​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

August 18, 2023

សម្ដេចក្រឡាហោម ស ខេង សម្រេចផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ដ្រីនគរបាលរាជធានីភ្នំពេញ៣នាក់, លោក ប៊ុន សត្យា ជាស្នងការរងទទួលព្រហ្មទណ្ឌ ជំនួសលោក សុង លី

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេចផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ដ្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន៣នាក់។

ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន  ទទួលបាននៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ បានសម្រេចដូចខាងក្រោម៖

*ទី១៖ លោកឧត្តមសេនីយ៍ទោ សុង លី ពីស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ជាស្នងការរង

*ទី២៖ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ជាស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ

*ទី៣៖ លោកវរសេនីយ៍ទោ ម៉ម សាវន នាយរងការិយាល័យ ជានាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល៕


Share This
Author Image

About ww.kmmhotnews.com

លោកស្រី ឱ វណ្ណឌីន៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅតែបន្ដចាក់ជូនប្រជាពលរដ្ឋ ដែលមាននៅតាមមូលដ្ឋានសាធារណៈ ឬមន្ទីរពេទ្យរដ្ឋ

ចំនួនអ្នកទស្សនា: Views

 (ភ្នំពេញ)៖ ត្បិតតែស្ថានភាពជំងឺកូវីដ១៩ មានការធូរស្រាលច្រើន ប៉ុន្ដែការចាក់វ៉ាក់សាំងនេះ នៅតែបន្ដចាក់ជូនប្រជាពលរដ្ឋ និងមាននៅតាមមូលដ្ឋានសាធារណៈ ដូចជាមណ្ឌលសុខភាព តាមមន្ទីរពេទ្យនានានៅកម្ពុជា ឬហៅថាពេទ្យរដ្ឋ។

នេះបើតាមការគូសបញ្ជាក់របស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ក្នុងឱកាសប្រជុំបូកសរុបលទ្ធផលការងារ (គ.វ.ក-១៩) និងប្រគល់ប័ណ្ណសរសើររបស់រាជរដ្ឋាភិបាលដល់មន្ដ្រី បុគ្គលិក នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងបន្ដថា យើងបានដឹងហើយថា កន្លងមកនេះ អង្គការសុខាភិបាលពិភពលោក បានប្រកាសដោយបញ្ជាក់ថា ជំងឺកូវីដ១៩ បានឆ្លង និងកើតលើនៅសកលោកយើងរួចហើយ ប៉ុន្ដែក៏មិនទាន់ទៅណា នៅតែកើតមានទៀតនៅលើពិភពលោកនេះ ប៉ុន្ដែលែងជាក្ដីកង្វល់អន្ដរជាតិ។ តែទោះជាយ៉ាងណា អង្គការសុខភាពពិភពលោក បានផ្ដល់នូវអនុសាសន៍ដល់បណ្ដាប្រទេសជាសមាជិក ត្រូវបន្ដយកចិត្ដទុកដាក់ និងគិតគូរពីការបន្ដផ្ដល់វ៉ាក់សាំងនេះជូនប្រជាពលរដ្ឋខ្លួន នឹងទៅជាលក្ខណៈបែបជាការជាប្រចាំ ដូចជាកម្មវិធីចាក់ថ្នាំបង្ការ ខណៈដែលក្រសួងសុខាភិបាលមានស្រាប់ទៅហើយ។

«សម្រាប់គម្លាតនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បច្ចុប្បន្ននេះគឺនៅរក្សាគម្លាតពី ៦ខែ ទៅ៨ខែ ឬ១ឆ្នាំ ឬចន្លោះពី៦ខែ ទៅ១ឆ្នាំ ដែលចាក់ជាប្រចាំ ប្រហាក់ប្រហែលទៅនឹងវ៉ាក់សាំងផ្ដាសាយ ដែលចាក់មួយឆ្នាំម្ដង»។ ប៉ុន្ដែការចាក់វ៉ាក់សាំងកូវីដ១៩ គឺនៅតែឈរលើគោលការណ៍ស្ម័គ្រចិត្ដដដែល ដូច្នេះមានន័យថា នៅពេលណាដែលប្រជាពលរដ្ឋយើង គិតថាគាត់ចាក់បាន ចន្លោះពី៦ទៅ៨ខែ ហើយគាត់ស្ម័គ្រចិត្ដ អាចទៅទទួលការចាក់វ៉ាក់សាំងដូសជាបន្ដបន្ទាប់បាន»។

