(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីបិទ និងបើកវគ្គបណ្តុះបណ្តាលមន្ត្រីរាជការនៅសាលាភូមិន្ទរដ្ឋបាល។ ពិធីបិទ និងបើកវគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់លើការបំពេញការងាររបស់មន្ត្រីរាជការនៅតាមក្រសួង និងស្ថាប័នសាធារណៈ ព្រោះជាធាតុដ៏សំខាន់ក្នុងការងារអភិបាលកិច្ចរបស់រដ្ឋ។ សម្តេចតេជោ ហ៊ុន សែន ដែលធ្លាប់ជាគ្រូបង្រៀននៅសាលាភូមិន្ទរដ្ឋបាលដែរនោះ តែងតែឆ្លៀតឱកាសអញ្ជើញជាអធិបតីក្នុងបិទ ឬបើកវគ្គបណ្តុះបណ្តាលមន្ត្រីរាជការរៀបចំដោយសាលាភូមិន្ទរដ្ឋបាល។ សម្តេចតេជោ យកឱកាសនេះ ដើម្បីផ្តល់នូវឱវាទ និងអនុសាសន៍នានា ដល់មន្ត្រីរាជការក្នុងការបំពេញការងារ ឬផ្តល់សេវាសាធារណៈទាំងឡាយ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបិទ និងបើកវគ្គសិក្សា ក៏ដូចជាការចែកសញ្ញាបត្រសម្រាប់សិស្សសាលាភូមិន្ទរដ្ឋបាលនេះចំនួន២៣លើករួចមកហើយ។
បើតាមលោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានឱ្យដឹងថា ពិធីដែលធ្វើឡើងនៅថ្ងៃស្អែកនេះ រួមមានការបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ សម្រាប់កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ មន្ត្រីមធ្យម មន្ត្រីក្រមការ មន្ត្រីគ្រប់គ្រងរដ្ឋបាល និងការបិទវគ្គបណ្តុះបណ្តាលរយៈពេលខ្លីដែលរួមមាន៖
វគ្គបណ្តុះបណ្តាល «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» សម្រាប់មន្ត្រីជាន់ខ្ពស់នៃក្រសួងស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ វគ្គបណ្តុះបណ្តាលមន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជននិងកីឡា ព្រមទាំងវគ្គពង្រឹង សមត្ថភាពក្រុមការងារកែទម្រង់តាមប្រព័ន្ធឌីជីថល ដែលមានចំនួនសរុបទាំងអស់ ១,០២១ អង្គ/នាក់។ ក្នុងនោះមានព្រះសង្ឃ ១១អង្គ មាននារី ២០៧នាក់ និងជនពិការ ៧នាក់។
កម្មវិធីមួយទៀត គឺបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ សម្រាប់សិស្សមន្ត្រីក្រមការជំនាន់ទី១០ កម្មសិក្សាការី មន្ត្រីជាន់ខ្ពស់ មន្ត្រីមធ្យម មន្ត្រីក្រមការ និងមន្ត្រីគ្រប់គ្រងរដ្ឋបាល ដែលមានចំនួនសរុបទាំងអស់ ៧២៩អង្គ/នាក់។ ក្នុងនោះមានព្រះសង្ឃ ៣០អង្គ មាននារី ១៦៩នាក់ និងជនពិការ ១០នាក់។
