​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

February 9, 2024

ពិធីបិទវគ្គបណ្តុះបណ្តាលសៀវភៅណែនាំ ស្តីពីគោលការណ៍ បែបបទ និងនីតិវិធីអនុវត្តមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡាដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ

ចំនួនអ្នកទស្សនា: Views

ភ្នំពេញថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង អប់រំ យុវជន និង កីឡា ជាប្រធានក្រុមការងារកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការប្រចាំក្រសួងអប់រំ យុវជន និង កីឡា និងជាអនុប្រធាន គ.ជ.អ.ប បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលសៀវភៅណែនាំ ស្តីពីគោលការណ៍ បែបបទ និងនីតិវិធីអនុវត្តមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនៃក្រសួង ស្ថាប័នពាក់ព័ន្ធនានា ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត លោក លោកស្រីប្រធានមន្ទីរ លោកអភិបាល អភិបាលរងក្រុង ស្រុក ខណ្ឌ។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស នៃក្រសួងអប់រំ យុវជន និងកីឡា ក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ លេខាធិការដ្ឋាន គ.ជ.អ.ប. ដែលបានខិតខំសហការគ្នា ក្នុងការរៀបចំសៀវភៅណែនាំបច្ចេកទេស និងការរៀបចំវគ្គបណ្តុះបណ្តាលអំពីសៀវភៅណែនាំនេះ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលជាអ្នកទទួលខុសត្រូវផ្ទាល់លើការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារអប់រំ យុវជន និងកីឡាដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ។

ការផ្ទេរមុខងារអប់រំ យុវជន និងកីឡាទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ គឺជាការបែងចែកឡើងវិញឱ្យបានច្បាស់លាស់នូវតួនាទី និងការទទួលខុសត្រូវរវាងក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលជារដ្ឋបាលមូលដ្ឋាននៅកៀកជិតប្រជាពលរដ្ឋ ដើម្បីចូលរួមក្នុងការគ្រប់គ្រង ការចាត់ចែង និងការផ្តល់សេវាអប់រំ យុវជន និងកីឡាជូនប្រជាជននៅក្នុង ដែនសមត្ថកិច្ចរបស់ខ្លួនឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌សង្គម។

តាមរយៈវគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃកន្លះនេះ ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃរដ្ឋបាលក្រុង ស្រុកពិតជាបានស្វែងយល់អំពីគោលការណ៍ បែបបទ និងនីតិវិធីសម្រាប់គ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារអប់រំ យុវជន និងកីឡាដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ជាក់ស្តែង ការផ្ទេរមុខងារអប់រំយុវជន និងកីឡាទៅឱ្យរដ្ឋបាល ក្រុង ស្រុក ខណ្ឌ បានឆ្លងកាត់ការអនុវត្តសាកល្បងនៅតាម រដ្ឋបាលក្រុង ស្រុកទាំង១៤ ក្នុងខេត្តបាត់ដំបងចាប់ពីឆ្នាំ២០២០កន្លងមក ហើយផ្អែកតាមការសិក្សាវាយតម្លៃដោយក្រុមការងារអន្តរក្រសួងក៏បានបង្ហាញនូវលទ្ធផលជាវិជ្ជមានផងដែរ។

មុខងារអប់រំ យុវជន និងកីឡាដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ គឺជាមុខងារជាកាតព្វកិច្ច អាស្រ័យហេតុនេះ រដ្ឋបាលក្រុង ស្រុក ខណ្ឌនីមួយៗ ចាំបាច់ត្រូវមានកាតព្វកិច្ចដោយខានមិនបានក្នុងការដឹកនាំ គ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារទាំងនេះ ដើម្បីធានាដល់ការផ្តល់សេវាអប់រំ យុវជន និងកីឡា ជូនប្រជាជនក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានសម្រេចយ៉ាងហោចត្រឹមកម្រិតស្តង់ដាអប្បបរមាដែលបានកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងករណីមានបញ្ហាប្រឈមណាមួយដែលក្រុង ស្រុក ខណ្ឌនីមួយៗ មិនអាចសម្របសម្រួលដោះស្រាយ ត្រូវពិគ្រោះយោបល់ ឬ សុំយោបល់ពីមន្ទីរអប់រំ យុវជន និងកីឡា ឬ មន្ទីរពាក់ព័ន្ធនានា ឬមកក្រសួងស្ថាប័ននៅថ្នាក់ជាតិដើម្បីជួយគាំទ្រ និងផ្តល់មតិយោបល់។

ដើម្បីធានាឱ្យការអនុវត្តមុខងារក្នុងវិស័យអប់រំបានល្អប្រសើរប្រកបដោយប្រសិទ្ធភាពខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ណែនាំ ដូចខាងក្រោម៖

