- (ភ្នំពេញ)៖ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អ និងមានអនាម័យ បរិស្ថានស្អាត នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ តបតាមការណែនាំចង្អុលបង្ហាញរបស់លោក ជា ខេមា អភិបាលខណ្ឌដូនពេញ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដឹកនាំដោយលោក ចាប ឌីណា អភិបាលរងខណ្ឌ បានបន្តចុះរៀបចំសណ្តាប់តាមបណ្តោយផ្លូវសំខាន់ៗ និងបានធ្វើការបាញ់លាងសម្អាតនៅជុំវិញបរិវេណចំណតផ្សារធំថ្មី។
បន្ទាប់ពីនោះ នៅល្ងាចថ្ងៃដដែលកម្លាំងសណ្តាប់ធ្នាប់រដ្ឋបាលខណ្ឌបានបន្តចុះរៀបចំសណ្តាប់បន្ថែមនៅតាមបណ្តោយផ្លូវលេខ៥, លេខ១៣, លេខ១១០, លេខ១១៨, លេខ១៣០, លេខ១៣៦ ដែលកន្លងមករដ្ឋបាលខណ្ឌបានចេញសេចក្តីជូនដំណឹងស្តីពី ការចុះរៀបចំសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ រួចមកហើយ។
ការងារសណ្តាប់ធ្នាប់ជាការងារស្មុគស្មាញសម្រាប់អាជ្ញាធរមូលដ្ឋានតែបើទោះបីជាយ៉ាងណាក៏ដោយក៏អាជ្ញាធរខណ្ឌដូនពេញនៅតែបន្តអនុវត្តឲ្យបានដូចភ្លៀងរលឹមក្នុងគោលបំណងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ក៏ដូចជាភ្ញៀវជាតិនិងអន្តរជាតិមកកម្សាន្តនៅក្នុងមូលដ្ឋានខណ្ឌដូនពេញ។
ព្រោះខណ្ឌដូនពេញជាទីប្រជុំជនដែលមានតំបន់ប្រវត្តិសាស្ត្រតំបន់ទេសចរណ៍សំខាន់ៗមានជាអាទិ៍៖ រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំព្រះបរមរាជវាំង វិមានឯករាជ្យ សារមន្ទីរជាតិជាដើម។ ដូច្នេះការរៀបចំសណ្តាប់ធ្នាប់គឺជារឿងសំខាន់ចាំបាច់បំផុតហើយ ក៏មិនអាចខ្វះការចូលរួមសហការពីបងប្អូនប្រជាពលរដ្ឋនោះឡើយ។
ក្នុងនាមអាជ្ញាធរមូលដ្ឋានបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានចូលរួមសហការល្អជាមួយអាជ្ញាធរក្នុងការវេចខ្ចប់សំរាមការបញ្ចេញសំរាមតាមកាលបរិច្ឆេទត្រឹមត្រូវតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធររដ្ឋបាលខណ្ឌ៕
0 comments:
Post a Comment