ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ថ្លែងថាលទ្ធផលនៃចំនួនមេដាយដែលអត្តពលិកក្រសួងមហាផ្ទៃរួមចំណែកដណ្ដើមបាន គឺជាកិត្តិយសរបស់រាជរដ្ឋាភិបាល និងជាតិទាំងមូល ដើម្បីបង្កាញអំពីមោទនភាពរបស់កម្ពុជានៅលើឆាកអន្ដជាតិ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ទទួលបានជ័យលាភី មេដាយមាស ប្រាក់ និងសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃបានថ្លែងកោតសរសើរដោយស្មោះអស់ពីដួងចិត្ត និងបានជូនពរអត្តពលិក និងកីឡាករកីឡាករិនីក្រសួងមហាផ្ទៃទាំងអស់សូមទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងការប្រកួតកីឡាទាំងកម្រិតជាតិ និងអន្តរជាតិនាពេលខាងមុខ។
សម្ដេចក្រឡាហោម ស ខេង បានចាត់ទុកលទ្ធផលនៃចំនួនមេដាយដែលអត្តពលិកក្រសួងមហាផ្ទៃរួមចំណែកដណ្ដើមបាននេះថាជាកិត្តិយសរបស់រាជរដ្ឋាភិបាល និងកិត្តិយសរបស់ជាតិទាំងមូល។
ទន្ទឹមនឹងនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់អំពីគោលការណ៍នៃការផ្ដល់ក្របខណ្ឌជូនអ្នកមានស្នាដៃ និងការរៀបចំក្របខណ្ឌមន្រ្តីនគរបាលជាតិជាប្រចាំឆ្នាំ ដោយបញ្ជាក់ថាជាគោលការណ៍ក្រសួងមិនបានស្នើសុំសម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលនូវចំនួនក្របខណ្ឌលើសពីភាពជាក់ស្ដែងនោះទេ។ ភាពជាក់ស្ដែងត្រូវបានសម្ដេចពន្យល់ថាបើនៅក្នុងឆ្នាំចាស់មានមន្រ្តីចូលនិវត្តន៍ ឬបញ្ឈប់ ឬដោយប្រការណាមួយក្នុងចំនួន៣ពាន់នាក់ ក្រសួងនឹងស្នើសុំបំពេញបន្ថែមតែ៣ពាន់នាក់នោះទេ ពោលគឺមិនអាចស្នើសុំលើសដែលនាំឱ្យប៉ះពាល់ដល់ការចំណាយរបស់រដ្ឋនោះឡើយ។
ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងចំណោមមេដាយចំនួន ២៨២គ្រឿងដែលកម្ពុជាដណ្ដើមបានពីការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កីឡាករ កីឡាការិនីនៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃបានរួមចំណែកយ៉ាងធំធេងដោយដណ្ដើមបានមេដាយសរុបចំនួន ១៣២គ្រឿង ក្នុងនោះមេដាយមាសចំនួន ៣៥គ្រឿង ប្រាក់៣៤គ្រឿង និងសំរឹទ្ធ៦៣។
ឯកឧត្តមអនុរដ្ឋលេខាធិការបន្តថា ការរួមចំណែកបានមេដាយនេះ បើគិតជាភាគរយ ស្មើនឹង ៤៦,៨ភាគរយ ហើយកាន់តែមោទកភាព និងក្ដីរីករាយទៀតនោះ ដោយកីឡាការិនីជាកងកម្លាំងនគរបាលជាតិនៃក្រសួងមហាផ្ទៃ គឺលោកវរសេនីយ៍ត្រី ប៉ាល់ ឆរស្មី បានជាប់ជាអត្តពលិកឆ្នើមបំផុត ដោយដណ្ដើមេដាយសរុបចំនួន៦គ្រឿង លើប្រភេទកីឡាវូវីណាម រួមមានមេដាយមាស៤គ្រឿង ប្រាក់១ និងសំរឹទ្ធ១ ខណៈអត្តពលិកក្រសួងមហាផ្ទៃម្នាក់ទៀតដណ្ដើមមេដាយមាសចំនួន៣គ្រឿងម្នាក់ឯង និង៩រូបផ្សេងទៀតដណ្ដើមបានមេដាយមាសម្នាក់២គ្រឿង៕
0 comments:
Post a Comment