- ថ្នាក់ដឹកនាំ រដ្ឋបាលក្រុង ស្រុក ខណ្ឌ ទាំងអស់ត្រូវផ្តោតការយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់លើការដឹកនាំ ការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារអប់រំ យុវជន និងកីឡាដែលបានផ្ទេរឱ្យទាំងនេះឱ្យមានប្រសិទ្ធភាពខ្ពស់ស្របតាមគោលនយោបាយ គោលការណ៍ បែបបទ នីតិវិធី និងស្តង់ដាដែលបានកំណត់។

- អភិបាលក្រុង ស្រុក ខណ្ឌទាំងអស់ត្រូវផ្តោតការយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់ក្នុងការគ្រប់គ្រងបុគ្គលិកអប់រំឱ្យមានប្រសិទ្ធភាព តម្លាភាព យុត្តិធម៌ ស្របតាមគោលការណ៍ នីតិវិធី និងស្តង់ដានៃការប្រើប្រាស់បុគ្គលិកអប់រំដែលបានកំណត់។

- ចំពោះការតែងតាំងនាយក នាយករងសាលាមត្តេយ្យសិក្សា និងនាយក នាយករងសាលាបឋមសិក្សា លេខាធិការដ្ឋាន គ.ជ.អ.ប. បាននិងកំពុងសម្របសម្រួលសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងមុខងារសាធារណៈក្នុងការរៀបចំសេចក្ដី ណែនាំលម្អិតបន្ថែមមួយ ដើម្បីធានាដល់ការជ្រើសរើសបាននូវមន្ត្រីអប់រំដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាពខ្ពស់សមស្របសម្រាប់ការតែងតាំងមុខតំណែងគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈទាំងនេះ។

- ចំពោះការរៀបចំសេចក្តីណែនាំថ្មីលើការតែងតាំងគណៈគ្រប់គ្រងសាលារៀន សុំឱ្យក្រុមការងារបច្ចេកទេសត្រូវរៀបចំដោយយកលក្ខណៈវិនិច្ឆ័យនៃការតែងតាំងនាយកសាលាដែលក្រសួងអប់រំ យុវជន និងកីឡាធ្លាប់បានដាក់ចេញជាគោល និងសូមស្នើសុំឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ពិនិត្យនីត្យានុកូលភាពពីមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តជាមុន។

- ចំពោះការជ្រើសរើសគ្រូបង្រៀនជាប់កិច្ចសន្យារដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវធ្វើការរៀបចំជ្រើសរើសស្របតាមសេចក្តីណែនាំលេខ១១៦៨ ស្តីពីការជ្រើសរើសគ្រូជាប់កិច្ចសន្យា ដែលក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញ។

- អភិបាលក្រុង ស្រុក ខណ្ឌ ក៏ត្រូវពង្រឹងចំណេះដឹងលើការគ្រប់គ្រងធនធានហិរញ្ញវត្ថុដែលបានផ្ទេរសម្រាប់ការអនុវត្តមុខងារអប់រំ យុវជន និងកីឡាឱ្យមានប្រសិទ្ធភាព តម្លាភាព ស្របតាមគោលការណ៍ និងនីតិវិធីដែលបានកំណត់។ ហើយថវិកាដំណើរការរបស់គ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ គ្រឹះស្ថានបឋមសិក្សាសាធារណៈ និងមជ្ឈមណ្ឌលសិក្សាសហគមន៍នឹងនៅតែបន្តផ្ទេរត្រង់ទៅឱ្យគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ គ្រឹះស្ថានបឋមសិក្សាសាធារណៈ និងមជ្ឈមណ្ឌលសិក្សាសហគមន៍។

- រដ្ឋបាលក្រុង ស្រុក ខណ្ឌនីមួយៗត្រូវរៀបចំកិច្ចប្រជុំផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីគោលការណ៍ បែបបទ និងនីតិវិធីនៃការអនុវត្តមុខងារ និងការទទួល ខុសត្រូវក្នុងការអនុវត្តមុខងារអប់រំ យុវជន និងកីឡាដែលបានផ្ទេរឱ្យទាំងនេះ ដើម្បីឱ្យបាន ជ្រួតជ្រាបជូនដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ គណៈកម្មការគ្រប់គ្រងសាលា មន្រ្តីពាក់ព័ន្ធ ក្រុមប្រឹក្សាឃុំ សង្កាត់ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា។

- រដ្ឋបាលរាជធានី ខេត្ត ជាពិសេសមន្ទីរអប់រំ យុវជន និងកីឡា និងមន្ទីរពាក់ព័ន្ធដទៃទៀត ត្រូវផ្ដល់ការគាំទ្រទាំងសមត្ថភាព បច្ចេកទេស និងការគាំទ្រផ្សេងៗទៀត ព្រមទាំងតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ និងអន្តរាគមន៍ដោះស្រាយបញ្ហាប្រឈមនានា ដើម្បីជួយដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌក្នុងការគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារទាំងនេះឱ្យបានទាន់ពេលវេលា និងលទ្ធផលល្អ៕

Share This
Author Image

About ww.kmmhotnews.com

0 comments:

Post a Comment