(ខេត្តកែប) របងថ្មរឹងមាំដែលក្រុមអ្នកមានលុយនិងមានអំណាចសាងសង់ចូលឆ្នេរសមុទ្រចំនួន២ទីតាំង ដោយទីតាំងទី ១ ដែលស្ថិតនៅចំណុចជើងភ្នំបារាំងភូមិអង្កោលឃុំអង្កោលស្រុកដំណាក់ចង្អើរនិងទីតាំងទី២ដែលសាងសង់នៅក្បែរនោះប្រហែលជាមួយគីឡូម៉ែត្រដែលស្ថិតនៅភូមិអង្កោលឃុំអង្កោលស្រុកដំណាក់ចង្អើរខេត្តកែប។នៅតែឈរលាតសន្ធឹងយ៉ាងសង្ហាខណៈពេលរបងថ្មដែលគេបានសាងសង់នៅឆ្នេរអូរឈើទាលខេត្តព្រះសីហនុត្រូវបានប្រមុខរដ្ឋាភិបាលសម្រេចលុបចោលហើយនឹងត្រូវបានវាយកំទេចរបងនោះចេញកាលពីថ្ងៃទី ៨ ខែកុម្ភៈឆ្នាំ ២០២៣នាពេលកន្លងទៅថ្មីៗនេះក្រោយពីមានការរិះគន់ពីមហាជន។
ក្រុមអ្នកតាមដានសង្គមបានលើកឡើងថាករណីខេត្តព្រះសីហនុនិងករណីនៅខេត្តកែបវាជាករណីរឿងធ្វើរបងរំលោភចូលឆ្នេរសមុទ្រដែលមានទំហំប្រហាក់ប្រហែលគ្នា តើហេតុអ្វីបានជាមានវាសនាខុសគ្នាយ៉ាងដូច្នេះឬមួយនៅប្រទេសកម្ពុជាមានស្តង់ដាច្បាប់ពីខុសគ្នា។
នៅព្រឹកថ្ងៃទី ១៣ ខែកុម្ភៈឆ្នាំ ២០២៣ ក្រុមអ្នកសារព័ត៌មានម្លប់សន្តិភាពយើងបានចុះទៅថតផ្ដិតយករូបភាពផ្ទាល់នៅទីតាំងចំណុចជើងភ្នំបារាំងដែលស្ថិតនៅភូមិឃុំខាងលើដើម្បីថតផ្ដិតយករូបភាព។នៅសំណង់របងថ្មដែលសាងសង់រំលោភចូលឆ្នេរសមុទ្រជាក់ស្ដែងគេឃើញរបងថ្មដែលសាងសង់ចូលសមុទ្រនោះនៅតែអាចឈរបង្ហាញខ្លួននៅឆ្នេរសមុទ្រយ៉ាងគក្លើន សូមបញ្ជាក់ថារបងរឹងមាំដែលសាងសង់ចូលឆ្នេរសមុទ្រនេះមិនមែនទើបតែនឹងសាងសង់នោះទេគឺគេបានសាងសង់តាំងពីអំឡុងឆ្នាំ ២០២២ មកម្ល៉េះហើយអង្គភាពសារព័ត៌មានម្លប់សន្តិភាពយើងធ្លាប់បានចុះផ្សាយចំនួន ៤ លេខមកហើយ ក្នុងរដ្ឋបាលអ្នកស្រីគឹមចន្នីនៅជាអភិបាលស្រុកដំណាក់ចង្អើរនៅឡើយ អ្នកស្រីធ្លាប់បំភ្លឺថាទីតាំងនោះអ្នកស្រីនឹងចុះធ្វើរដ្ឋបាលដើម្បីវាស់វែងឲ្យច្បាស់ចំពោះប្លង់ដែលកាន់កាប់តែមកដល់ឆ្នាំ ២០២៣ ទៅហើយយើងនៅមិនទាន់ឃើញចំណាត់ការណាមួយពីអាជ្ញាធរនៅឡើយទេ។