លោកស្រីបន្ដថា គ.វ.ក-១៩ យើងនឹងបន្ដរផ្ដល់វ៉ាក់សាំង ក៏ប៉ុន្ដែនៅឈរលើគោលការណ៍ស្ម័គ្រចិត្ដ ហើយមិនមានដាក់ចេញជាយុទ្ធនាការ ឬមិនមានដាក់ចេញជាទីតាំងចល័តទៀតទេ គឺធ្វើនៅតាមមូលដ្ឋានសាធារណៈ មានមណ្ឌលសុខភាព ឬមន្ទីរពេទ្យនានា ដែ​លមាននៅកម្ពុជា។

លោកស្រីថ្លែងទៀតថា ការចាក់វ៉ាក់សាំងនេះ ក៏ត្រូវត្រដបប្រសង ជាមួយនឹងការចាក់ថ្នាំបង្ការ ដែលកន្លងមកក្រសួងសុខាភិបាលក៏មានកម្មវិធីជាតិចាក់ថ្នាំបង្ការ ហើយបច្ចុប្បន្ននេះក៏កំពុងបន្ដការងាររបស់ខ្លូន ក្នុងការផ្ដល់ថ្នាំបង្ការដល់កុមារា កុមារី និងវ៉ាក់សាំងមួយចំនួនផ្ដល់សម្រាប់មនុស្សធំ ដូចជាថ្នាំតេតាណូសជាដើម៕

Share This
Author Image

About ww.kmmhotnews.com

សម្ដេចក្រឡាហោម ស ខេង សំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ជាង៤ពាន់នាក់

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ដ្រីរាជការស៉ីវិល មន្ដ្រីនគរបាលជាតិ និងមន្ដ្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ប្រមាណជាង៤,០០០នាក់ មុនបញ្ចប់តំណែងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅអាណត្តិទី៧នេះ។ ជំនួបនេះធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្ដរជាតិជ្រោយចង្វារ (OCIC)។

ថ្លែងក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងអំពីប្រវត្តិសាវតាមួយចំនួន នៃការបង្កើតឡើងរបស់ក្រសួងមហាផ្ទៃ ក៏ដូចជាសមិទ្ធផលសំខាន់ៗជាច្រើនទៀត ពិសេសក្នុងនីតិកាលដែលសម្ដេចបានកាន់មុខតំណែងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ប្រមាណជាង៣០ឆ្នាំមកនេះ ព្រមទាំងការធ្វើកំណែទម្រង់វិស័យរដ្ឋបាល, កំណែទម្រង់កងកម្លាំងនគរបាលជាតិ និងការងារសំខាន់មួយចំនួនទៀត។

ដើម្បីជាប្រទីបបំភ្លឺផ្លូវ សម្រាប់ថ្នាក់ដឹកនាំជំនាន់ក្រោយ មុនពេលសម្ដេចចាកចេញពីតំណែងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃនេះ, សម្ដេចក្រឡាហោម ស ខេង បានធ្វើការណែនាំនូវខ្លឹមសារមួយចំនួនដូចខាងក្រោម៖

*ទី១៖ ចាប់ពីពេលនេះ រហូតដល់រាជរដ្ឋាភិបាលថ្មី ចូលកាន់តំណែងថ្នាក់ដឹកនាំ មន្ត្រីគ្រប់ជាន់ថ្នាក់ នៃក្រសួងមហាផ្ទៃ ត្រូវខិតខំរួមគ្នាធានាស្ថិរភាពការងារគ្រប់ផ្នែក ស្របតាមតួនាទី កិច្ចនៃការទទួលខុសត្រូវរៀងខ្លួន ស្របតាមច្បាប់លិខិតបទដ្ឋាន និងទិសដៅផែនការសកម្មភាពការងារដែលបានកំណត់។

*ទី២៖ តាមការគ្រោងទុកសមាសភាពគណៈរដ្ឋមន្ត្រីថ្មី នឹងស្បថចូលកាន់តំណែងនារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ ហើយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដំបូង គ្រោងនឹងធ្វើ ឡើងនាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដើម្បីប្រកាសដាក់ចេញនូវកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដែលជារបៀបវារៈកំណែទម្រង់ដ៏មានសារៈសំខាន់ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ សម្រាប់រយៈពេល ឆ្នាំខាងមុខ។

