About ww.kmmhotnews.com
កែប៖នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១០ ក្រោមប្រធានបទ “ទីក្រុងស្អាតគាំទ្រការបើកទេសចរណ៍កម្ពុជា” អមជាមួយពិធីផ្សព្វផ្សាយជំរុញការអនុវត្តន៍ នីតិវិធីស្តង់ដារអប្បរមា(SOP)តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្មវិស័យទេសចរណ៍ក្នុងខេត្តកែប។
លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានរាយការណ៍ថា ក្នុងឆ្នាំ២០២១ កន្លងមកនេះខេត្តកែបទទួលបានភ្ញៀវទេសចរសរុបចំនួន ៥៨៦,៣៤៧នាក់ ថយចុះចំនួន៥៨% ភ្ញៀវទេសចរជាតិចំនួន ៥៨០,៣៤៤នាក់ ថយចុះចំនួន៥៧.៥០% និងភ្ញៀវទេសចរបរទេសចំនួន៦០០នាក់ ថយចុះចំនួន៨០.៣១%។
ចំពោះការអនុវត្តន៍វិធានការក្នុងអំឡុងពេលកូវីដ-១៩រហូតដល់បច្ចប្បន្ននេះ មានអាជីវកម្ម និងសេវាកម្មទេសចរណ៍ចំនួន៧៥ទីតាំង ទទួលបានឡាប៊ែលវិធានសុវត្ថិភាពទេសចរណ៍ផងដែរ។
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានអានសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នាឱកាសទិវាជាតិទីក្រុងស្អាតលើកទី១០ ក្រោមប្រធានបទ “ទីក្រុងស្អាត គាំទ្រការបើកទេសចរណ៍កម្ពុជា”អមជាមួយការប្រកាសយុទ្ធនាការ កម្ពុជាស្អាតឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (SEA Game 2023) ដែលមានខ្លឹមសារអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ត្រូវចូលរួមអនុវត្តឲ្យបានផុលផុសប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នូវចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” ដើម្បីឲ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព និរន្តរភាព និងសុវត្ថិភាព សម្រាប់ការបើកទទួលស្វាគមន៍ភ្ញៀវទេសចរអន្តជាតិឡើងវិញ។
ក្នុងសារលិខិតដដែលនោះ សម្តេចក៏បានដាក់ចេញនូវការងារអាទិភាពមួយចំនួនដើម្បីឆ្លើយតបនឹងប្រធានបទនៃទិវាជាតិទីក្រុងស្អាតឆ្នាំ២០២២នេះផងដែរ៕(ប្រភព៖ មន្ទីរព័ត៌មានខេត្តកែប)សម្រួលដោយ:dara
About ww.kmmhotnews.com
About ww.kmmhotnews.com
(ភ្នំពេញ)៖ កំណាត់ផ្លូវជាតិលេខ៣ភ្នំពេញ-កំពត ប្រវែងជាង ១៣៤គីឡូម៉ែត្រ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២នេះ។ ពិធីដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលដ៏មានសារៈប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជានេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា។ នៅក្នុងឱកាសសម្ពោធសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណ១ម៉ោង៣០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វត្តមានកំណាត់ផ្លូវជាតិលេខ៣ គឺជាសមិទ្ធផលថ្មីមួយទៀត បង្ហាញឱ្យឃើញនូវកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រោងជ្រោយ និងជោគវាសនារួមគ្នា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅសប្តាហ៍ក្រោយសម្តេច និងលោក វ៉ាង វិនធៀន នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ខេត្តត្បូងឃ្មុំ ដែលជាសមិទ្ធផលដ៏ធំនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កំណាត់ផ្លូវជាតិលេខ៣ ត្រូវបានកូរ៉េខាងត្បូង ជួយសាងសង់រួចម្តងមកហើយ។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កាលពីពេលនោះសម្តេចបានប្រាប់អតីតប្រធានាធិបតីកូរ៉េខាងត្បូងថា