សាលាភូមិន្ទរដ្ឋបាល គឺជាគ្រឹះស្ថានអប់រំដ៏សំខាន់ក្នុងការបណ្តុះបណ្តាលមន្ត្រីរាជការ ដើម្បីពង្រឹងសមត្ថភាពការងារតាមក្រសួង ស្ថាប័នសាធារណៈឱ្យបានត្រឹមត្រូវទៅតាមក្រឹតក្រមច្បាប់របស់ជាតិ។ លោក ព្រំ សុខា បានឱ្យដឹងថា ចាប់តាំងពីការបើកឱ្យដំណើរការឡើងវិញរយៈពេល ៣០ឆ្នាំមកនេះ ពោល គឺចាប់ពីឆ្នាំ១៩៩២ មកដល់ឆ្នាំ២០២២ សាលាភូមិន្ទរដ្ឋបាលសម្រេចបាននូវការបណ្តុះបណ្តាលមន្ត្រីរាជការ និងមន្ត្រីសាធារណៈទាំងវគ្គសិក្សារយៈពេលវែង និងវគ្គសិក្សារយៈពេលខ្លី សរុបចំនួន ១៩,៣៤៤នាក់ (នារី ៤,៥៤៦នាក់ ស្មើ ២៤ភាគរយ)។ បណ្តុះបណ្តាលសិស្សមន្ត្រី ដែលបានប្រលងជាប់នៅគ្រប់កម្រិតសរុបចំនួន ១,៤០៣នាក់ (នារី ៣៣៨នាក់)។
ចាប់ពីឆ្នាំ២០១៦មក សាលាបានបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសសម្រាប់មន្ត្រីថ្មី ដែលត្រូវបានជ្រើសរើសដោយក្រសួងស្ថាប័នតាមរយៈការប្រលងចូលក្នុងក្របខណ្ឌរដ្ឋ បានចំនួន៤.៨៣២នាក់ (នារី១.៨៧៤នាក់)។ ទន្ទឹមនោះ សាលា ក៏បានបើកវគ្គវិក្រឹតការដើម្បីបណ្តុះបណ្តាលបន្តដល់មន្រ្តីជាន់ខ្ពស់ មន្ត្រីមធ្យម មន្ត្រីក្រមការ និងមន្ត្រីគ្រប់គ្រងរដ្ឋបាលសរុបចំនួន ៧,២៣១នាក់ (នារី ១,០៩៣នាក់ ស្មើ ១៥ភាគរយ) ព្រមទាំងបានសហការជាមួយស្ថាប័នក្រសួង និងដៃគូមួយចំនួន បើកវគ្គរយៈពេលខ្លីដល់មន្រ្តីរាជការបានចំនួនសរុប ៥,៨៧៨នាក់ (នារី ១,២៤១នាក់ ស្មើ ២១ភាគរយ)។
លោក ព្រំ សុខា ក៏បានលើកឡើងផងដែរថា ជាទិសដៅបន្ត ដើម្បីរួមចំណែកឱ្យបានកាន់តែសកម្ម និងមានប្រសិទ្ធភាពក្នុងការកសាង និងអភិវឌ្ឍធនធានមនុស្សលើវិស័យសាធារណៈ សាលាភូមិន្ទរដ្ឋបាលនឹងពង្រឹងកិច្ចសហការល្អជាមួយក្រសួង ស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រមូលផ្តុំយកចិត្តទុកដាក់បន្តបើកវគ្គបណ្តុះបណ្តាល ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការដោយខិតខំធានាឱ្យបាននូវគុណភាព គុណវុឌ្ឍិ គុណធម៌ ផ្អែកលើគោលការណ៍
គុណាធិបតេយ្យ។ សាលានឹងខិតខំកែទម្រង់ការដឹកនាំ គ្រប់គ្រង លើកកម្ពស់គុណភាព សមត្ថភាពនៃការអប់រំសិក្សា និងការស្រាវជ្រាវបម្រើឱ្យការរៀបចំវគ្គបណ្តុះបណ្តាលខ្លីៗ និងធ្វើទំនើបកម្មកម្មវិធីបណ្តុះបណ្តាលឱ្យស្របតាមការវិវត្តរីកចម្រើននៃយុគសម័យឌីជីថល ទាំងក្នុងក្របខណ្ឌតំបន់ និងលើឆាកអន្តរជាតិ ហើយក៏ដើម្បីឆ្លើយតប និងគាំទ្រគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥៕
0 comments:
Post a Comment