(កណ្តាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងអបអរសាទរ ជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិអន្លុងស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ដែលទទួលបាននូវវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងផ្ដាំផ្ញើរដល់គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការផ្ដល់សេវា និងសម្រួលដល់ប្រជាពលរដ្ឋឱ្យឆាប់ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានទាន់ពេលវេលា និងមិនត្រូវបង្កភាពស្មុគស្មាញដល់ប្រជាពលរដ្ឋឡើយ។
លោកអភិបាលខេត្តកណ្ដាល បានសំដែងនូវការអបអរសាទរនេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២,៤៦៩ប័ណ្ណ ជូនប្រជាពលរដ្ឋ ក្នុងភូមិអន្លុងស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ នៅបរិវេណវត្តអន្លុងស្លែង។
លោអភិបាលខេត្តបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ជកោណ-ដំណាក់កាលទី១ ដើម្បីកំណើនការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបន្តផ្តោតជាសំខាន់លើ «ប្រសិទ្ធភាពសមិទ្ធកម្ម» តាមរយៈការអនុវត្តអភិក្រម ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និងវះកាត់ ។ បន្ថែមពីនេះរាជរដ្ឋាភិបាល បានឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស និងផ្នែកច្បាប់ក្នុងដំណើរការចុះបញ្ជីដីធ្លី នៅក្នុងភូមិសាស្ត្រខេត្តរបស់យើងឱ្យមានភាពកាន់តែល្អប្រសើរឡើងបន្ថែមទៀត សម្រាប់ការផ្តល់បណ្ណកម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់ដីទាំងឡាយ ដែលបានបំពេញគ្រប់លក្ខខណ្ឌ និងបទដ្ឋានបច្ចេកទេសស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន។
ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលទទួលបានប្លង់រឹងបានសំដែងការសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតដល់លោកអភិបាលខេត្ត និងលោកប្រធានមន្ទីរដែនដី ដែលបានយកចិត្តទុកដាក់ជួយ និងខិតខំបំពេញការងារធ្វើប្លង់រឹងជូនពួកគាត់៕
0 comments:
Post a Comment