ព្រះសីហនុ:ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ រសៀលថ្ងៃពុធ ១២កើត ខែជេស្ឋ ឆ្នាំថោះ ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញប្រជុំបិទផ្សាយទិន្នន័យជាសាធារណ: នូវឯកសារ នៃការវិនិច្ឆ័យស្ថិតនៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅបរិវេណវត្តកែវផុស ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាព អាជ្ញាធរស្រុកស្ទឹងហាវ អាជ្ញាធរឃុំកែវផុស និងបងប្អូនប្រជាពលរដ្ឋ ។
លោក សៅ បុរីវឌ្ឍន: អភិបាលស្រុកស្ទឹងហាវ បានស្វាគមន៍ការបិទផ្សាយទិន្នន័យជាសាធា រណ:នូវឯកសារ នៃការវិនិច្ឆ័យភូមិឫទ្ធី២ ដែលក្រុមការងារបច្ចេកទេស បានធ្វើការវាស់វែងមានចំនួន ១ ៧៦៣ក្បាលដី ដែលបានប្រកាសជាតំបន់វិនិច្ឆ័យនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ក្នុងដំណើរការនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រពន្ធ័នេះ វាមានសារៈប្រយោជន៍ ក្នុងការកាន់កាប់ដីធ្លីស្របច្បាប់។ យើងសង្ឃឹមថា ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី និងអ្នកកាន់កាប់ដីទាំងអស់ នឹងទទួលបានប័ណ្ណកម្មសិទ្ធិ និងក្លាយជាម្ចាស់ដីពិតប្រាកដ មានសិទ្ធិស្របច្បាប់ក្នុងការកាន់កាប់ ប្រើប្រាស់ អាស្រ័យផលតាមតម្រូវការ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសចេញនូវគោលនយោ បាយដីធ្លី ក្នុងគោលបំណងពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដីធ្លី ទីផ្សារដីធ្លី ទប់ស្កាត់ការទំនាស់ដីធ្លីនៅមូលដ្ឋាន។
លោក ចេង ស្រុង ប្រធានមន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានរាយការណ៍ស្ដីពីបិទផ្សាយទិន្នន័យ ស្ថិតនៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ រយ:ពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃ៣១ ខែឧសភា រហូតដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ។ មន្ត្រីរបស់យើងបានសម្រេចវាស់វែងក្បាលដីសរុបចំនួន ១៧៦៣ក្បាលដី (ក្បាលដីដែលគ្មានទិន្នន័យ ៣១១ក្បាលដី) ព្រមទាំងបានប្រជុំកាត់ចំណីផ្លូវ, អូរ, ប្រឡាយ, រួចរាល់ តាមការប្រជុំសម្រេចរបស់គណ:កម្មការរដ្ឋបាល។ ការបិទផ្សាយនាពេលនេះ ដើម្បីធានាថា ទិន្នន័យមានភាពត្រឹមត្រូវទាំងលក្ខណ:បច្ចេកទេស លក្ខណ:ច្បាប់ ទុកឱកាសឱ្យអ្នកកាន់កាប់ដី និងអ្នកពាក់ព័ន្ធអាចធ្វើការពិនិត្យ ផ្ទៀងផ្ទាត់ ស្នើសុំកែតម្រូវ ជំទាស់តវ៉ា លើទិន្នន័យដែលមាននៅក្នុងឯកសារ នៃការវិនិច្ឆ័យ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអបអរសាទរការបិទផ្សាយទិន្នន័យនៅភូមិឫទ្ធី២ នាពេលនេះ ដំណើរការកំណត់តំបន់វិនិច្ឆ័យមកដល់ពេលនេះ មានជាង៣ឆ្នាំហើយ នេះជាដំណាក់កាលទី៣ នៃការបិទផ្សាយមានរយ:ពេល ១៥ថ្ងៃ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋធ្វើការកែតម្រូវតាមឯកសារយោង សូមអ្នកមានការពាក់ព័ន្ធចូលរួមបំពេញឯកសារ និងចូលរួមផ្តិតមេដាយព្រំឱ្យបានគ្រប់គ្នា។
ឯកឧត្តមអភិបាលខេត្ត បញ្ជាក់ថា ភូមិឫទ្ធី២ មានការយឺតយ៉ាវ នៃការប្រជុំបិទផ្សាយទិន្នន័យជាសាធារណ: នូវឯកសារនៃការវិនិច្ឆ័យ ដោយសារមានបញ្ហាពីរគឺ ទី១- ទាក់ទងការចុះបញ្ជីដោយ សារជំងឺកូវីដ-១៩ ។ ទី២- ប្រជាពលរដ្ឋមានការប្ដឹងជំទាស់ច្រើនមករដ្ឋបាលខេត្តព្រះសីហនុ ហើយពេលនេះអ្នកអត់មានបណ្តឹង យើងនឹងចេញប័ណ្ណជូនពួកកាត់ ។ ដូច្នេះត្រូវខិតខំសម្របសម្រួលគ្នាដោះស្រាយទំនាស់ ឱ្យបានលឿន ឆាប់តាមអ្វីធ្វើបាន។
ឯកឧត្តម បានបន្តថា រដ្ឋបានធ្វើការបែងចែកដីធ្លី ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ឆ្នាំ១៩៨៩ ហើយចាប់ពីឆ្នាំ២០០២ រាជរដ្ឋាភិបាលបានរៀបចំច្បាប់ភូមិបាល ក្នុងការគ្រប់គ្រងដីធ្លី មិនអនុញ្ញាតឱ្យមានការទន្ទ្រានដីរដ្ឋ អនាធិបតេយ្យបន្តទៀតទេ អ្នកចាប់ ឬទន្ទ្រានដីធ្លីរបស់រដ្ឋត្រូវមានទោស។ តាមគោលនយោបាយរបស់រាជរដ្ឋាបាល ជំរុញការចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋឱ្យបានលឿន ឆាប់ ដើម្បីកាត់បន្ថយទំនាស់ ព្រមទាំងបង្កភាពងាយស្រួលដល់បងប្អូនជាម្ចាស់ក្បាលដីអាចយកប័ណ្ណទៅប្រើប្រាស់ ដូចជា លក់, ដាក់បញ្ចាំ, ឬអំណោយទៅកូន ចៅស្របតាមច្បាប់ ។ ខេត្តព្រះសីហនុ ក៏កំពុងជំរុញការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ឱ្យបានចប់នៅឆ្នាំ២០២៣នេះផងដែរ ដែលបច្ចុប្បន្នយើងធ្វើការចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋបានចំនួន ៩៧ភូមិ ក្នុងចំណោមភូមិទាំង ១១១ នៅក្នុងខេត្តព្រះសីហនុ។ឯកឧត្តម គួច ចំរើន សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋនៅភូមិឫទ្ធី២ បន្តការយកចិត្តទុកដាក់ផ្ទៀងផ្ទាត់ កែតម្រូវទិន្នន័យបានលឿន ឆាប់ និងការសម្របសម្រួលដោះស្រាយទំនាស់ដីធ្លី និងរួមគ្នាខិតខំរកស៊ីទទួលទានមានបាន ហើយទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់នាពេលខាងមុខទាំងអស់គ្នា ៕
0 comments:
Post a Comment