ប្រភពពលរដ្ឋដែលរស់នៅខេត្តកែបបានបង្ហើបថាទីតាំងសំណង់របងរឹងមាំដែលសាងសង់ចូលឆ្នេរសមុទ្រនោះទីតាំងទីមួយគឺជាប់នឹងជើងភ្នំបារាំងគេពុំស្គាល់ថាម្ចាស់ជានរណាឡើយតែគេគ្រាន់តែដឹងថាមានបុរសម្នាក់ឈ្មោះវីរៈចាំរត់ការរឿងនោះរីឯទីតាំងទី ២ ដែលនៅឆ្ងាយពីគ្នាប្រហែលមួយគីឡូម៉ែត្រនោះគេល្បីថាម្ចាស់ទីតាំងឈ្មោះកែវបេងវឌ្ឍន៍ដែលជាមន្ត្រីជាន់ខ្ពស់បម្រើការនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសាស្ត្រខេត្តកែប សូមស្នើទៅថ្នាក់ដឹកនាំក្រសួងស្ថាប័នដែលពាក់ព័ន្ធក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសសម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល ដែលសម្តេចតែងតែយកចិត្តទុកដាក់និងខិតខំកសាងប្រទេសជាតិឥតឈប់ឈរ ឲ្យមានការរីកចម្រើននិងមានសន្តិភាពពេញលេញមកដល់ថ្ងៃនេះ មេត្តាជួយពិនិត្យមើលទីតាំងសំណង់សាងសង់របងថ្មរឹងមាំដែលមានភាពមិនប្រក្រតី ដែលរំលោភចូលឆ្នេរសមុទ្រនៅភូមិសាស្ត្រជើងភ្នំបារាំងចំនួន២ទីតាំងនៅកម្លាតពីគ្នាប្រហែលមួយគីឡូម៉ែត្រ។ដែលស្ថិតនៅភូមិអង្កោលឃុំអង្កោលស្រុកដំណាក់ចង្អើរខេត្តកែបផងទាន!ដើម្បីយកមកវិញទុកជាសម្បត្តិរដ្ឋសាធារណៈជាប្រយោជន៍ជូនប្រជាពលរដ្ឋទូទាំងប្រទេសផងដែរ។
ជុំវិញករណីសាងសង់សំណង់ថ្មរឹងមាំរំលោភចូលឆ្នេរសមុទ្រនៅស្រុកដំណាក់ចង្អើលខេត្តកែប លោកឆាងឆៃអភិបាលនៃគណៈអភិបាលស្រុកដំណាក់ចង្អើលទើបមកកាន់តំណែងថ្មីបានឲ្យដឹងនាពេលកន្លងទៅថាទីតាំងសំណង់រឹងមាំចំនួន២ទីតាំងខាងលើគឺគេមានច្បាប់និងប្លង់ត្រឹមត្រូវ។
ចំណែកឯកឧត្តមសោមពិសិដ្ឋអភិបាលនៃគណៈអភិបាលខេត្តកែប ក្រុមការងារយើងបានធ្វើការទាក់ទងតាមប្រព័ន្ធតេឡេក្រាមដើម្បីស្រាយបំភ្លឺជុំវិញករណីខាងលើតែរហូតមកដល់ថ្ងៃទី ១៧ ខែកុម្ភៈឆ្នាំ ២០២៣ ទៅហើយ នៅតែមិនទាន់មានការឆ្លើយតបនិងមានសេចក្តីអត្ថាធិប្បាយណាមួយជុំវិញរឿងនេះនៅឡើយទេ។តែយ៉ាងណាក៏ដោយក្រុមការងារអ្នកសារព័ត៌មានយើងនឹងរងចាំការបកស្រាយបំភ្លឺជុំវិញភាគីពាក់ព័ន្ធទាំងអស់ដើម្បីបំភ្លឺក្នុងរឿងនេះរាល់ម៉ោងធ្វើការស្របតាមរបបស្ដីពីសារព័ត៌មាន៕
0 comments:
Post a Comment