(ភ្នំពេញ៖កាកបាទក្រហមកម្ពុជាប្រជុំបូកសរុបវឌ្ឍនភាពការងារអភិវឌ្ឍយុវជនកាកបាទក្រហមកម្ពុជា
រយៈពេល១០ខែ ឆ្នាំ២០២២ និងលើកទិសដៅការងារបន្តនៃគ្រឹះស្ថានឧត្តមសិក្សាទាំង២៤
ក្នុងរាជធានីភ្នំពេញ។
ពិធីនេះបានប្រារព្ធធ្វើនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា
នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ពិត ចំណាន
រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា
សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា
និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារទ្រទ្រង់សកម្មភាពយុវជន
និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន
និងនាយកដ្ឋានទាំង៥នៃកាកបាទក្រហមកម្ពុជា សាកលវិទ្យាធិការ សាកលវិទ្យាធិការរង
ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សាទាំង២៤
ក្នុងរាជធានីភ្នំពេញសរុបប្រមាណ ៩០នាក់។
បន្ទាប់ពីមានមតិស្វាគមន៍
និងចំណាប់អារម្មណ៍របស់ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១
កាកបាទក្រហមកម្ពុជា ជុំវិញគោលបំណងនៃកិច្ចប្រជុំនេះរួចមក
អង្គប្រជុំបានស្តាប់របាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពកាងារអភិវឌ្ឍយុវជនកាកបាទក្រហមកម្ពុជា
រយៈពេល១០ខែឆ្នាំ២០២២ និងទិសដៅការងារបន្ត
នៅគ្រឹះស្ថានឧត្តមសិក្សាទាំង២៤ក្នុងរាជធានីភ្នំពេញ ដែលរាយការណ៍ជូនដោយ
លោកស្រី សោម សេរីវឌ្ឍន៍ នាយិកា នាយកដ្ឋានធនធានមនុស្សកាកបាទក្រហមកម្ពុជា។
ក្នុងរបាយការណ៍នោះដែរ
បានឆ្លុះបញ្ចាំងពីសកម្មភាពការងាររបស់ថ្នាក់ដឹកនាំ ទីប្រឹក្សា យុវជន
និងយុវជនកាកបាទក្រហមកម្ពុជា នៃគ្រឹះស្ថានឧត្តមសិក្សា ទាំង២៤
ក្នុងរាជធានីភ្នំពេញ ដែលបាននិងកំពុងអនុវត្តដោយបន្ស៊ីទៅនឹងយុទ្ធសាស្ត្រ
២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ហើយទោះបីជាមានបញ្ហាប្រឈមមួយចំនួនក្តី
ប៉ុន្តែគ្រឹះស្ថានឧត្តមសិក្សាភាគច្រើន នៅតែសម្រេចបានលទ្ធផលល្អប្រសើរ។
កិច្ចប្រជុំនេះមានកិច្ចពិភាក្សាជាក្រុមរវាងទីប្រឹក្សាយុវជន
និងយុវជនដែលមកពីគ្រឹះស្ថានឧត្តមសិក្សាទាំង២៤ ជុំវិញការខ្វះចន្លោះ
បញ្ហាប្រឈម និងសំណូមពរមួយចំនួន
ដើម្បីកែលម្អទម្រង់របាយការណ៍ឱ្យមានលក្ខណៈល្អជាងមុន
ក៏ដូចជាផ្តល់នូវគោលគំនិតសម្រាប់កសាងផែនការ ឆ្នាំ២០២៣ ឱ្យបានល្អប្រសើរផងដែរ។
លើសពីនោះក៏មានការលើកឡើងនូវសំណូមពរមួយចំនួនពីសំណាក់យុវជន
និងទីប្រឹក្សាយុវជន ជុំវិញការបង្កើតជាគ្រុបតេឡេក្រាម
ដើម្បីផ្ដល់ព័ត៌មានគ្នាទៅវិញទៅមក
ក៏ដូចជាការចែកចាយបន្តនូវរាល់សកម្មភាពមនុស្សធម៌ទៅក្នុងបណ្តាញផ្សព្វផ្សាយសង្គម
ឱ្យបានកាន់តែទូលំទូលាយ
ដើម្បីចូលរួមលើកកម្ពស់ការងារមនុស្សធម៌នៅក្នុងសង្គមជាតិ។
បន្ទាប់ពីកិច្ចពិភាក្សា
និងឆ្លើយតបទៅនឹងសំណូមពរខាងលើនេះ លោកស្រី ម៉ែន នារីសោភ័គ
អគ្គលេខាធិការរងទី១ និងលោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា
បានឯកភាព និងទទួលយកនូវ រាល់សំណូមពរដែលតំណាងក្លឹបយុវជននីមួយៗបានលើកឡើង
ហើយចាត់ទុកថារាល់មតិយោបល់ទាំងអស់នេះ
គឺពិតជាមានសារសំខាន់ក្នុងការចងក្រងធ្វើជារបាយការណ៍ប្រកបដោយគុណភាព
និងលើកទិសដៅអនុវត្តបន្ត ជាពិសេសនោះគឺផែនការសកម្មភាពឆ្នាំ២០២៣
របស់យុវជនកាកបាទក្រហមកម្ពុជា
ព្រោះថាបានទទួលនូវធាតុចូលពីប្រតិបត្តិករជួរមុខទាំងអស់។
ទន្ទឹមនឹងនេះ
ធាតុចូលទាំងអស់នេះ នឹងបន្តពង្រឹងបន្ថែមនូវចំណេះដឹង និងសមត្ថភាពរបស់យុវជន
ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់ដឹកនាំ
សមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍លើកទី២០
និងវេទិកាយុវជនអាស៊ីអាគ្នេយ៍លើកទី២ នៅឆ្នាំ២០២៣ខាងមុខនេះ។
ប្រសាសន៍បិទកិច្ចប្រជុំនេះ
លោក ពិត ចំណាន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា
និងជាប្រធានក្រុមការងារទ្រទ្រង់សកម្មភាពយុវជន
និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ជូនចំពោះសមាជិកនៃអង្គពិធីទាំងអស់
ព្រមទាំងបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត
គឺផ្តល់តម្លៃខ្ពស់ចំពោះសកម្មភាពរបស់យុវជនកាកបាទក្រហមកម្ពុជា។
លោកក៏បានកោតសរសើរចំពោះយុវជន
រួមជាមួយទីប្រឹក្សាយុវជនទាំងអស់ តាមរយៈកិច្ចពិភាក្សាជាក្រុម
បានឆ្លុះបញ្ចាំងថាយុវជនមានភាពក្លាហាន និងយល់ដឹងខ្ពស់ណាស់
លើការបញ្ចេញមតិយោបល់បានចំៗទិសដៅ។
សូមជម្រាបថា មុនបញ្ចប់កម្មវិធី
គណៈអធិបតី បានប្រគល់បណ្ណសរសើរ ជូនប្រធានកិត្តិយសក្លឹប ទីប្រឹក្សាយុវជន
និងប្រធានក្លឹបយុវជនកាកបាទក្រហមកម្ពុជាទាំង២៤
ព្រមទាំងថតរូបអនុស្សាវរីយ៍ផងដែរ៕