កំណាត់ផ្លូវជាតិលេខ៣ សំខាន់ណាស់ ព្រោះជាផ្លូវតភ្ជាប់ទៅកាន់ខេត្តផលិតអំបិល តែមួយគត់របស់កម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដោយសារកំណើនចរាចរណ៍កើកំណាត់ផ្លូវជាតិលេខ៣ មានការកើនឡើងខ្លាំង ទើបសម្តេចសម្រេចស្នើចិនជួយសាងសង់ជាថ្មី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កំណាត់ផ្លូវជាតិលេខ៣ អាចរាប់ជាប្រភេទផ្លូវល្បឿនលឿន ព្រោះមានទទឹងផ្លូវធំ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរចំពោះការរៀបចំសួន និងដាំផ្កាចំទ្រូងផ្លូវ ព្រោះលើកសោភ័ណភាព និងភាពបៃតងលើដងផ្លូវ។ * សម្តេចតេជោ ហ៊ុន សែន ថ្លែងរំពឹងថា ប្រជាពលរដ្ឋនឹងមិនយកសួនទ្រូងផ្លូវធ្វើជាកន្លែងបន្ទោបង់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា ក្នុងដំណាក់កាលសាងសង់កំណាត់ផ្លូវជាតិលេខ៣ បានផ្តល់ផលប៉ះពាល់ជាខ្លាំងដល់ប្រជាពលរដ្ឋនៅសងខាងផ្លូវ តែក្រោយសាងសង់រួចប្រជាពលរដ្ឋនៅសងខាងផ្លូវនេះ ជាអ្នកទទួលបានប្រយោជន៍មុនគេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា មានម្ចាស់ផ្សារមួយកន្លែងនៅជាប់ផ្លូវជាតិលេខ៣ ធ្លាប់ជំទាស់ការធ្វើស្ពានធ្វើដំណើរឆ្លងកាត់ផ្លូវ, សម្តេចថ្លែងថា ត្រូវតែធ្វើ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គួរពិនិត្យពីការកំណត់ឱ្យបន្ថែមល្បឿនដល់១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង នៅតាមផ្លូវដែលមានទំហំធំៗ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរពីរៀបចំដាក់កាមេរាចាប់ល្បឿនលើកំណាត់ផ្លូវជាតិលេខ៣ ដែលជាការធ្វើទំនើបកម្មមួយនៃការសាងសង់ផ្លូវ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់ផ្លូវនៅកម្ពុជា បានផ្លាស់ប្តូរហើយ។ ពីមុនសាងសង់ផ្លូវគិតធ្វើឱ្យបានវែង តែឥឡូវគិតពីការធ្វើឱ្យបានរឹងមាំ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរក្រុមហ៊ុនចិន ដែលតែងតែធ្វើលឿនជាងផែនការក្នុងគម្រោង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កំណាត់ផ្លូវជាតិលេខ៣ ចំណាយថវិកាជាង ២៥២លានដុល្លារ។ ក្នុងនោះប្រមាណ ៤០លានដុល្លារ ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋនឹងទទួលបានប្រយោជន៍ពីកំណាត់ផ្លូវជាតិលេខ៣នេះ ស្របពេលកម្ពុជាពង្រីកការវិនិយោគភាគនិរតីប្រទេស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កំណាត់ផ្លូវជាតិលេខ៣ កំពត-វាលរិញ ត្រូវដាក់ក្នុងលក្ខខណ្ឌសាងសង់ពិសេស។ សម្តេចតេជោ រំពឹងថា រដ្ឋាភិបាលចិន នឹងជួយសាងសង់កំណាត់ផ្លូវនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ និងដឹងគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែផ្តល់ថវិកាសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់ពេលនេះ ចិនផ្តល់ថវិកា សាងសង់ ផ្លូវរួចរាល់២៩ខ្សែ ប្រវែងជាង ៣ពាន់គីឡូម៉ែត្រ, ផ្លូវកំពុងសាងសង់ចំនួន ៣ខ្សែ ប្រវែង ៣៦៩គីឡូម៉ែត្រ។ ស្ពានសាងសង់រួចរាល់ចំនួន ៩ស្ពាន ប្រវែង ៨,៥៦៥ម៉ែត្រ, ស្ពានកំពុងសាងសង់ មានចំនួន១ គឺស្ពានឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់ផ្លូវក្រវាត់ក្រុងទី៣ ៩៩៦ម៉ែត្រ តម្លៃ ៥៦លានដុល្លារ។ ថវិកាដែលរដ្ឋាភិបាលចិនផ្តល់សម្រាប់សាងសង់ផ្លូវ និងស្ពានមានចំនួនជិត ៣ពាន់លានដុល្លារអាមេរិក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចទើបបញ្ចេញថវិកាជាតិ ៥លានដុល្លារបន្ថែមទៀត សម្រាប់ដោះស្រាយផលប៉ះពាល់លើការសាងសង់ផ្លូវក្រវាត់ក្រុងទី៣។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចិត្តធម៌របស់អាជ្ញាធរឱ្យពលរដ្ឋរស់នៅតាមចិញ្ចើមផ្លូវ ទីបំផុតរាជរដ្ឋាភិបាលត្រូវផ្តល់ប៉ះពាល់ជូនពួកគាត់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋរឹងរូសសម្រាប់ផលប៉ះពាល់លើគម្រោងសាងសង់ផ្លូវជាតិ នឹងត្រូវអនុវត្តន៍ច្បាប់អស្សាមិករណ៍។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋកុំដឹកលើសទម្ងន់កំណត់ ហើយកុំឱ្យបើកបរលើសល្បឿនកំណត់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីតែសប្បាយ ហើយបង្កគ្រោះថ្នាក់ដល់ជីវិតដោយសារការបើកបរ មិនគួរគប្បីនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់វ៉ាក់សាំង ដែលបានធ្វើឱ្យសម្តេចគេចផុតពីការឆ្លងជំងឺកូវីដ១៩ ទោះបីប៉ះពាល់ផ្ទាល់ជាមួយអ្នកកើតជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយអនុវត្តន៍វិធាន «៣ការពារ និង៣កុំ» ហើយចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូសតាមការផែនការដាក់ចេញ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វ៉ាក់សាំងនៅឃ្លាំងមានជាង ៧លានដូស ហើយនៅឆមាសទី១ឆ្នាំនេះ នឹងខិតខំនាំចូលវ៉ាក់សាំង ឱ្យបាន ៨លានដូសទៀត ដើម្បីធានាដល់ការចាក់ជូនប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រធានអាស៊ានឆ្នាំ២០២២ មិនមែនជារឿងសាមញ្ញនោះឡើយ។ បញ្ហាបានកើតឡើងជាបន្តបន្ទាប់ ក្រៅពីបញ្ហាសមុទ្រចិនខាងត្បូង មីយ៉ាន់ម៉ា នៅពេលនេះមានបញ្ហាសង្គ្រាមរុស្ស៉ី-អ៊ុយក្រែនបន្ថែមទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនគាំទ្រដល់ការធ្វើសកម្មភាពបំបែករដ្ឋ ហើយក៏មិនគាំទ្រការយកសង្គ្រាម ដើម្បីបញ្ចប់សង្គ្រាមនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន នៅពេលនេះបានក្លាយជាសង្គ្រាមរវាងរុស្ស៉ី និងអឺរ៉ុបហើយ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន នឹងអូសបន្លាយកាន់តែយូរ បើរុស្ស៉ី រក្សាទាហានទុកនៅអ៊ុយក្រែន។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចនៅតែជឿថារុស្ស៉ី និងអ៊ុយក្រែន មិនទាន់អស់ឱកាសក្នុងការចរចាគ្នានោះឡើយ។ សម្តេចលើកទឹកចិត្តឱ្យមានការចរចាគ្នា។
* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា អ្វីដែលសម្តេចថ្លែងពាក់ព័ន្ធសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន គឺក្នុងនាមទស្សនៈផ្ទាល់ខ្លួនរបស់សម្តេច មិនមែនក្នុងនាមអាស៊ានឡើយ
* សម្តេតេជោ ហ៊ុន សែន បានថ្លែងថា រុស្ស៉ី និងអ៊ុយក្រែន នឹងយោគយល់ចំពោះគោលជំហររបស់កម្ពុជា ហើយនឹងគ្មានការចាប់បង្ខំកម្ពុជា ឱ្យជ្រើសយកភាគីនេះ ឬភាគីនោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន ក្លាយទៅជាការដាក់បន្ទុកបន្ថែមសម្រាប់សេដ្ឋកិច្ចពិភពលោក ខណៈកំពុងញ៉ាំញីដោយជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សេដ្ឋកិច្ចកម្ពុជាកំពុងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ហើយអាចប៉ះពាល់បន្ថែមទៀត ដោយសារសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងពីការមើលឃើញរបស់សម្តេចថា