តាមរយៈកម្មវិធីនេះបានផ្តល់ជាឱកាសសម្រាប់សិស្សានុសិស្សទាំងអស់ ដែលកំពុងសិក្សានៅថ្នាក់មធ្យមសិក្សាសាធារណៈ និងឯកជន ដើម្បីបង្ហាញពីការងារ និងសមត្ថភាព ឬជំនាញរបស់ខ្លួន ជាសាធារណៈលើភាពវៃឆ្លាត (ingenuity) ភាពច្នៃប្រឌិត (creativity) គុណប្រយោជន៍សំរាប់ប្រើប្រាស់ (utility) រូបរាង សណ្ឋាន ឬទម្រង់ (form) និងការបង្កើតមុខងារ (function)។
លើកឡើងក្នុងពិធីប្រគល់មេដាយសម្រាប់ការប្រកួតការឌីហ្សាញផលិតផលមេកាត្រូនិចនារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ លោកបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា តាមរយៈកម្មវិធីនេះបានផ្តល់ឱកាសយ៉ាងធំធេងដល់សិស្សានុសិស្ស និងជួយដល់សិស្សានុសិស្សដូចជា ជួយឱ្យសិស្សានុសិស្សបានទទួលនូវបទពិសោធន៍ថ្មីពីការរៀន និងការសម្សាន្ត, សិស្សានុសិស្សបានចូលរួមបែបថ្មី ជាការរៀនដោយការគិតពិចារណា ដើម្បីដោះស្រាយបញ្ហា រៀនដោះស្រាយជាក្រុម។
លោកបណ្ឌិត សាន វឌ្ឍនា បានបន្ថែមដែរថា តាមរយៈកម្មវិធីនេះដែរ សិស្សានុសិស្សក៏អាចបានជួបប្រាស្រ័យទាក់ទងជាមួយនឹងការតម្រង់ទិស ការបង្វឹកពីបណ្តាអ្នកជំនាញដែលមានបទពិសោធន៍ជាច្រើន ដែលទាំងនេះជាការបន្ថែមពីលើការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងតាមសាលារៀន ក៏ដូចជាការបង្វឹកដល់ខ្លួនឯងក្នុងរៀននៅក្នុងថ្នាក់រៀនផង និងនៅខាងក្រៅថ្នាក់រៀនផងដែរ ដើម្បីបង្ហាញនូវគំនិតឆ្នៃប្រឌិតថ្មី និងចេះមើលឃើញពីបញ្ហានៅក្នុងសង្គម និងចេះរកដំណោះស្រាយដើម្បីដោះស្រាយបញ្ហាទាំងនេះ។
សូមបញ្ជាក់ដែរថា ការចូលរួមរបស់សិស្សានុសិស្សពីគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជនទាំងអស់នេះ ដើម្បីបានបញ្ចេញស្នាដៃនិងសមត្ថភាពរបស់ខ្លួនទៅលើ ភាពច្នៃប្រឌិតលើការរចនាផលិតផលមេកាត្រូនិចកម្រិតមធ្យមសិក្សា បានទទួលនូវអត្ថប្រយោជន៍ដូចជា៖ ទទួលបានថវិកាគាំទ្រសម្រាប់ធ្វើការផលិតស្នាដៃការរចនាផលិតផលមេកាត្រូនិច, ក្រុមជ័យលាភីតែមួយគត់ដែលមានស្នាដៃល្អបំផុតនឹងទទួលបានវត្ថុអនុស្សាវរីយ៍ ថវិកាលើកទឹកចិត្ត និងវិញ្ញាបនបត្របញ្ជាក់ការចូលរួម, ក្រុមដែលទទួលបានជ័យលាភីនឹងទទួលបានការបណ្ដុះបណ្ដាលបន្ថែមពីសំណាក់វិស្វករជំនាញដើម្បីបង្កើតជាស្នាដៃគំរូពេញលេញ, ចំពោះស្នាដៃផលិតផលមេកាត្រូនិចដែលទទួលបានជ័យលាភីនឹងត្រូវទទួលបានការផ្សព្វផ្សាយ និងការតាំងបង្ហាញជាសាធារណៈ។
គួរជម្រាបដែរ សិស្សានុសិស្សដែលបានចូលរួមក្នុងការប្រកួតនេះ បានទៅលើក្រុមលេខ១ បានទៅលើក្រុម M4TB, លេខ២ បានទៅលើក្រុម Builder Max, លេខ៣ បានទៅលើក្រុម ក្រុមយុរវជនថ្នាក់ទៅ១២, លេខ៤ បានទៅលើក្រុម Teen-Bot និងលេខ៥ បានទៅលើក្រុម ក្រុមបន្ទាយមានជ័យ៕
0 comments:
Post a Comment