជាតិនិយម ដែលទទួលបានការគាំទ្រយ៉ាងផុសផុល ពីប្រជាជនទូទាំងប្រទេស ក្រោមស្មារតីកីឡាតែមួយ បានលើកស្ទួយកិត្តិយសជាតិលើឆាកអន្តរជាតិ និងជាកម្លាំងចិត្តដ៏ខ្លាំងក្លាសម្រាប់គ្រប់កីឡាករ ក្នុងការប្រឹងប្រែងយកជ័យជម្នះជូនជាតិមាតុភូមិ។

ឯកឧត្តមនាយឧត្ដមសេនីយ៍បណ្ឌិត មានប្រសាសន៍ថា ជាលទ្ធផល កម្ពុជាទទួលបានមេដាយសរុបចំនួន ២៨២គ្រឿង ដែលក្នុងនោះមេដាយមាសចំនួន ៨១គ្រឿង, មេដាយប្រាក់ ៧៤គ្រឿង, និងមេដាយសំរិទ្ធិ ១២៧គ្រឿង ដោយស្ថិតក្នុងលំដាប់លេខរៀងទី៤ ហើយដែលនេះ គឺជាប្រវត្តិសាស្ត្រ និងកម្រិតខ្ពស់ដែលកម្ពុជាទទួលបាន។ លទ្ធផលដ៏ត្រចេះត្រចង់នេះ គឺកើតចេញពីការគិតគូរយ៉ាងច្បាស់លាស់ និងដាក់ចេញគោលនយោបាយដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំ តាមរយៈការផ្តល់នូវការយកចិត្តទុកដាក់ វិនិយោគរយៈពេលវែង ដែលនឹងបន្តចាក់គ្រឹះរឹងមាំសម្រាប់អភិវឌ្ឍន៍សមត្ថភាពកីឡាករ កីឡាការិនី ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ជាពិសេសចលនាគាំទ្រនៅទូទាំងប្រទេស ដែលជាចលករយ៉ាងសំខាន់មិនអាចខ្វះបាន ដោយបានផ្តល់នូវការតម្កល់ផលប្រយោជន៍ជាតិជាធំ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បន្តទៀតថា ក្រោមម្លប់នៃសន្តិភាព កម្ពុជាបាននិងកំពុងទទួលនូវមនុញ្ញផលជាច្រើន សម្រាប់ធ្វើការអភិវឌ្ឍជាតិ និងប្រជាជន តាមរយៈគោលនយោបាយដ៏ច្បាស់លាស់របស់រាជរដ្ឋាភិបាល និងចក្ខុវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំ ដែលមានសម្តេចតេជោ ជាប្រមុខ។ ជាក់ស្តែងសម្រាប់កម្រិតថ្នាក់ជាតិ វិស័យអាទិភាព ៤ គឺ “ មនុស្ស ទឹក ផ្លូវ ភ្លើង ” ដែលបានដាក់ចេញ ហើយដែលទទួលបានលទ្ធផលជាក់ស្តែង ដូចជារាប់ចាប់ពីការសង្គ្រោះ និងរំដោះប្រទេសចេញពីរបបដ៏ខ្មៅងងឹត ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ រហូតមកដល់ការរស់ឡើងវិញនូវដង្ហើមសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាជន ជាមួយនឹងការបន្តរីកចម្រើនទៅមុខ ប្រកបដោយនិរន្តរភាព។ តួយ៉ាង ក្នុងមូលដ្ឋានខេត្តកណ្តាលផ្ទាល់ ក៏បានបង្កើតនូវគម្រោងធំៗចំនួន ៣ ដែលកំពុងលេចរូបរាងជាបណ្តើរៗ រួមមាន៖ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ, ផ្លូវវាងក្រុង និងផ្លូវនាវាចរណ៍ ដែលជាចំណែកយ៉ាងសំខាន់ក្នុងការបម្រើឱ្យចក្ខុវិស័យ របស់រាជរដ្ឋាភិបាល« ជាតិរីកចម្រើនទៅបាន គឺអាស្រ័យដោយប្រជាជនរីកចម្រើន »៕ ដោយ ណយ នឿន(ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)

Share This
Author Image

About ww.kmmhotnews.com