ភ្នំពេញ:ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រធានាធិបតីសហរដ្ឋអាមេរិក ឯកឧត្តម ចូ បៃដិន បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកនឹងត្រូវចាត់វិធានការមួយចំនួនដែលនឹងមានភាពការពារកាន់តែខ្លាំង ប្រសិនបើកូរ៉េខាងជើងធ្វើការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ។
មេដឹកនាំសហរដ្ឋអាមេរិករូបនេះ ក៏បានអំពាវនាវផងដែរដល់ប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជីនពីង ឱ្យព្យាយាម និងរារាំងប្រទេសកូរ៉េខាងជើងពីការបង្កើនភាពតានតឹងបន្ថែមទៀត ដោយលោកបានកត់សម្គាល់ថា សហរដ្ឋអាមេរិកនឹងចាត់សកម្មភាពការពារប្រសិនបើការបាញ់សាកល្បងនោះបានធ្វើឡើង ហើយវាត្រូវប្រឈមមុខនឹងប្រទេសចិន។
ឯកឧត្តម ចូ បៃដិន បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានថា «ខ្ញុំបាននិយាយយ៉ាងច្បាស់ទៅកាន់ ឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីង ថា ខ្ញុំគិតថាពួកគេមានកាតព្វកិច្ចដើម្បីព្យាយាមបញ្ជាក់ឱ្យច្បាស់ដល់កូរ៉េខាងជើងថា ពួកគេមិនគួរអនុវត្តការបាញ់សាកល្បងនុយក្លេអ៊ែររយៈចម្ងាយឆ្ងាយនោះទេ»។
គួរបញ្ជាក់ផងដែរថា សន្និសិទសារព័ត៌មាននោះត្រូវបានធ្វើឡើងនៅកោះបាលីប្រទេសឥណ្ឌូណេស៊ី ជាកន្លែងដែលឯកឧត្តម ចូ បៃដិន បានរៀបចំកិច្ចប្រជុំកំពូលដោយផ្ទាល់ជាលើកដំបូងជាមួយឯកឧត្តម ស៊ី ជីនពីង ចាប់តាំងពីចូលកាន់តំណែងជាប្រធានាធិបតីកាលពីដើមឆ្នាំមុនមក។
ប្រធានាធិបតីសហរដ្ឋអាមេរិកត្រូវបានដកស្រង់សម្តីនៅពេលមុននេះថា សហរដ្ឋអាមេរិកនឹងត្រូវបានតម្រូវឱ្យបង្កើនវត្តមានយោធារបស់ខ្លួនក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ប្រសិនបើកូរ៉េខាងជើងធ្វើការបាញ់សាកល្បងនុយក្លេអ៊ែរ៕ (ប្រភព យ៉ុនហាប់ បកប្រែដោយលោក យា ចិន្តាខន្តី)
0 comments:
Post a Comment