​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

October 25, 2023

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ គូសបញ្ជាក់ថា ថៃសម្រេចបញ្ចុះតម្លៃទិដ្ឋាការការងារ ដល់កម្មករនិយោជិតកម្ពុជាពី៥២ដុល្លារមក១៣ដុល្លារ

ចំនួនអ្នកទស្សនា: Views

  ភ្នំពេញ: ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថា រាជរដ្ឋាភិបាលថៃបានសម្រេចបញ្ចុះតម្លៃទិដ្ឋាការការងារដល់កម្មករនិយោជិតកម្ពុជាពីចំនួនប្រមាណ៥២ដុល្លារអាមេរិក មកត្រឹមប្រមាណ១៣ដុល្លារអាមេរិក ដោយអត្រាថ្មីនេះនឹងចាប់ផ្តើមអនុវត្តនៅក្នុងខែធ្នូ ឆ្នាំ២០២៣។

ការសម្រេចបញ្ចុះតម្លៃនេះធ្វើឡើង បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើងនូវសំណើនៅក្នុងជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីថៃ ឯកឧត្តម សេដ្ឋា ថាវីស៊ីន (Srettha Thavisin) កាលពីចុងខែកញ្ញា ឆ្នាំ២០៣ ក្នុងឱកាសឯកឧត្តមមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

ក្នុងពិធីជួបសំណេះសំណាលរវាងសម្តេចធិបតីជាមួយកម្មករនិយោជិតជាង១ម៉ឺននាក់ នៅខេត្តកំពង់ចាម នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ហេង សួរ មានប្រសាសន៍ថា៖ «តាមរយៈលទ្ធផលនៃជំនួបទ្វេភាគីរបស់សម្តេចធិបតីជាមួយឯកឧត្តមនាយករដ្ឋមន្ត្រីថៃដែលបានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីចុងខែកញ្ញា កន្លងទៅនេះ រាជរដ្ឋាភិបាលថៃបានឯកភាពតាមសំណើ និងការលើកឡើងរបស់សម្ដេចធិបតី ដែលស្នើសុំឲ្យភាគីថៃសម្របសម្រួល និងបន្ថយនូវបន្ទុកចំណាយផ្សេងៗ។ ឥឡូវនេះ រាជរដ្ឋាភិបាលថៃបានសម្រេចបញ្ចុះតម្លៃទិដ្ឋាការការងារដល់បងប្អូនកម្មករនិយោជិតដែលពីមុនមានចំនួន១៩០០បាត (ប្រមាណ៥២ដុល្លារអាមេរិក) ឥឡូវនេះមកត្រឹមតែ៥០០បាត (ប្រមាណ១៣ដុល្លារអាមេរិក) តែប៉ុណ្ណោះ ដែលអត្រាថ្មីនេះគឺនឹងចាប់ផ្តើមអនុវត្តនៅក្នុងខែ១២ [ឆ្នាំ២០២៣] ខាងមុខនេះ»។

ក្នុងនាមប្រជាពលរដ្ឋ ក៏ដូចជាពលករកម្ពុជាដែលចេញទៅធ្វើការងារនៅក្រៅប្រទេស ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលតែងតែលើកនូវសំណើសុំនានាជូនទៅដល់ភាគីប្រទេសជាមិត្តដែលជាម្ចាស់ផ្ទះទទួលពលករកម្ពុជាឲ្យធ្វើការសម្របសម្រួល និងថែទាំពលករជាបន្តជាបន្តបន្ទាប់។

ក្នុងជំនួបទ្វេភាគីជាមួយឯកឧត្តម សេដ្ឋា ថាវីស៊ីន សម្តេចធិបតី បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលថៃ ដែលបានយកចិត្តទុកដាក់ចំពោះសិទ្ធិ និងផលប្រយោជន៍ «ស្របច្បាប់» របស់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសថៃ។

ឯកឧត្តម សេដ្ឋា ថាវីស៊ីន បានមានប្រសាសន៍ថា ពលករកម្ពុជាដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចរបស់ប្រទេសថៃ។ ដូច្នេះ រាជរដ្ឋាភិបាលថៃនឹងយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់ពួកគាត់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា៖ «តបតាមសំណើរបស់សម្ដេចធិបតី ឯកឧត្ដមនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន នឹងពិចារណាដោយយកចិត្តទុកបំផុតចំពោះសំណើឱ្យមាននីតិវិធីអន្តោប្រវេសន៍ និងការសម្រួលនៅតាមព្រំដែនប្រសើរជាងមុន ព្រមទាំងពន្លឿននីតិវិធីបង្កើតអគ្គកុងស៊ុលកម្ពុជានៅក្នុងខេត្តសុងក្លា ដើម្បីពង្រីកសេវាកុងស៊ុលជូនប្រជាពលរដ្ឋកម្ពុជាដែលធ្វើការ និងស្នាក់នៅក្នុងភាគខាងត្បូងនៃប្រទេសថៃ»។

របាយកាណ៍ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា បច្ចុប្បន្ន ពលករកម្ពុជាចំនួន១,២លាននាក់ កំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ។

