(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់លោក ប៉ារទីដូ ដឺ នូណូ ណាប៊ីម (Partido de Nuno Nabiam) ដែលជានាយករដ្ឋមន្ត្រីប្រទេសហ្គីណេប៊ីសាវ (Guinea-Bissau) ដែលបានទទួលយកនូវការអញ្ជើញរបស់សម្ដេចក្នុងការបំពេញទស្សនកិច្ចការងារ និងសង្កេតការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅក្នុងប្រទេសកម្ពុជា។
ការថ្លែងអំណរគុណបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានអនុញ្ញាតឱ្យលោក ប៉ារទីដូ ដឺ នូណូ ណាប៊ីម ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលលោកបានអញ្ជើញមកបំពេញទស្សនកិច្ច និងសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានសន្យាថា សម្ដេចនឹងចាត់គណៈប្រតិភូកសិកម្មមួយដើម្បីទៅពិនិត្យនៅប្រទេសហ្គីណេប៊ីសាវ ថាតើកម្ពុជាអាចជួយអ្វីបាន។ តាមគំនិតរបស់សម្ដេចតេជោគឺចង់រៀបចំតំបន់មួយ ដែលមានប្រឡាយទឹកនិងថ្នាលដើម្បីបណ្ដុះពូជស្រូវ ដែលផ្ដល់ទិន្នផលខ្ពស់ដល់ដំណាំស្រូវ និងដំណាំកសិកម្មផ្សេងទៀត។ នេះបើតាមសម្រង់សម្តីលោក ស្រ៉ី ថាមរុង្គ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី។
លោក ស្រ៉ី ថាមរុង្គ បានសង្ខេបខ្លឹមសារក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីប្រទេសហ្គីណេប៊ីសាវ ថានៅក្នុងឱកាសបំពេញទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីប្រទេសហ្គីណេប៊ីសាវ នៅពេលខាងមុខ សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យមានកិច្ចព្រមព្រៀងលើឯកសារមួយចំនួន ពិសេសកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងវិស័យផ្សេងទៀត ជាពិសេសឱ្យមានកិច្ចព្រមព្រៀងការពារវិនិយោគ កិច្ចព្រមព្រៀងលើកលែងទិដ្ឋការ និងកិច្ចព្រមព្រៀងអនុគ្រោះផ្សេងទៀតដែលអាចធ្វើទៅបាន ព្រមទាំងការពិគ្រោះយោបល់លើផ្នែកនយោបាយរវាងប្រទេសទាំងពីរ ដើម្បីស្វែងយល់ និងស្វែងរកវិស័យដែលមានសក្តានុពល ដែលប្រទេសទាំងពីរអាចប្រើប្រាស់ក្នុងការជំរុញទំនាក់ទំនងប្រទេសទាំងពីរ។
លោក ស្រ៉ី ថាមរុង្គ បានឱ្យដឹងថា នៅក្នុងឱកាសពិសារអាហារប្រកបដោយភាពស្និតស្នាល រវាងថ្នាក់ដឹកនាំទាំងពីរ, សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហើបពីការឱ្យមានការរៀបចំឱ្យមានការបន្តវេនក្រោយការបោះឆ្នោត។
ជាការឆ្លើយតប នាយករដ្ឋមន្ត្រីប្រទេសហ្គីណេប៊ីសាវ បានសន្យាថានឹងធ្វើការជាមួយរាជរដ្ឋាភិបាលអាណត្តិថ្មី ដែលដឹកនាំដោយលោកបណ្ឌិត ហ៊ុន ម៉ាណែត៕
0 comments:
Post a Comment