រាជអានីភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល «កម្មវិធីកសាងគ្រូឧទ្ទេស គ្រូជំនួយថ្នាក់រាជធានី-ខេត្ត» នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅរាជធានីភ្នំពេញកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
ថ្លែងនាឱកាសនោះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ជានិមិត្តរូបនៃគុណភាពក្នុងការដឹកនាំ និងគ្រប់គ្រងប្រទេស ដែលឆ្លុះបញ្ចាំងតាមរយៈការសម្រេចបាននូវសមិទ្ធផលប្រវត្តិសាស្ត្រជាច្រើនក្នុងគ្រប់វិស័យ ហើយក៏មានសមត្ថភាពគ្រប់គ្រាន់ក្នុងការដាក់ចេញនូវចក្ខុវិស័យច្បាស់លាស់ ដើម្បីបន្តនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយសុខសន្តិភាព សុភមង្គល និងវឌ្ឍនភាពជានិច្ចនិរន្តរ៍។
ឯកឧត្តម បានបន្តថា ជាមួយនឹងការបោះជំហានទៅកាន់អនាគតកាលប្រកបដោយភាពភ្លឺស្វាង និងក្តីសង្ឃឹម គណបក្សប្រជាជនកម្ពុជា ក៏នឹងបន្តប្រកាន់ខ្ជាប់នូវបុព្វហេតុឥតងាករេរបស់ខ្លួនក្នុងការបន្តអភិវឌ្ឍប្រទេសឱ្យរីកចម្រើនជឿនលឿនទៅមុខ នៅក្រោមការដឹកនាំដ៏មានទេពកោសល្យប៉ិនប្រសប់ និងពោរពេញដោយបទពិសោធន៍ជាក់ស្តែងរបស់ សម្តេចតេជោ និងថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ ព្រមជាមួយនឹងការចូលរួមរបស់សមាជិក-សមាជិកា ក៏ដូចជាប្រជាពលរដ្ឋគ្រប់ស្រទាប់។
ឆ្លៀតនាឱកាសនោះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានសម្តែងនូវការកោតសរសើរចំពោះសិក្ខាកាមទាំងអស់ ដែលបានយកចិត្តទុកដាក់ខិតខំរៀនសូត្រ និងគោរពវិន័យ រហូតឈានដល់ការបិទបញ្ចប់វគ្គបណ្តុះបណ្តាល ប្រកបដោយជោគជ័យ។
ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះក្រុមគ្រូឧទ្ទេសទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការបង្ហាត់បង្ហាញយ៉ាងក្បោះក្បាយជូនដល់សិក្ខាកាម ប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ សំដៅធ្វើយ៉ាងណាលើកកម្ពស់សមត្ថភាពសិក្ខាកាមជាសមាជិកបក្សឱ្យស័ក្តិសមជាកម្លាំងបន្តវេនប្រកបដោយឧត្តមភាព ដែលមានភារកិច្ចចូលរួមបំពេញគ្រប់ភារកិច្ចដែលជាតិ ប្រជាជន និងបក្សប្រគល់ជូន៕ សម្រួលផ្សាយ៖ កន ចំណាន
0 comments:
Post a Comment