កម្ពុជាយើងក៏ដូចជាប្រទេសប្រជាធិបតេយ្យនានា បានកាន់យកគោលការណ៍គ្រប់គ្រងប្រទេស តាមគោលការណ៍លទ្ធប្រជាធិបតេយ្យ និងការបោះឆ្នោត ដោយខិតខំរៀបចំការបោះឆ្នោតយ៉ាងទៀងទាត់ តាមអាណត្តិដែលបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់នៃប្រទេសនីមួយៗ ក្នុងនោះមន្ត្រីនយោបាយដែលជាប់ឆ្នោត ត្រូវបានរៀបចំឡើងវិញ តាមអាណត្តិនីមួយៗ ដោយផ្អែកតាមលទ្ធផល នៃការបោះឆ្នោត។ រីឯមន្ត្រីក្នុងមុខតំណែងមុខងារសាធារណៈ មិនតម្រូវឲ្យមានការតែងតាំងឡើងវិញ តាមអាណត្តិបោះឆ្នោតឡើយ ដើម្បីធានានិរន្តភាពការងារសាធារណៈគ្រប់វិស័យក្នុងសង្គម។

ហេតុនេះសម្ដេចមានជំនឿ និងក្តីសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ នឹងបន្តរួមសាមគ្គីគ្នា សហការគ្នាបន្តបំពេញ ការងារជាមួយរដ្ឋមន្ត្រីថ្មី នៃក្រសួងមហាផ្ទៃ ឲ្យសម្រេចបានសមិទ្ធផលថ្មីៗថែមទៀត ក្នុងអាណត្តិនៃរាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ។

*ទី៣៖ ដើម្បីរួមគ្នាអនុវត្តសម្រេចបាននូវបេសកកម្មការងាររបស់ក្រសួងមហាផ្ទៃ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ការងារស្នូលជាចម្បង គឺត្រូវយកចិត្តទុកដាក់ពង្រឹងស្ថាប័ន និងអភិវឌ្ឍន៍ធនធានមនុស្ស សម្រាប់ធានារ៉ាប់រងការងារទាំងក្នុងពេលចំពោះមុខ និងសម្រាប់មធ្យមទៅរយៈពេលវែង។ ការពង្រឹងស្ថាប័នត្រូវផ្ដោតជាសំខាន់ លើការកំណត់ឲ្យបានច្បាស់លាស់នូវរបៀបរបបគ្រប់គ្រង ដឹកនាំរបស់ថ្នាក់ដឹកនាំក្រសួង និងការកំណត់តួនាទីភារកិច្ច របៀបរបបធ្វើការងារ នៅតាមអគ្គនាយកដ្ឋាន នាយកដ្ឋាន ការិយាល័យ និងអង្គភាពនានាឲ្យឲ្យបានច្បាស់លាស់ដោយផ្អែកលើគោលការណ៍អភិបាលកិច្ចល្អ។

លើមូលដ្ឋាននេះ ថ្នាក់ដឹកនាំក្រសួង និងអគ្គនាយកដ្ឋាន នាយកដ្ឋាន និងអង្គភាពនានា ត្រូវរៀបចំផែនការយុទ្ធសាស្ត្ររយៈពេលមធ្យម ទៅរយៈពេលវែង អាចរយៈពេលបីឆ្នាំទៅរយៈពេលប្រាំឆ្នាំ សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំផែនការសកម្មភាពការងារប្រចាំឆ្នាំ ដោយមានការតាមដានត្រួតពិនិត្យ និងវាយតម្លៃឲ្យបានទៀងទាត់ដើម្បីជំរុញ និងលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ស្ថាប័ន។

*ទី៤៖ ការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ជាកិច្ចការស្នូលចំបងរបស់ក្រសួងមហាផ្ទៃ កន្លងមកកងកម្លាំងនគរបាលជាតិ បានខិតខំលើកកម្ពស់ការទទួលខុសត្រូវ ក្នុងការថែរក្សាការពារ សន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរ រួមទាំងសន្តិសុខ សម្រាប់កិច្ចប្រជុំ និងការរៀបចំព្រឹត្តិការណ៍នានា ដូចជាកិច្ចប្រជុំកំពូលអាស៊ាន ការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេមជាដើម។ បញ្ហាប្រឈមដែលនៅសេសសល់ស្មុគស្មាញ គឺករណីគ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសងខុសច្បាប់ ការឆបោកតាមអនឡាញ និងគ្រោះថ្នាក់ចរាចរណ៍ជាដើម។

ទន្ទឹមនេះសភាពការណ៍ពិភពលោក លោកកំពុងបន្តមានការវិវឌ្ឍប្រែប្រួលកាន់តែស្មុគស្មាញ ពិបាកប៉ាន់ស្មានបណ្ដាលមកពីការប្រកួតប្រជែង ដណ្តើមភូមិសាស្ត្រនយោបាយ យោធា សេដ្ឋកិច្ចយ៉ាងស្រួចស្រាល រវាងប្រទេសមហាអំណាចនានា ដែលស្ថានភាពនេះអាចធ្វើឲ្យសភាពការណ៍សន្តិសុខ នៅក្នុងតំបន់ និងសកលលោកមានការវិវឌ្ឍប្រែប្រួលស្មុគស្មាញផងដែរ។

