ក្នុងឱកាសនោះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានផ្តល់នូវអនុសាសន៍សំខាន់ៗចំនួន ដល់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីពង្រឹងការងារប្រមូលចំណូលពន្ធ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
អគ្គបណ្ឌិតសភាចារ្យ បានផ្តល់នូវទស្សនទានថ្មីៗនៃសង្គមសេដ្ឋកិច្ច ព្រមទាំងវឌ្ឍនភាពសភាពការណ៍ថ្មី នៃសេដ្ឋកិច្ចសកល ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ និងវិបត្តិនានា ដែលអាចជះឥទ្ធិពលជាអវិជ្ជមាន មកលើសេដ្ឋកិច្ចកម្ពុជា។ ក្នុងនោះ វិស័យមួយចំនួនអាចនឹងទ្រឹង និងបន្តថមថយ ប៉ុន្តែវិស័យខ្លះទៀតអាចរំពឹងថានឹងមានកំណើន
អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានគាំទ្រលើវិធានការពន្ធដារ ដែលបានដាក់ចេញដោយអគ្គនាយកដ្ឋានពន្ធដារ ដើម្បីជាទិសដៅក្នុងការអនុវត្តបន្តសម្រាប់ឆ្នាំ២០២៣។
ជាមួយគ្នានេះអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យអគ្គនាយកដ្ឋានពន្ធដារ ៖
* បន្តពិនិត្យ និងសម្អាត សេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធ ដើម្បីត្រៀមដាក់ឆ្លងគណៈរដ្ឋមន្ត្រី និងឆ្លងការពិនិត្យ និងអនុម័តពីរដ្ឋសភាជាតិក្នុងពេលឆាប់ៗខាងមុខនេះ
* បន្តរៀបចំគោលនយោបាយកៀរគរចំណូល សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ ដោយមានអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាអគ្គនាយកដ្ឋានស្នូលទទួលបន្ទុក លើកិច្ចការគ្រប់គ្រងប្រមូលចំណូល
* រៀបចំឱ្យបានទាន់ពេលវេលា នូវគោលនយោបាយសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងដាក់ឱ្យអនុវត្តឱ្យបានមុនដំណាច់ឆ្នាំ២០២៣ ដើម្បីអភិវឌ្ឍនិងលើកកម្ពស់សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យបានកាន់តែរីកធំធាត់ ក្នុងក្របខ័ណ្ឌប្រព័ន្ធគ្រប់គ្រងមួយ ដែលមានប្រព័ន្ធសេដ្ឋកិច្ចផ្លូវការ
* បន្តកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តគាំទ្រ ក្នុងនោះរួមមាន ការសាងសង់សាខាពន្ធដារថ្មី និងការស្វែងរកទីតាំងទីប្រជុំជន ទីរួមស្រុកសម្រាប់រៀបចំការិយាល័យពន្ធដារស្រុក-ក្រុង ដើម្បីពង្រឹងការផ្តល់សេវាជូនអ្នកជាប់ពន្ធ បង្ខិតសេវាឱ្យកាន់តែកៀកអ្នកជាប់ពន្ធ ក៏ដូចជាគិតគូរដល់ប្រសិទ្ធភាព ផាសុកភាពនៃការបំពេញការងាររបស់មន្ត្រីពន្ធដារ
* លើកវិធានការបន្ថែមរបស់រាជរដ្ឋាភិបាល ដែលទើបតែដាក់ចេញ សម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញនៃវិស័យទេសចរណ៍ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងបន្តកាត់បន្ថយផលប៉ះពាល់ មកលើស្ថានភាពសង្គម-សេដ្ឋកិច្ច ព្រមទាំងបន្តជួយទ្រទ្រង់ និងស្តារអាជីវកម្ម និងធុរកិច្ចឱ្យងើបឡើងវិញ
* ពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធ ស្របតាមគោលដៅដែលបានដាក់ចេញក្នុងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដើម្បីបំពេញតម្រូវការចំណាយ និងការវិនិយោគរបស់រាជរដ្ឋាភិបាល ក្នុងគោលដៅអនុវត្តកម្មវិធីជាច្រើន ដើម្បីឆ្លើយតបនឹងអាទិភាពគោលនយោបាយ «មនុស្ស និងកំណើន» រួមមានការដំឡើងប្រាក់បៀវត្ស កម្មវិធីជំនួយសង្គម ការរៀបចំការបោះឆ្នោត និងការរៀបចំព្រឹត្តិការណ៍នៃការប្រកួតស៊ីហ្គេមជាដើម
