(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានថ្លែងដោយក្តីមោទនភាពយ៉ាងខ្លាំង ដែលការរៀបចំពិធីអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងឆ្នាំនេះមានភាពកុះករជាបណ្តាឆ្នាំកន្លងមក ទោះបីអាកាសធាតុក្តៅបន្តិច ព្រមទាំងមានភ្លៀងធ្លាក់ដោយអន្លើក៏ដោយ។
ការថ្លែងរបស់លោក ប៉ែន កុសល្យ ក្នុងឱកាសដែលលោកចូលរួមក្នុងពិធីបិទការប្រណាំងទូក ប្រចាំឆ្នាំ២០២៣ របស់ខេត្តឧត្តរមានជ័យ ស្ថិតនៅវេទិកាប្រណាំងទូកបឹងស្នោរ មុខសួនច្បារសាលាខេត្ត នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក ប៉ែន កុសល្យ បានថ្លែងថា ស្ថិតក្រោមបរិយាកាសរីករាយ និងប្រកបដោយមោទនភាពសម្រាប់ខេត្តឧត្តរមានជ័យ ដែលបានរៀបចំពិធីបុណ្យអ៊ុំទូក ដែលយើងតែងបានរៀបចំធ្វើឡើងជាបន្តបន្ទាប់ ប្រកបដោយភាពអធិកអធមនិងសប្បាយរីករាយ ដោយយើងបានដំណើររការការប្រកួតទូករបស់បណ្តាអង្គភាព មន្ទីរ និងរដ្ឋបាលក្រុង ស្រុក សរុបចំនួន១៩ទូក ប្រកបដោយការខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញ ស្របតាមបទដ្ឋានបច្ចេកទេស ក្រោមរូបភាពមិត្តភាព សាមគ្គីភាពរវាងគ្នាជាភាតរៈ និងឈានដល់ការបិទបញ្ចប់ជាផ្លូវការ ក្រោយពីយើងរកឃើញទូកជ័យលាភីដែលទើបប្រកួតបញ្ចប់មុននេះ។
លោកអភិបាលខេត្តបានថ្លែងទៀតថា ការរៀបចំពិធីប្រណាំងទូកក្នុងឆ្នាំនេះ គឺមានភាពកុះករជាងបណ្តាឆ្នាំកន្លងមក ដោយសារយើងបានរៀបចំកម្មវិធីកំសាន្តសប្បាយជាច្រើន អមជាមួយនឹងពិធីប្រណាំងទូកមានដូចជា៖ការតាំងបង្ហាញលក់ផលិតផល ការប្រគុំតន្ត្រី ល្បែងកម្សាន្តកុមារ ការបាញ់កាំជ្រូចអបអរ ពិសេសមានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ បើទោះបីអាកាសធាតុហាក់ក្តៅបន្តិច ព្រមទាំងមានភ្លៀងធ្លាក់ដោយអន្លើក៏ដោយ។
លោក ប៉ែន កុលស្យ បានថ្លែងយ៉ាងដូច្នេះទៀតថា អ្វីៗដែលកំពុងមាននាពេលនេះ គឺសុទ្ធតែជាផលនៃផ្លែផ្កានៃសន្តិភាព និងការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយល្អ ផ្តល់ឱកាសដល់ការអភិវឌ្ឍ និងការវិនិយោគប្រកបដោយបរិយាប័ន្ន។
លោក ប៉ែន កុសល្យ ក៏បានថ្លែងនូវការចូលរួមអបអរសាទរទូកង ដែលទទួលបានជ័យលាភី រួមនិងទូកងដែលមិនទទួលបានជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងស្មារតីទទួលខុសត្រូវ និងទឹកចិត្តជាអ្នកកីឡាក្នុងរយះពេល២ថ្ងៃនេះ ហើយសម្រាប់ទូកងដែលទទួលជ័យលាភីលេខ១ទទួលបាន ទង់អនុស្សាវរីយ៍១និងថវិកាចំនួន៦លានរៀល ទូកងទទួលបានជ័យលាភីលេខ២ ទទួលបានទង់អនុស្សាវរីយ៍១និងថវិកាចំនួន៤លានរៀល ចំណែកទូកងទទួលបានជ័យលាភីលេខ៣ ទទួលបានទង់អនុស្សាវរីយ៍១និងថវិកាចំនួន៣លានរៀល ចំណែកទូកងចំនួន១៦ទូកទៀត ដែលមិនទទួលបានជ័យលាភីទទួលបានទង់អនុស្សាវរីយ៍១ និងថវិកាចំនួន៥០,០០០០រៀលផងដែរ៕
0 comments:
Post a Comment