លោកថ្លែងបែបនេះនាឱកាសអនុញ្ញាតជូនលោក Pedro ZWAHLEN ឯកអគ្គរដ្ឋទូតស្វីស និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារផ្សេងៗ នារសៀលថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣។
លោកឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធស្វីស តាមរយៈការិយាល័យទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC) ដែលបានរួមចំណែកគាំទ្រដល់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា រួមទាំងជំនួយលើវិស័យផ្សេងៗទៀត ដូចជា ការងារពង្រឹងគណនេយ្យភាពសង្គម ការងារបោសសម្អាតមីន ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន បម្រែបម្រួលអាកាសធាតុ និងការជួយគាំទ្រផ្នែកសេវាសុខភាពសាធារណៈនៅមន្ទីរពេទ្យគន្ធបុប្ផា។
លោក Pedro ZWAHLEN ឯកអគ្គរដ្ឋទូតស្វីស បានជម្រាបអំពីគម្រោងរបស់រដ្ឋាភិបាលស្វីសដែលកំពុងតែអនុវត្តជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងក្របខណ្ឌតំបន់មេគង្គឆ្នាំ២០២២-២០២៥ ដែលមានលក្ខណពហុវិស័យចំនួនបីរួមមាន អភិបាលកិច្ចល្អ និងការចូលរួមរបស់ប្រជាពលរដ្ឋ ការគ្រប់គ្រងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន។
ឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានយកឱកាសសម្ដែងការអបអរសាទរ ចំពោះថ្ងៃខួបអនុស្សាវរីយ៍លើកទី៦០នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធស្វីស កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ។ លោកបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាពលរដ្ឋស្វីស ដែលតែងតែជួយគាំទ្រដល់កម្ពុជាក្នុងចំណងទាក់ទងជាមិត្តភាពដ៏ស្និទ្ធស្នាល និងភាពជាដៃគូដ៏យូរអង្វែងលើវិស័យផ្សេងៗ ដោយបាននាំមកនូវការរួមចំណែកដល់ការអភិវឌ្ឍរបស់កម្ពុជា។
លោកឯកអគ្គរដ្ឋទូតស្វីសបានឯកភាពចំពោះការវាយតម្លៃរបស់ឧបនាយករដ្ឋមន្ត្រី ស សុខា លើទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរកម្ពុជា-ស្វីស៕
0 comments:
Post a Comment