* បន្តអនុវត្ត និងធ្វើឱ្យប្រសើរឡើងបន្ថែមទៀត នូវការចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (CamDx) ដើម្បីសម្រួលកិច្ចពាណិជ្ជកម្ម និងធុរកិច្ចនៅកម្ពុជា
* បន្តពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធ ពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) តាមរយៈការពង្រឹង និងបន្តកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធបន្ថែមទៀត និងត្រូវបន្តការគិតគូរជាជំហានៗពាក់ព័ន្ធនឹង Internet Gateway និង Payment Gateway
* ប្រព័ន្ធទូទាត់បាគងរបស់ធនាគារជាតិនៃកម្ពុជា នឹងក្លាយជាគុណប្រយោជន៍មួយដ៏សំខាន់ សម្រាប់អគ្គនាយកដ្ឋានពន្ធដារ ក្នុងយន្តការនៃការគ្រប់គ្រងលើការទូទាត់
* បន្តកែលម្អបន្ថែមទៀត លើការធ្វើទំនើបកម្ម និងការកសាងសមត្ថភាពមន្ត្រី ដែលជាកត្តាដ៏សំខាន់ក្នុងការចូលរួមលើកកម្ពស់ អនុលោមភាពសារពើពន្ធ និងការផ្តល់សេវាជូនអ្នកជាប់ពន្ធ
* បន្តលើកកម្ពស់និងបញ្ជ្រាបវប្បធម៌ពន្ធដារ តាមរយៈការបង្កើនការយល់ដឹង ការបណ្តុះបណ្តាល និងការផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញត្តិពន្ធដារ ជូនដល់មន្ត្រីអនុវត្តផ្ទាល់ អ្នកជាប់ពន្ធ និងសាធារណជន ដើម្បីពន្យល់ និងដោះស្រាយការលំបាក និងចម្ងល់របស់ប្រជាពលរដ្ឋ
* បន្តបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពមន្ត្រី ក្នុងគោលដៅពង្រឹងសមត្ថភាពស្ថាប័ន សេវាជូនអ្នកជាប់ពន្ធកាន់តែល្អប្រសើរ តាមរយៈការកាត់បន្ថយការឃ្នើសចិត្តពីអ្នកជាប់ពន្ធ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានកោតសរសើរ វាយតម្លៃខ្ពស់ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារគ្រប់ជាន់ថ្នាក់ នៅតាមអង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានពន្ធដារ ដែលបាន និងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការខិតខំប្រឹងប្រែងប្រមូលចំណូល ដែលទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ហើយនេះគឺជាជោគជ័យ និងជាសមិទ្ធផលរួមរបស់អគ្គនាយកដ្ឋានពន្ធដារទាំងមូល។
សូមជម្រាបថា នៅឆ្នាំ២០២២ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានជាក់ស្តែង តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ១៣ ៩៩៣.២០ប៊ីលានរៀល (ប្រមាណជា ៣ ៤៥៥.១១លានដុល្លារ) ស្មើនឹង១២២.៥៤% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២២ ធៀបនឹងចំណូលពន្ធ-អាករ ក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ ឃើញថាកើនឡើងចំនួន ២ ៧០២.៧៣ ប៊ីលានរៀល (ប្រមាណជា ៦៦៧.៣៤លានដុល្លារ) ស្មើនឹង ២៣.៩៦%។
សម្រាប់រយៈពេល ១២ខែ ក្នុងឆ្នាំ២០២២ ចំណូលពីប្រភេទពន្ធសំខាន់ៗ បានរក្សាកំណើនធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ក្នុងនោះ ពន្ធលើប្រាក់ចំណូល ២៣.៧៣%, អាករលើតម្លៃបន្ថែម ៣៤.១០%, ពន្ធលើប្រាក់បៀវត្ស ២២.៤៥%, អាករពិសេស ២៥.៧០%, និង ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ និងសិទ្ធិកាន់កាប់អចលនទ្រព្យ ១២.៧០%៕
0 comments:
Post a Comment