កំពង់ចាម : ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ថ្លែងក្នុងពិធីប្រកាសទទួលស្គាល់យុវជន ជាសមាជិកគណបក្សប្រជាជនកម្ពុជាស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះការចូលរួមរបស់យុវជន យុវនារី ជាសមាជិកថ្មីនៅក្នុងមហាគ្រួសារដ៏កក់ក្តៅនៃគណបក្សប្រជាជនកម្ពុជា។ នៅក្នុងសង្គមប្រជាធិបតេយ្យកម្ពុជា យើងមានគណបក្សនយោបាយច្រើន ដោយក្នុងនេះមហាគ្រួសារគណបក្សប្រជាជនកម្ពុជា គឺជាគ្រួសារធំជាងគេ ដែលមានសមាជិកជាយុវជនជាង ៣ លាននាក់នៅទូទាំងប្រទេស។ សំខាន់ជាងនេះ គឺយើងជាគ្រួសារ ដែលមានគុណបំណាច់ និងស្នាដៃយ៉ាងធំធេងនៅក្នុងការបម្រើ និងការពារជាតិ និងប្រជាជន ដោយស្មោះត្រង់ និងដោយគ្មានការបែងចែករើសអើង។ ជាក់ស្តែង ថ្នាក់ដឹកនាំ សមាជិក សមាជិកាគ្រួសារមួយនេះ បានចូលរួមនៅក្នុងបុព្វហេតុជាតិជាច្រើនទៅតាមដំណាក់កាលផ្សេងៗនៃប្រវត្តិសាស្ត្រ ជាអាទិ៍ ការរំដោះប្រជាពលរដ្ឋចេញពីរបបប៉ុលពត, ការសម្រេចបាននូវសុខសន្តិភាពពេញលេញជូនជាតិតាមរយៈនយោបាយឈ្នះឈ្នះ ហើយក្នុងរយៈពេលជាង ០២ ឆ្នាំចុងក្រោយនេះ គឺអាយុជីវិតប្រជាជនខ្មែររាប់លាននាក់ ត្រូវបានសង្គ្រោះ និងការពារឱ្យរួចផុតពីជ្រោះមរណៈនៃជំងឺកូវីដ-១៩។
ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងថា សមាជិក សមាជិកាបក្សទាំងអស់មានមោទនភាពចំពោះមហាគ្រួសារមួយនេះ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ និងសូមបន្តចូលរួមជួយសង្គម ជួយសហគមន៍ ជួយគ្រួសារ ទោះជាក្នុងលក្ខណៈបុគ្គលក្តី ឬជាក្រុមក្តី ជាពិសេស សមាជិក សមាជិកាបក្សទាំងអស់ ក៏ត្រូវដើរតួនាទីផងដែរនៅក្នុងការជំរុញផ្សព្វផ្សាយសមិទ្ធផលរបស់បក្ស និងការពារកិត្តិយស និងសច្ចភាពរបស់បក្ស។ ក្នុងរយៈពេលជាង ៤០ ឆ្នាំ កន្លងមកនេះ នៅក្រោមការខិតខំប្រឹងប្រែង និងបូជាលះបង់របស់មន្ត្រីបក្សជាច្រើនជំនាន់ គឺគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យ និងសមិទ្ធផលយ៉ាងធំធេងលើការដឹកនាំនាវាកម្ពុជាមកដល់ចំណុចនេះ។ តទៅមុខទៀត គណបក្សមួយនេះ នឹងកាន់តែរឹមាំ និងមានសមាជិកកាន់តែច្រើនបន្ថែមទៀត ដែលទាំងនេះគឺជាកម្លាំងចិត្តដ៏មានថាមពលសម្រាប់ការបន្តបំពេញតួនាទី និងភារកិច្ចរបស់យើង។
ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការចាត់តាំងបក្សគ្រប់ជាន់ថ្នាក់នៅក្នុងមូលដ្ឋានស្រុកជើងព្រៃ ដែលបានខិតខំប្រឹងប្រែងរួមគ្នាបម្រើប្រជាពលរដ្ឋប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវ ស្របតាមគោលការណ៍របស់គណបក្សថ្នាក់លើ។ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សកាន់អំណាច ដែលសំដៅដល់ការទទួលនូវអម្រែកភារកិច្ចបម្រើប្រជាពលរដ្ឋ។ ដូច្នេះ សូមគណបក្សមូលដ្ឋានបន្តសហការជាមួយក្រុមការងារគណបក្សគ្រប់យន្តការក្នុងនាមជាកម្លាំងសរុបរបស់បក្ស ខិតខំបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អជាប់ជាប្រចាំ និងអស់លទ្ធភាព ដោយកំណត់អាយុជីវិត និងជីវភាពរបស់ប្រជាជនជាកត្តាអាទិភាពចម្បង, បន្តចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន, បន្តលើកតម្កើងសិទ្ធិសេរីភាពប្រជាជន, និងបន្តថែរក្សាសុខសន្តិភាព និងស្ថិរភាពដើម្បីនិន្តរភាពជាតិ។
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBd3BlQXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--71184e1d24161db5ef13bcb991b18d0b2bae386f/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/IMG_20220402_193709_402.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBd2hlQXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--a4ca214402ac8065f68dd7fd45e2cd81175ad7c1/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/IMG_20220402_193710_125.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBd2xlQXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--541d9e8f7d177641dde5ddcc7282d89264aa2405/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/IMG_20220402_193711_332.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBd3RlQXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--0a5a104b0946c8410f1e6f7a6899156c9b1274fc/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/IMG_20220402_193712_541.jpg)
0 comments:
Post a Comment