ខេត្តបន្ទាយមានជ័យ ខេត្តព្រៃវែង នៃ ព្រះរាជាណាចក្រកម្ពុជា និងខេត្តដុងថាប់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានបន្តពង្រីក ពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ លើច្រើនវិស័យ សំដៅបម្រីផលប្រយោជន៍នៃភាគីទាំងពីរ ។
យោងតាមភាគីទាំងពីរ បានឱ្យដឹងកាលពីថ្ងៃទី២០ ខែមករាថាៈ គណៈប្រតិភូ រដ្ឋបាល ខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក អ៊ុំ រាត្រី អភិបាលខេត្ត និងគណៈប្រតិភូរដ្ឋបាលខេត្តព្រៃវែង ដឹកនាំដោយលោក ជា សុមេធី អភិបាលខេត្ត បានអញ្ជើញជួបប្រជុំជាមួយ លោក ផាម ធៀវ ងា (Pham Thiev Gnia) អនុលេខាបក្សកុម្មុយនីស្តវៀតណាមខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជន ខេត្តដុងថាប់ លោក គៀវ ឆេឡឹម អនុប្រធានក្រុមប្រឹក្សាខេត្តដុងថាប់ ដើម្បីពង្រឹង ទំនាក់ទំនង មិត្តភាព ភាតរភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងខេត្តទាំងបី នៃភាគីទាំងពីរ ។
បន្ថែមលើនោះ គឺក្នុងគោលបំណងជូនពរដល់ថ្នាក់ដឹកនាំបក្សខេត្ត ក្រុមប្រឹក្សាខេត្ត គណៈកម្មាធិការប្រជាជន ព្រមទាំងកម្មាភិបាល កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តដុងថាប់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ។
លោក ផាម ធៀវ ងា (Pham Thiev Gnia) អនុលេខាបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជន ខេត្តដុងថាប់ បានមានប្រសាសន៍ ថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់ ខេត្តបន្ទាយមានជ័យ និងខេត្តព្រៃវែង ដែលបានដឹកនាំប្រតិភូ ទៅជូនពរដល់ថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនខេត្តដុងថាប់ ដល់ផ្ទះ នាឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំថោះ តាមចន្ទគតិ ពស២៥៦៥ គស២០២៣ នេះ ។
លោក ផាម ធៀវ ងា បានបន្តថាៈ ក្នុងជំនួបកិច្ចពិភាក្សា និងលាងសាយភោជន៍ ដ៏រីករាយនាឆ្នាំនេះ ចំពេលដែលប្រទេសយើងទាំងពីរ អបអរសាទរយ៉ាងក្លៀវក្លា ខួបទី៥៥ ឆ្នាំ នៃចំណងការទូត និងកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ និយាយរួម និងនិយាយដោយឡែក រវាងខេត្តដុងថាប់ និងខេត្តបន្ទាយមានជ័យ និង ខេត្តព្រៃវែង ដែលជាខេត្តសម្ព័ន្ធមេត្រីភាព បានសម្រេចដូចបំណងនូវផ្លែផ្កា នៃទំនាក់ទំនង កិច្ចសហប្រតិបត្តិការ លើច្រើនវិស័យ ដូចជាទំនាក់ទំនងអន្តរជាតិ និងអ្នកជិតខាងល្អ ការពារជាតិ មហាផ្ទៃ កសិកម្ម ការដាំដុះ និងវារីវប្បកម្ម ពាណិជ្ជកម្ម ការវិនិយោគ និងធុរកិច្ច សាធារណការ និងដឹកជញ្ជូន ថាមពល ឧស្សាហកម្ម សិប្បកម្ម វិទ្យាសាស្ត្រ អប់រំ កីឡា បណ្តុះបណ្តាលធនធានមនុស្ស វប្បធម៌និងសាសនា ទេសចរណ៍ ជាដើម ។