ទន្ទឹមនេះ ការរីកចម្រើននៃបច្ចេកវិទ្យាសាស្ដ្រ និងបច្ចេកវិទ្យាព័ត៌មាន ឌីជីថល ក៏បង្កឱកាសឲ្យពួកឧក្រិដ្ឋជនប្រព្រឹត្តបទល្មើសកាន់តែឆាប់រហ័ស ងាយស្រួល និងមានល្បិចកាន់តែខ្ពស់ ផងដែរ។ ស្ថានភាពនេះតម្រូវឲ្យកងកម្លាំងនគរបាលជាតិ ត្រូវតែបង្កើនកិច្ចប្រតិបត្តិការ បង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសឆ្លងដែន ឲ្យកាន់តែមានភាពជិតស្និទ្ធ ជាមួយអង្គការអន្តរជាតិ និងកម្លាំងអនុវត្តច្បាប់នៃប្រទេសនានា ក្នុងតំបន់ និងពិភពលោក ដើរទន្ទឹមនឹងការពង្រឹងវិធានការផ្ទៃក្នុងក្នុងប្រទេស ការបណ្តុះបណ្តាល កសាងសមត្ថភាពមន្ត្រីនគរបាលឲ្យមានជំនាញវិជ្ជាជីវៈ ក្នុងនោះរួមទាំងជំនាញបច្ចេកវិទ្យាព័ត៌មានឌីជីថល ដើម្បីលើកកម្ពស់ថែរក្សាការពារ សន្តិសុខជាតិ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ឲ្យបានល្អប្រសើរគ្រប់កាលៈទេសៈ។

*ទី៥៖ ចំពោះកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ យើងបានខិតខំរួមគ្នាកសាងរចនាសម្ព័ន្ធប្រព័ន្ធអភិបាលកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមគោលការណ៍អភិបាលកិច្ចដែលមានការចូលរួមតាមបែបប្រជាធិបតេយ្យ និងវិមជ្ឈការ ដោយបានផ្ទេរមុខងារ និងធនធានជាបន្តបន្ទាប់ ឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរដ្ឋបាលថ្នាក់ក្រោមជាតិ ចូលរួមលើកកម្ពស់ផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបសេចក្ដីត្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗ។

កិច្ចការដែលត្រូវអនុវត្តបន្ត គឺត្រូវខិតខំណែនាំ សម្របសម្រួល ដំណើរការកំណែទម្រង់នេះ ដោយផ្អែកលើកម្មវិធីជាតិ រយៈពេល១០ឆ្នាំ ដំណាក់កាលទី២ ២០២៣-២០៣០ ដើម្បីប្រែក្លាយរដ្ឋបាលថ្នាក់ក្រោមជាតិ ជារដ្ឋបាលដ៏មានសក្ដានុពល ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យឈានឆ្ពោះទៅសម្រេចបានគោលដៅ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នាឆ្នាំ២០៣០ខាងមុខនេះ។

*ទី៦៖ ចំពោះការងារដ៏ទៃទៀត ដែលស្ថិតក្រោមសមត្ថកិច្ច និងការទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ ក៏យើងបានរួមគ្នារៀបចំរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងច្បាប់លិខិត បទដ្ឋានជាគន្លឹះនានា សម្រាប់អនុវត្តរួចហើយ។ ហេតុនេះ កិច្ចការបន្ដត្រូវខិតខំពង្រឹងការទទួលខុសត្រូវរួមគ្នា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការអនុវត្ត ស្របតាមការអភិវឌ្ឍរីកចម្រើនរបស់សង្គម និងតម្រូវរបស់ប្រជាពលរដ្ឋ និងស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

*ទី៧៖ ចំពោះអគារថ្មី នៃទីស្ដីការក្រសួងមហាផ្ទៃ ត្រូវបានសាងសង់ជិតរួចរាល់ជាស្ថាពរ ដែលមកទល់ពេលនេះថ្នាក់ដឹកនាំ មន្ដ្រីរាជការ តាមអគ្គនាយកដ្ឋាននានា ក៏បានចូលទៅបំពេញការងារជាបន្ដបន្ទាប់បានមួយចំនួនធំរួចមកហើយ។ ខ្ញុំចាត់ទុកថា អគារថ្មីនេះ ជាសមិទ្ធផល ជាស្នាដៃរួមរបស់យើងទាំងអស់គ្នាជាថ្នាក់ដឹកនាំ មន្ដ្រីនៃក្រសួងមហាផ្ទៃជំនាន់នេះ ហើយខ្ញុំសង្ឃឹមទុកជាមុនថា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នឹងចូលរួមគ្រប់គ្រងថែរក្សា ថែទាំនូវអគារថ្មីនេះ សម្រាប់បំពេញការងារដ៏យូរអង្វែងរាប់ជំនាន់ទៅមុខទៀត ដើម្បីជាផលប្រយោជន៍ជាតិ និងប្រជាជនរបស់យើង។

