(កណ្ដាល)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រតិកម្មលើគោលនយោបាយរបស់ប្រធានគណបក្សឈ្នះឆ្នោតនៅប្រទេសថៃ ដែលចង់បណ្ដេញពលករខ្មែរ និងពលករឡាវចេញពីប្រទេសថៃ ដោយសម្ដេចបានផ្តាំទៅអ្នកនយោបាយទាំងនោះសូមមើលឱ្យឆ្ងាយពីប្រទេសថៃ ព្រោះការបណ្តេញពលករបរទេសចេញនេះ នឹងប៉ះពាល់ដល់ច្រវាក់ផលិតកម្មរបស់ថៃខ្លួនឯងទៅវិញទេ។
សម្ដេចតេជោលើកឡើងបែបនេះក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករនិយោជិតសរុបជិត២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសនានានៅខេត្តកណ្តាល កំពង់ស្ពឺ និងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣។
សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «មិនទាន់បានអីផង អ្នកនយោបាយនៅប្រទេសថៃបានគំរាមបណ្ដេញចេញនូវពលករខ្មែរ និងពលករឡាវទៅហើយ។ ខ្ញុំមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អ្នកទេ (ថៃ) ខ្ញុំគ្រាន់តែសង្ឃឹមថាអ្នកនឹងមើលឱ្យឆ្ងាយទៅហួសពីប្រទេសថៃ»។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានផ្ដាំទៅក្រុមអ្នកនយោបាយឈ្នះឆ្នោតនៅប្រទេសថៃថា នយោបាយបណ្ដេញពលករបរទេសចេញនេះអាចនឹងបង្កគ្រោះថ្នាក់ដល់សេដ្ឋកិច្ចថៃ មិនគ្រាន់តែគ្រោះថ្នាក់ដល់ជីវភាពពលករខ្មែរ និងពលករឡាវប៉ុណ្ណោះទេ តែនឹងធ្វើឱ្យប៉ះពាល់ដល់ខ្សែច្រវាក់ផលិតកម្មនៅតាមសហគ្រាសក្នុងប្រទេសថៃ ដែលកំពុងត្រូវការកម្លាំងពលកម្មជាចាំបាច់។
សម្ដេចតេជោបានបន្តទៀតថា នយោបាយនេះប្រហែលជាមិនទទួលបានការគាំទ្រពីប្រទេសជិតខាង ដូចជា ប្រទេសឡាវ មីយ៉ាន់ម៉ា ក៏ដូចជាកម្ពុជានោះទេ។ អ្នកនយោបាយថៃគួរតែប្រុងប្រយ័ត្នចំពោះការដាក់ចេញ និងអនុវត្តនយោបាយរបស់ខ្លួននេះ។
ត្រង់បញ្ហានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាទៅកាន់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធដទៃទៀត ត្រូវបង្កើនការយកចិត្តទុកដាក់ និងដោះស្រាយបញ្ហាប្រឈមនានារបស់ពលករខ្មែរនៅប្រទេសថៃ ដោយសម្ដេចតេជោក៏បានរំឭកពីអនុសាសន៍ទី១០ ក្នុងចំណោមអនុសាសន៍គោលទាំង១០ចំណុច ដែលមានការពាក់ព័ន្ធនឹងពលករខ្មែរនៅក្រៅប្រទេស។
គួរជម្រថា បច្ចុប្បន្នពលករកម្ពុជាដែលកំពុងបម្រើការនៅប្រទេសថៃមានប្រមាណ១.២លាននាក់ ក្នុងចំណោមពលករនៅក្រៅប្រទេស១.៣លាននាក់៕
0 comments:
Post a Comment