តេឡេក្រាម (Telegram) សម្តេចធិបតី បានបញ្ជាក់ថា ក្នុងជំនួបទ្វេភាគីនេះ ប្រមុខរាជរដ្ឋាភិបាលទាំងពីរបានពិភាក្សាគ្នាដោយយកចិត្តទុកដាក់ និងដោយស្និទ្ធស្នាល អំពីវិស័យនៃកិច្ចសហការទ្វេភាគីកម្ពុជា-ថៃ ដែលមានភាពសម្បូរបែប និងទូលំទូលាយ។

កិច្ចពិភាក្សាបានផ្តោតជាសំខាន់ទៅលើវិស័យគន្លឹះ ដោយរាប់ចាប់ពីវិស័យពាណិជ្ជកម្ម, វិនិយោគ, ទេសចរណ៍, ការអប់រំ, ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ, កិច្ចការទូត, ទំនាក់ទំនងធុរកិច្ច, ទំនាក់ទំនងប្រជាជន និងប្រជាជន, ការតភ្ជាប់រវាងប្រទេសទាំងពីរតាមផ្លូវអាកាស, ផ្លូវរថភ្លើង និងផ្លូវថ្នល់, សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង, កិច្ចការពាក់ព័ន្ធនឹងអន្តោប្រវេសន៍រហូតដល់វិស័យសន្តិសុខឆ្លងដែន និងសន្តិសុខអនឡាញ។

ថ្នាក់ដឹកនាំទាំងពីរក៏បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរបន្តពិភាក្សា និង សហការគ្នាដើម្បីឱ្យកិច្ចសហប្រតិបត្តិការកម្ពុជា-ថៃ ទទួលបានផ្លែផ្កាសម្រាប់ជាឧត្តមប្រយោជន៍ទាំងសងខាង។ ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ទៅវិញទៅមក និងមានជំនឿដ៏មុតមាំថា កិច្ចសហប្រតិបត្តិការកម្ពុជា-ថៃ នឹងកាន់តែរីកចម្រើន និងរឹងមាំថែមទៀត។

ដោយឡែក នាថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៣ គណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរតាមព្រំដែននៃប្រទេសកម្ពុជាបានបើកកិច្ចប្រជុំនៅទីស្តីការក្រសួងការពារជាតិដើម្បីពង្រឹងវិធានការរបស់រាជរដ្ឋាភិបាលទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងបន្តចុះត្រួតពិនិត្យការអនុវត្តការងាររបស់សមត្ថកិច្ចពាក់ព័ន្ធតាមច្រកទ្វារព្រំដែនខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាស្វែងរកដំណោះស្រាយជួយសម្រួលដល់ការឆ្លងកាត់ព្រំដែនរបស់ប្រជាពលករកម្ពុជា ធានាឱ្យបាននូវភាពស្របច្បាប់ប្រកបដោយសុវត្ថិភាព និងដាក់ទិសដៅបន្តចុះត្រួតពិនិត្យតាមបណ្តាច្រកទ្វារព្រំដែនស្ថិតក្នុងខេត្តទាំង២នេះ។

ក្រសួងការពារជាតិបញ្ជាក់ក្នុងហ្វេសប៊ុកថា៖ «កិច្ចប្រជុំក៏បានដាក់ចេញនូវទិសដៅពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងដើម្បីជួយសម្របសម្រួលដល់ពលករក្នុងការឆ្លងដែនប្រកបដោយសុវត្ថិភាព និងភាពស្របច្បាប់»។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម  សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានគណៈកម្មការនេះបានជំរុញឱ្យមានការបន្តសហការជាមួយភាគីថៃ ដើម្បីប្រជុំពិភាក្សាអំពីការសម្របសម្រួលពលករឆ្លងដែន ដើម្បីឱ្យពលករបានធ្វើដំណើរប្រកបដោយសុវត្ថិភាព និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរនៅតាមច្រកទ្វារព្រំដែន និងបន្តពិភាក្សាជាមួយភាគីថៃដើម្បីធ្វើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសរវាងខេត្ត និងខេត្តជាប់ព្រំដែន។

ហ្វេសប៊ុកដដែលបញ្ជាក់ថា ឯកឧត្តមបានសំណូមពរដល់អភិបាលខេត្តដែលជាប់ព្រំដែនទាំងអស់ត្រូវពង្រឹងយន្តការសហការជាមួយប្រទេសជាមិត្តឱ្យបានល្អ ដោយចៀសសវាងកុំឱ្យមានបញ្ហា ឬហានិភ័យដល់ពលករកម្ពុជា ដែលក្នុងនោះពង្រឹងដល់ជួរស្ថាប័ន និងកងកម្លាំងប្រដាប់អាវុធតាមព្រំដែន ក៏ដូចជាស្ថាប័នឈរជើងតាមបណ្តាច្រកទ្វារអន្តរជាតិ ដើម្បីជួយសម្រួលការងារនេះកុំឱ្យមានការកកស្ទះដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ៕

Share This
Author Image

About ww.kmmhotnews.com

0 comments:

Post a Comment