(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា រាជរដ្ឋាភិបាលមានមហិច្ឆតា ក្នុងការកែទម្រង់វិស័យកសិកម្មកម្ពុជាឱ្យវិវត្តឈានឡើងកាន់តែប្រសើរ ដើម្បីធានាស្ថិរភាពស្បៀងនៅក្នុងប្រទេស និងជំរុញការនាំចេញផលិតផលកសិកម្ម ទៅកាន់ទីផ្សារអន្តរជាតិ។
ការថ្លែងរបស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ធ្វើឡើងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តនូវ «នីតិវិធីរួមសម្រាប់ប្រព័ន្ធស្បៀងបម្រុងកម្ពុជា» ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសូហ្វីតែល។
ទន្ទឹមគ្នានេះអគ្គបណ្ឌិតសភាចារ្យ បានជំរុញដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ ត្រូវណែនាំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់ប្រជាកសិករ អំពីវិធី និងរបៀបធ្វើស្រែប្រកបដោយភាពឆ្លាតវៃ តាមរយៈការប្រើប្រាស់សក្តានុពលទឹក ដែលមានស្រាប់នៅតាមទីតាំងនីមួយៗ, ការប្រើពូជស្រូវ ឱ្យត្រូវតាមទីតាំង និងពេលប្រមូលផល និងការស្រាវជ្រាវ និងការផ្សព្វផ្សាយ អំពីពូជស្រូវធន់នឹងអាកាសធាតុ និងដាំបានគ្រប់រដូវជាដើម ។
អគ្គបណ្ឌិតសភាចារ្យបន្ថែមថា ខណៈកម្ពុជា គឺជាប្រទេសសំបូរប្រភពទឹកពីធម្មជាតិ និងមានបណ្តាញធារាសាស្ត្រច្រើនខ្វាត់ខ្វែង រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គភាពពាក់ព័ន្ធ ត្រូវបន្តចាត់វិធានការចាំបាច់នានា ដើម្បីថែរក្សា និងស្តុកទឹកឱ្យបានច្រើនជាអតិបរមា ទុកសម្រាប់ប្រជាកសិករ ធ្វើស្រែចំការ ពោលគឺត្រូវប្រើប្រាស់សក្តានុពលនៃប្រភពទឹក នៅតាមមូលដ្ឋានឱ្យអស់ពីលទ្ធភាព។
ពាក់ព័ន្ធនឹងការផលិតពូជស្រូវ លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានលើកឡើងថា ជារៀងរាល់ឆ្នាំក្រសួងកសិកម្ម មានផែនការផលិតពូជស្រូវប្រមាណ ២ពាន់តោន តាមរយៈការធ្វើកិច្ចសន្យាផលិតគ្រាប់ពូជ ជាមួយសហគមន៍កសិករ។ ចំពោះការផលិតពូជស្រូវ មានការប្រែប្រួលទៅតាមតម្រូវការរបស់កសិករ ដែលកន្លងមកមានការផលិតទាំងពូជស្រូវផ្ការំដួល ស្រូវសែនក្រអូប អ៊ីអ៊ែរ៦៦ ខា១៥ និងប្រភេទពូជអូអឹម ជាពូជដែលមានតម្រូវការខ្ពស់ និងពូជដែលទើបបញ្ចេញថ្មីៗនេះ គឺពូជកង្រី ដែលមានអាយុកាលដាំដុះខ្លីជាងគេ ក្នុងចំណោមពូជទាំងអស់នៅកម្ពុជា។
លោកបន្ថែមថា «បើទោះបីយើងជាមានបញ្ហាផ្នែកផលិតកម្មពូជខ្លះ ក៏យើងនៅមានតែមានលទ្ធភាពផលិតគ្រាប់ពូជដំណាំ ប្រកបដោយគុណភាពគ្រប់គ្រាន់ ទៅតាមផែនការដែលបានគ្រោងទុក»។
លោកបន្តថា កន្លងមកក្រសួងតែងតែចាត់ការបានទាន់ពេលវេលា ក្នុងមួយរយៈពេលខ្លី ក្នុងការផ្តល់ពូជដល់កសិករ នៅពេលដែលមានគ្រោះមហន្តរាយផ្សេងៗ ដើម្បីលើកកម្ពស់ការផលិតស្រូវនៅកម្ពុជា៕
0 comments:
Post a Comment