ប្រសិនបើសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន ឈានដល់ការប្រើនុយក្លេអ៊ែរ នោះអឺរ៉ុប រុស្ស៉ី និងអាមេរិកផង អាចនឹងខ្ទេចខ្ទី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទឹកដីកម្ពុជាក្រោម បានបាត់បង់មុនកំណើតឪពុករបស់សម្តេចទៀត ហើយផែនកទីអន្តរជាតិបានកំណត់អស់ទៅហើយ។ ដូច្នេះនរណាចង់ទៅវាយយកក៏ទៅវាយទៅ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទឹកដីកម្ពុជាក្រោម បានបាត់បង់មុនកំណើតឪពុករបស់សម្តេចទៀត ហើយផែនកទីអន្តរជាតិបានកំណត់អស់ទៅហើយ។ ដូច្នេះនរណាចង់ទៅវាយយកក៏ទៅវាយទៅ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចជាអ្នកនយោបាយជើងយូរ ហើយបានដឹកនាំប្រទេសមិនត្រឹមតែក្នុងដំណាក់កាលសន្តិភាពទេ។ ប៉ុន្តែបានដឹកនាំប្រទេសពីដំណាក់កាលសង្គ្រាម មកកាន់ដំណាក់កាលសន្តិភាព។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិភាព គឺនយោបាយអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើធានាសន្តិភាពមិនបានទេ កុំនិយាយដល់ការអភិវឌ្ឍ សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចអាចរកសន្តិភាពដោយការបញ្ចប់ភ្លើងសង្គ្រាម តែមិនអាចរកសន្តិភាពផ្លូវចិត្តចំពោះអ្នកមានពិរុទ្ធភាពនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការផ្តល់សព្វាវុធទៅកាន់អ៊ុយក្រែន នឹងធ្វើឱ្យសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន ផ្ទុះកាន់តែខ្លាំង។ * សម្តេចតេជោ ហ៊ុន សែន សុំការយោគយល់ពីប្រជាពលរដ្ឋចំពោះការឡើងថ្លៃប្រេង។ ការឡើងនេះគឺមិនមែនតែកម្ពុជានោះទេ គឺឡើងនៅទូទាំងពិភពលោក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនគាំទ្រការផ្តាច់ខ្លួនរបស់ហុងកុង តៃវ៉ាន់ ទីបេ និងជឺចាំង ពីប្រទេសចិននោះឡើយ។ * សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង៩៖១១នាទីព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២។
About ww.kmmhotnews.com
ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាចាប់ផ្តើម ការអនុវត្តគម្រោង «ការបង្កើតក្របខណ្ឌ និងយុទ្ធសាស្រ្តអក្ខរកម្ម ប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងឌីជីថលថ្នាក់ជាតិ» ផ្តួចផ្តើមដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រោមជំនួយបច្ចេកទេសរបស់អង្គការ យូណេស្កូប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។
សិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយ ដល់ភាគីពាក់ព័ន្ធអំពីទស្សនទានទូទៅ នៃអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងឌីជីថល និងដើម្បីប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ ក្នុងការរៀបចំបង្កើតក្របខណ្ឌ និងយុទ្ធសាស្រ្តអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងឌីជីថលថ្នាក់ជាតិ។
គម្រោងនេះ នឹងបង្កើតចេញជាសេចក្ដីព្រាងឯកសារសំខាន់២គឺ៖
១៖ ក្របខណ្ឌអក្ខរកម្ម MIDL ថ្នាក់ជាតិរួមមួយ ដែលនឹងកំណត់ពីក្របខណ្ឌសមត្ថភាព និងកម្រិតជំនាញប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសំខាន់ៗ ស្របតាមបរិបទជាក់ស្តែងរបស់កម្ពុជា និងការវិវត្តរបស់បច្ចេកវិទ្យានាពេលបច្ចុប្បន្ន។
