(កំពង់ធំ)៖ លោក ជា ចាន់តូ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះជួយខេត្តកំពង់ធំនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ បានចុះផ្សព្វផ្សាយ ការអនុវត្តកម្មវិធីគោលនយោបាយ ជាអាទិភាពគណបក្សប្រជាជនកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាជន ជូនដល់សមាជិក សមាជិកា បក្ស និងប្រជាជននៅភូមិសំបូរ ឃុំសំបូរស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
លោក ជា ចាន់តូ បានលើកយកទាំងស្រុង នៃការអនុវត្តកម្មវិធី គោលនយោបាយជាអាទិភាពគណបក្សប្រជាជនកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាជន ជូនដល់អ្នកចូលរួមឲ្យបានយល់កាន់តែច្បាស់ និងដើម្បីយកទៅផ្សព្វផ្សាយបន្ត ក្នុងនោះបានសង្កត់ធ្ងន់ថា រយៈពេលជាង៤៤ឆ្នាំកន្លងទៅនេះ បន្ទាប់ពីថ្ងៃជ័យជម្នះ៧មករា ជាប្រវត្តិសាស្ត លើរបបប្រល័យពូជសាសន៍ គណបក្សប្រជាជនកម្ពុជា បានផ្សារភ្ជាប់រួមសុខ រួមទុក្ខជាមួយប្រជាជន ពុះពារឆ្លងកាត់រាល់ឧបសគ្គ ដឹកនាំប្រទេសឱ្យចេញផុត ពីស្ថានភាពដែលវិនាស ខ្ទេចខ្ទី ឈានមកដល់ដំណាក់កាលអភិវឌ្ឍន៍ លើគ្រប់វិស័យ ប្រកបដោយមោទនភាពជាទីបំផុត។
លោកបានបន្ដថា កម្ពុជាបានប្រែក្លាយពីវាលពិឃាត នៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្គ្រាម ដ៏រាំរ៉ៃ ពីការបែកបាក់ជាតិ និងពីទឹកដីដែលរចនាសម្ព័ន្ធស័ង្គម ត្រូវបំផ្លាញដល់ ឫសគល់ ទៅជាទឹកដីដែលប្រជាជនបាន រស់នៅយ៉ាងសុខដុមរមនា ក្នុងសន្តិភាព ឯកភាពជាតិ អធិបតេយ្យ បូរណភាពទឹកដី នឹងប្រជាធិបតេយ្យ ហើយកំពុងរួមសាមគ្គីគ្នាក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយយកអស់កម្លាំងកាយ កម្លាំងចិត្ត ដើម្បីបន្តកសាង និងការពារមាតុភូមិ។
លោក ជា ចាន់តូ បានបញ្ជាក់ថា ក្នុងនីតិកាលទី៦នៃដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា ដែលសម្ដេចតេជោ ហ៊ុន សែន ជា នាយករដ្ឋមន្ត្រីសម្ដេចតេជោបានការពារយ៉ាងរឹងមាំ នូវសន្តិភាព ស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ដែលបានធានា ដល់ការរស់នៅដ៏សុខសាន្តរបស់ប្រជាជន ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការពង្រឹងពង្រីកប្រជាធិបតេយ្យហើយសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋត្រូវបានគោរពការពារ និងលើកស្ទួយ ទន្ទឹមនឹងនេះវិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ អប់រំ សុខាភិបាល ការងារ និងវិស័យផ្សេងៗទៀតកាន់តែមានភាពរីកចម្រើនដែរ ចំពោះផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ ទឹកស្អាត អណ្ដូងទឹក ភ្លើងអគ្គិសនី ប្រព័ន្ធព័ត៌មាន រោងចក្រ កសិដ្ឋាន សំណង់តូចធំ មណ្ឌលពាណិជ្ជកម្ម សាលារៀន មន្ទីរពេទ្យ វត្តអារាមជាដើម ក៏ត្រូវបានកសាង ពង្រីកទាំងនៅទីក្រុង ជនបទ និងតំបន់ព្រំដែន។
លោកបានបន្ដថា ក្នុងការអនុវត្តកម្មវិធី គោលនយោបាយជាអាទិភាពគណបក្សប្រជាជនកម្ពុជា ក៏បានបញ្ជាក់យ៉ាងច្បាស់ថា លើមាគ៌ាដ៏ត្រឹមត្រូវប្រកប
ដោយក្តីសង្ឈឹមជឿជាក់អនាគតដ៏ភ្លឺស្វាងនោះ ថ្ងៃទី២៣ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃអាទិត្យ ៦កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ខាងមុខនេះជាថ្ងៃបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងបង្កើតរាជរដ្ឋាភិបាលសម្រាប់នីតិកាលថ្មី ដើម្បីដឹកនាំប្រទេសរយៈពេល៥ឆ្នាំតទៅមុខទៀត ក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិ បានឃើញច្បាស់នូវសកម្មភាព សមិទ្ធផលលើគ្រប់វិស័យ និងកម្មវិធីនយោបាយដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា ដូច្នេះសូមអញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី១៨លើសន្លឹកឆ្នោតឱ្យបានគ្រប់ៗគ្នាកុំបីខាន ដើម្បីធានាការថែរក្សា សន្តិភាព និងការអភិវឌ្ឍប្រទេសជាតិជាបន្តទៀត៕
0 comments:
Post a Comment