ជាមួយគ្នានេះ សម្ដេចក្រឡហោម ស ខេង បានផ្ដល់នូវក្ដីសង្ឃឹមយ៉ាងមុតមាំលើកការប្ដេជ្ញាចិត្ត និងការគាំទ្រ និងការចូលរួមរបស់ថ្នាក់ដឹកនាំ មន្ដ្រីរាជការទាំងអស់ ក្នុងការបន្ដបំពេញការងាររួមគ្នាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីដឹកនាំបំពេញការងាររបស់ក្រសួងមហាផ្ទៃ ប្រកបដោយប្រសិទ្ធភាពខ្ពស់ សម្ដៅបម្រើផលប្រយោជន៍ដ៏ឧដុង្គឧត្តមរបស់ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា៕

Share This
Author Image

About ww.kmmhotnews.com

August 17, 2023

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ចាត់តំណាងចុះសួរសុខទុក្ខ និងចំណាយលើការព្យាបាលជំងឺទាំងអស់ជូនលោកគ្រូតាគុនល្បុក្កតោខ្មែរ ស៊ាន គឹមសៀន

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ដាំ ដារីនី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានផ្នែកសិល្បះ និងកីឡា នៃយុវជនគណបក្សថ្នាក់កណ្តាល នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ តំណាងឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោធីតា (TYDA) ចុះសួរសុខទុក្ខ ព្រមទាំងនាំអំណោយ ថវិកា១០លានរៀល និងចំណាយលើការព្យាបាលទាំងអស់លោកគ្រូតាគុនល្បុក្កតោខ្មែរ ស៊ាន គឹមសៀន ដែលកំពុងសម្រាកព្យាបាលជំងឺនៅឯមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន (ព្រះកុសម:)។

នាឱកាសនោះ លោកជំទាវបណ្ឌិត ដាំ ដារីនី ក៏បានពាំនាំការសាកសួរសុខទុក្ខ សេចក្តីនឹករលឹក ការយកចិត្តទុកដាក់បំផុតពី ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមជួយបីបាច់រក្សាជូនលោកគ្រូព្រឹទ្ធាចារ្យ ស៊ាន គឹមសៀន ឱ្យមានជន្មាយុយឺនយូរ ឆាប់ជាសះស្បើយ និងមានសុខភាពល្អប្រសើរឡើងវិញដើម្បីបន្តស្នាដៃជូនកូនចៅជំនាន់ក្រោយ។

លោកគ្រូព្រឹទ្ធាចារ្យ ស៊ាន គឹមសៀន គឺជាស្ថាបនិកគុនល្បុក្កតោ ដែលបានធ្វើឱ្យគុនល្បុក្កតោរស់ឡើងវិញ និងមានការរីកចម្រើន។ តាមរយៈការជ្រោមជ្រែងពីលោកគ្រូ អ្នកគ្រូ និងថ្នាក់ដឹកនាំជាច្រើនទៀត អង្គការយូណេស្កូបានអនុម័តយល់ព្រមចុះគុនល្បុក្កតោ ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបាត ព្រះរាជាណាចក្រម៉ារុក។ លោកគ្រូព្រឹទ្ធាចារ្យ បានធ្លាក់ខ្លួនឈឺចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ បច្ចុប្បន្ននេះ គាត់បានធូរស្រាលគ្រាន់បើ និងចេញពីបន្ទប់សង្គ្រោះបន្ទាន់ហើយ។

នាឱកាសនោះលោកគ្រូព្រឹទ្ធាចារ្យ ស៊ាន គឹមសៀន និងក្រុមគ្រួសារ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងបុត្រា បុត្រី ជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមជូនពរ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន  ម៉ាណែត ជានាយករដ្ឋមន្រ្ដីនៃកម្ពុជា នីតិកាលទី ៧នៃរដ្ឋសភា បន្ដដឹកនាំព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់សុខសន្តិភាព វឌ្ឍនភាព និងភាពសម្បូរសប្បាយរុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ៕

Share This
Author Image

About ww.kmmhotnews.com