- (សៀមរាប)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ឆ្នាំ២០២២ បានលើកឡើងថា ស្ថានភាពសន្តិសុខនាពេលបច្ចុប្បន្ននៅក្នុងតំបន់ ក៏ដូចជានៅក្នុងពិភពលោកទាំងមូល នៅតែមានភាពផុយស្រួយ និងកាន់តែមិនច្បាស់លាស់ឡើង។
សម្តេចពិជ័យសេនា បានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាសៀមរាប។
កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលរៀបចំដោយក្រសួងការពារជាតិកម្ពុជា ប្រព្រឹត្តទៅពេញមួយ១ថ្ងៃ ក្រោមមូលបទ «សាមគ្គីភាព ដើម្បីសន្តិសុខប្រកបដោយភាពសុខដុម» ដោយមានការអញ្ជើញចូលរួមពីសំណាក់ ប្រមុខរដ្ឋមន្ត្រីការពារជាតិអាស៊ានចំនួន៩ អវត្តមានរដ្ឋមន្ត្រីការពារជាតិមីយ៉ាន់ម៉ា និងមានការចូលរួមពីអគ្គលេខាធិការអាស៊ាន។
ថ្លែងបើកកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា យើងពិតជាមានមោទនភាពណាស់ ដែលក្នុងរយៈពេល ១៦ឆ្នាំកន្លងមកនេះ ADMM បានក្លាយជាវេទិកាដ៏មានសារៈប្រយោជន៍សម្រាប់កិច្ចសន្ទនា ការកសាងទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពរបស់អាស៊ាន។
សម្តេចពិជ័យសេនា បានបញ្ជាក់ថា៖ «ជាការពិតខណៈពេលដែលតំបន់របស់យើង បាននិងកំពុងប្រឹងងើបឡើងវិញពីវិបត្តិកូវីដ១៩ និងឈានទៅរកប្រក្រតីភាពបែបថ្មីមួយ ស្ថានភាពសន្តិសុខនាពេលបច្ចុប្បន្ននៅក្នុងតំបន់ ក៏ដូចជានៅក្នុងពិភពលោកទាំងមូល នៅតែមានភាពផុយស្រួយ និងកាន់តែមិនច្បាស់លាស់ឡើង។ តាមពិតទៅការអូសបន្លាយនៃសង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែន និងភាពតានតឹងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាច នៅតែបន្តបង្កការគំរាមកំហែងចំពោះសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់ និងពិភពលោកទាំងមូល»។
សម្តេចពិជ័យសេនា បានបញ្ជាក់ទៀតថា ជារៀងរាល់ឆ្នាំចាប់តាំងពីការបង្កើតឡើងមក ADMM តែងតែប្រឈមមុខនឹងបញ្ហាមួយចំនួន។ នៅក្នុងឆ្នាំនេះ ក៏មិនខុសពីបណ្តាឆ្នាំមុនដែរ មានបញ្ហាជាច្រើនដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ និងភាពសុខដុមរមនារបស់តំបន់ និងប្រជាជន។ បញ្ហាប្រឈមទាំងអស់នេះបង្ហាញពីតម្រូវការខ្ពស់ សម្រាប់កិច្ចខិតខំប្រឹងប្រែងរួម និងស្មារតីសាមគ្គីភាពដ៏រឹងមាំ របស់វិស័យការពារជាតិរបស់អាស៊ាន ដើម្បីរួមគ្នាដោះស្រាយ។ ច្បាស់ណាស់ថា គ្មានប្រទេសណាអាចដោះស្រាយបញ្ហាប្រឈមរបស់ពិភពលោក តែម្នាក់ឯងបានទេ។
សម្តេចបានបញ្ជាក់បន្ថែមថា កិច្ចប្រជុំ ADMM និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំនេះ ក្រោមប្រធានបទ «សាមគ្គីភាព ដើម្បីសន្តិសុខប្រកបដោយភាពសុខដុម» បានបញ្ជាក់សារជាថ្មី នូវការប្ដេជ្ញាចិត្តក្នុងការឆ្លើយតបរបស់យើងចំពោះបញ្ហាប្រឈមរួមនៅក្នុងតំបន់ ដោយផ្តោតលើសាមគ្គីភាព និងភាពស្អិតលូតរបស់ ADMM ដែលជាយន្តការគន្លឹះ ក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខរួមរបស់អាស៊ាន ជាពិសេសក្តីកង្វល់សន្តិសុខមិនប្រពៃណី ដូចជាគ្រោះធម្មជាតិ និងជំងឺរាតត្បាតសកល។ នៅក្នុងកិច្ចប្រជុំ ADMM លើកទី១៦ កាលពីខែមិថុនា យើងបានឯកភាពគ្នា ដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមាន ក៏ដូចជាការបំពេញនូវចន្លោះប្រហោង ដែលយើងមិនធ្លាប់បានគិតគូរពីមុន។ គំនិតផ្តួចផ្តើមថ្មីទាំងនេះ នឹងបំពេញបន្ថែមនូវអ្វីដែលមានស្រាប់។ សមិទ្ធផលទាំងនេះ ពិតជាមិនអាចសម្រេចបានទេ បើគ្មានការគាំទ្រឥតឈប់ឈរពីរដ្ឋមន្រ្តីការពារជាតិអាស៊ានទាំងអស់ ចំពោះតួនាទីជាប្រធាន ADMM របស់កម្ពុជា។
សម្តេចពិជ័យសេនា ទៀ បាញ់ សង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំថ្ងៃនេះនឹងផ្តល់ឲ្យយើងនូវឱកាសមួយដើម្បីពិភាក្សា ផ្លាស់ប្ដូរទស្សនៈ និងស្វែងរកវិធានការសមស្រប ដើម្បីដោះស្រាយតាមវិធីសាស្ត្រដែលមានប្រសិទ្ធភាពបំផុត។ សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្ដែងនូវជំនឿជឿជាក់ថា កិច្ចប្រជុំនៅថ្ងៃនេះ នឹងត្រួសត្រាយផ្លូវសម្រាប់ប្រធាន ADMM ជាបន្តបន្ទាប់ក្នុងការបង្កើតរបៀបវារៈ ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរយ៉ាងលឿននៃស្ថានភាពសន្តិសុខអន្តរជាតិពង្រឹងការប្តេជ្ញាចិត្តរបស់យើងចំពោះការឯកភាព និងមជ្ឈភាពអាស៊ាន និងការធានាបានថា ADMM នៅតែជាកម្លាំងចលករនៅគ្រប់ទិដ្ឋភាពនៃទំនាក់ទំនងជាមួយដៃគូខាងក្រៅ៕
0 comments:
Post a Comment