២៖ យុទ្ធសាស្រ្តលើកកម្ពស់អក្ខរកម្ម MIDL ដែលក្នុងនោះ នឹងកំណត់ចេញនូវភាគីពាក់ព័ន្ធ និងកម្មវិធីជាច្រើនដែល យើងត្រូវបន្តអនុវត្តរួមគ្នាបន្ថែមទៀត។
លទ្ធផលទាំងពីរ នឹងគាំទ្រដល់ដំណើរការប្រែក្លាយកម្ពុជា ជាសេដ្ឋកិច្ចនិងសង្គមឌីជីថលដ៏រស់រវើក ក្នុងឆ្នាំ២០៣៥ ខាងមុខ។
ថ្លែងក្នុងអង្គសិក្ខាសាលានាឱកាសនេះ លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ឆ្នាំ២០៣៥ ដោយមានចក្ខុវិស័យប្រែក្លាយកម្ពុជា ជាសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក តាមរយៈការបង្កើតនូវមូលដ្ឋានសំខាន់ៗ ដើម្បីជំរុញការទទួលយក និងការផ្លាស់ប្តូរឌីជីថល គ្រប់ផ្នែកទាំងអស់ ទាំងផ្នែករដ្ឋាភិបាល អាជីវកម្ម និងប្រជាពលរដ្ឋ។
ដើម្បីសម្រេចបាននូវចក្ខុវិស័យខាងលើនេះ គោលនយោបាយនេះ មានអាទិភាពជាយុទ្ធសាស្រ្តសំខាន់មួយគឺ ការជំរុញប្រែក្លាយពលរដ្ឋកម្ពុជាជាពលរដ្ឋឌីជីថល។ ទិសដៅក្នុងការផ្លាស់ប្តូរនេះ គឺដើម្បីចាប់យកប្រយោជន៍អតិបរិមា ពីការវិវត្តរបស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាន ជំរុញផលិតភាព និងប្រសិទ្ធិភាពសេដ្ឋកិច្ច ជំរុញកំណើន និងស្ថាបនាសង្គមដ៏ស៊ីវិល័យមួយ។
ក្នុងនោះ ពលរដ្ឋឌីជីថលកម្ពុជាគ្រប់រូប អាចទទួលបានប្រយោជន៍ពីការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយបរិយាប័ន្ន និងជំនឿទុកចិត្តខ្ពស់ ដោយនៅរក្សាបាននូវអត្តសញ្ញាណ និងវប្បធម៌ជាតិ។
ជាក់ស្ដែងថ្មីៗនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដែលមានចក្ខុវិស័យកសាងរដ្ឋាភិបាលឌីជីថល ដើម្បីលើកកម្ពស់គុណភាពជីវិត តាមរយៈការបម្រើសេវាសាធារណៈ កាន់តែប្រសើរ។
គោលនយោបាយនេះ មានគោលដៅជាយុទ្ធសាស្ត្រចំនួន៤ និងយុទ្ធសាស្ត្រចំនួន១០ ដែលក្នុងចំណោមយុទ្ធសាស្ត្រ ទាំង១០នេះ មានយុទ្ធសាស្ត្រមួយ បានផ្ដោតលើការកសាងមូលធនមនុស្សឌីជីថល។
លើសពីនេះទៅទៀត លោករដ្ឋមន្ត្រី បានបន្ថែមថា គម្រោង «ការបង្កើតក្របខណ្ឌ និងយុទ្ធសាស្រ្តអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងឌីជីថល (MIDL) ថ្នាក់ជាតិ» គឺជាការបោះជំហានទៅមុខមួយទៀតដ៏សំខាន់ សំដៅដល់ការរៀបចំ ក្របខណ្ឌជាតិរួមមួយ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ អាចប្រើប្រាស់សម្រាប់វាស់ស្ទង់សមត្ថភាពនិងកម្រិតអក្ខរកម្ម MIDL របស់ប្រជាពលរដ្ឋបានត្រឹមត្រូវច្បាស់លាស់។
ក្របខណ្ឌនេះ ក៏នឹងក្លាយទៅជាមូលដ្ឋានចាំបាច់ ដល់ក្រសួង-ស្ថាប័ន រួមទាំងអ្នកពាក់ព័ន្ធផ្សេងៗទៀត ក្នុងការរៀបចំកម្មវិធី បណ្តុះបណ្តាល បានច្បាស់លាស់ និងទូលំទូលាយ សមស្របតាមស្ថានភាពជាក់ស្តែងនៅប្រទេសកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានស្នើដល់លោក លោកស្រី មន្ត្រីគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធបន្តគាំទ្រ ដល់សកម្មភាពនៃការរៀបចំក្របខណ្ឌ និងយុទ្ធសាស្រ្តថ្នាក់ជាតិ ជាមួយក្រុមការងារក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអ្នកជំនាញការរបស់អង្គការយូណេស្កូបន្ថែមទៀត។
លោកថា មតិយោបល់ធាតុចូលរបស់លោក លោកស្រី គឺបង្ហាញភាពជាម្ចាស់កម្មសិទ្ធិ នៃកិច្ចការនេះ និងការចូលរួមមានតម្លៃ មិនអាចកាត់ថ្លៃបានក្នុងការធ្វើឲ្យក្របខណ្ឌនេះមានភាពសមស្រប មានគុណភាព ឆ្លើយតបនឹងតម្រូវការជាក់ស្តែង របស់ប្រទេសជាតិយើង៕
About ww.kmmhotnews.com