ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានបើកកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមការងាររបស់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ក្នុងគោលដៅចូលរួមជំរុញសេដ្ឋកិច្ច កម្ពុជា ឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី៣១ សីហា ឆ្នាំ២០២៣នេះ បានលើកឡើងក្នុងបណ្តាញសង្គមថា តាមរយៈកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យពិនិត្យលទ្ធភាព និងកិច្ចសហការគ្នារវាងក្រសួងកសិកម្ម និងវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា ក្នុងការសិក្សាអំពីស្ថានភាពរបស់កសិករទូទាំងប្រទេស ដោយមានការវិភាគសេដ្ឋកិច្ច នៃផលិតភាពកសិកម្មធៀបនឹងផ្ទៃដី និងខ្សែច្រវាក់ផលិតកម្មគ្រប់ដំណាំទាំងអស់។ ចំពោះការងារទាក់ទងនឹងកម្មវិធីគំរូនវានុវត្តន៍ក្នុងវិស័យកសិកម្ម ឯកឧត្តម បានណែនាំវិទ្យាស្ថាន CDRI ឱ្យមានការសហការជាមួយសាកលវិទ្យាល័យកសិកម្មទាំង៣ ដើម្បីឱ្យសិស្សនិស្សិតទទួលបាននូវគំនិតថ្មីៗបន្ថែមក្នុងការច្នៃប្រឌិតនេះ។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងនឹងជួយគាំទ្របច្ចេកទេស និងជំរុញឱ្យមានសហគមន៍កសិកម្មគំរូថ្មី ដែលអាចមានលទ្ធភាពពង្រឹងខ្សែច្រវាក់តម្លៃ មានភាពម្ចាស់ការពិតប្រាកដ និងមានទុនគ្រប់គ្រាន់ ដើម្បីបង្កើនផលិតភាព គុណភាព សុវត្ថិភាព កាត់បន្ថយថ្លៃដើម មានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ច ដើម្បីសម្រេចនូវគោលនយោបាយ និងចក្ខុវិស័យរួម ក្នុងការចូលរួមជំរុញសេដ្ឋកិច្ចប្រទេសកម្ពុជាឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០៕
0 comments:
Post a Comment