ក្នុងនោះដែរ ទំហំពាណិជ្ជកម្ម រវាងខេត្តដុងថាប់ ជាមួយខេត្តព្រៃវែង និងខេត្តនានា តាមផ្លូវទឹក តាមច្រកព្រំដែនអន្តរជាតិ យិនបា-បន្ទាយចក្រី និងច្រកតំបន់ផ្សេងទៀត បានទឹកប្រាក់ជិតពាន់លានដុល្លារអាមេរិក ក្នុង១ឆ្នាំៗ ។
ទន្ទឹមនឹងនោះ កងទ័ពប្រជាជនវៀតណាមខេត្ត ក៏បានផ្តល់ការឧបត្ថម្ភដល់ភាគី ខេត្តមិត្ត (បន្ទាយមានជ័យ ពោធិសាត់ និង ព្រៃវែង)នូវអគារសិក្សា អគារ ហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់សម្ភារៈ ដល់សាលារៀន និងមូលដ្ឋានកងយោធពល ខេមរភូមិន្ទ, បានផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជា រាប់រយនាក់ លើជំនាញសុខាភិបាល និងជំនាញនានា នៃវិស័យកសិកម្ម ។ល។
លោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោក អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ បានថ្លែងថាៈ បន្ទាប់ពីអាក់ខានផ្លាស់ប្តូរដំណើរទស្សនកិច្ច ដោយផ្ទាល់ អស់ពេលពីរឆ្នាំ ពេលនេះ ភាគីទាំងពីរ អាចអនុវត្តបានឡើងវិញ ព្រោះប្រទេសយើងទាំងពីរ បានដោះស្រាយវិបត្តិសាកល នៃការឆ្លងរាលដាល ជំងឺកូវីដ១៩ ឈានទៅបើកប្រទេស និងបើកព្រំដែនពេញលេញឡើងវិញ ដើម្បីស្តារសេដ្ឋកិច្ច សង្គមកិច្ច ។ នេះជាលទ្ធផលដ៏ល្អ ចាំងចែង នៃនយោបាយ គ្រប់គ្រងជំងឺកូវីដ ១៩ របស់រដ្ឋាភិបាល នៃប្រទេសទាំងពីរ និងការចាក់វ៉ាក់សាំង បង្ការជំងឺនេះ ដល់ប្រជាពលរដ្ឋ។
លោកបានរំលឹកពីចំណងស្មារតី នៃមិត្តភាព សាមគ្គីភាព ភាតរភាពអន្តរជាតិអធន ដែលបក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាម កម្ពុជា បានប្រកៀកស្មាប្រយុទ្ធ ប្រឆាំងសត្រូវរួម ជួយគ្នាគ្រប់កាលៈទេសៈ លំបាកនិងងាយស្រួល ដោយរក្សាបាន នូវការគោរពផលប្រយោជន៍ អធិបតេយ្យភាព ឯករាជ្យគ្នា ទៅវិញទៅមក។
ទន្ទឹមនឹងការប្តេជ្ញាពង្រឹង ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដោយបន្តពូនជ្រុំ ចំណងមិត្តភាព ភាតរភាព សាមគ្គីភាព ជាប្រពៃណី ជាបងប្អូន រវាងខេត្តទាំង៣ ដូចដែលមានចែងក្នុងស្មារតីខ្លឹមសារ នៃអនុស្សរណៈនៃការយោគ យល់គ្នា (MOU) ដែលបានចុះហត្ថលេខា កន្លងមក លោក ជា សុមេធី និងលោក អ៊ុំ រាត្រី បានស្នើថា ភាគីទាំងពីរ នឹងរៀបចំសេចក្ដីព្រាងកែសម្រួល ខ្លឹមសារអនុស្សរណៈនៃការយោគយល់គ្នានេះ ហើយថ្នាក់ដឹកនាំ និងមន្ត្រី កម្មាភិបាលនៃភាគីទាំងពីរ នឹងរកពេលវេលាសមស្រប ដើម្បីប្រជុំពិភាក្សា និងចុះហត្ថលេខា ដើម្បីខេត្តចំណងមេត្រីភាពទាំងនេះ បន្តរយៈពេល ៥ ឆ្នាំទៀត ពោលគឺ បន្ទាប់ពី MOU លើកទី១ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១១ និង លើកទី២ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ដែលផុតសុពលភាព កន្លងមក៕
0 comments:
Post a Comment