(ភ្នំពេញ)៖
ថ្ងៃពុធ ៦រោច ខែមិគសិរ ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ គ.ស ២០២២នេះ
ជាខួប៣០ឆ្នាំហើយ (១៩៩២-២០២២) ដែលតំបន់រមណីយដ្ឋានអង្គររបស់ខ្មែរ
ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ
ជាមួយនឹងភាពល្បីល្បាញរន្ទឺសុះសាយ ទៅកាន់ពិភពលោក។
ការដាក់បញ្ចូលដាក់បញ្ចូលតំបន់រមណីយដ្ឋានប្រាសាទអង្គរ
ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាជោគជ័យ
និងមោទនភាពដ៏ធំធេងសម្រាប់ជាតិខ្មែរ។ នៅថ្ងៃខួប៣០ឆ្នាំនេះ
ប្រជាពលរដ្ឋបានសម្តែងការអបអរសាទរជាមួយនឹងសារបង្ហាញមោទនភាពផ្សេងៗគ្នា។
ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍
៣០ឆ្នាំ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានប្រាសាទអង្គរ
ជាសម្បត្តិបេតិកភណ្ឌពិភពលោក ក៏ដូចជាការរំលឹកដល់សម្បត្តិបេតិកភណ្ឌទាំង១២
របស់កម្ពុជា ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ និងស្មារតីចងចាំនៃពិភពលោក
របស់អង្គការយូណេស្កូ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថាប័នពាក់ព័ន្ធ
នៅល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ
មានរៀបចំព្រឹត្តិការណ៍វប្បធម៌ដ៏អស្ចារ្យនៅលើទឹកដីអង្គរខេត្តសៀមរាប
ដោយមានការចូលរួមពីសិល្បករ សិល្បការិនីល្បីៗគ្រប់ទម្រង់ចំនួន ៣០០នាក់
នៅបរិវេណក្រោយប្រាសាទអង្គរវត្ត ក្រោមអធិបតីភាពលោកស្រីគតិសង្គហបណ្ឌិត ម៉ែន
សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភា
រដ្ឋសភា និងអធិការកិច្ច។ សម្រាប់ការៀបចំព្រឹត្តិការណ៍វប្បធម៌នេះ
បងប្អូនប្រជាពលរដ្ឋ អាចចូលរួមទស្សនាដោយសេរី។
សូជម្រាបថា
ប្រាសាទអង្គរវត្តមានឈ្មោះដើមថា «ប្រាសាទព្រះបរមវិស្ណុលោក»
ត្រូវបានសាងសង់ក្នុងអំឡុងសតវត្សរ៍ទី១២ នារជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២
(១១១៣-១១៥០) ព្រះមហាក្សត្រមកពីភាគខាងលិច (ល្វវត្តី)។ មានអាយុកាលជិត
១សហវត្សមកនេះ ប្រាសាទអង្គរវត្ត
បានរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋខ្មែរគ្រប់សម័យកាល
ពិសេសទើបតែត្រូវបានយកចិត្តទុកដាក់យ៉ាងដិតដល់ ពីសំណាក់រាជរដ្ឋាភិបាល
នាសម័យទំនើបនេះឯង។
ជាមហាសោកសង្រេង
បន្ទាប់ពីមហានគរដ៏រុងរឿងបានរសាត់បាត់ឆ្ងាយទៅ រាជធានីបុរាណខ្មែរ
ដែលធ្លាប់តែមានឥទ្ធិពលខ្លាំងក្លាមហិមាមួយនេះ
បានលាក់ខ្លួនពួនកប់កណ្ដាលព្រឹក្សា គ្មានមនុស្សណាបានទៅដល់ឡើយ
ប៉ុន្តែបើតាមប្រវត្តិសាស្ត្រខ្មែរ ក្នុងសតវត្សរ៍ទី១៦ នាសម័យអាណាចក្រលង្វែក
ព្រះបាទបរមរាជា (ព្រះរាជបុត្រារបស់ព្រះបាទច័ន្ទរាជា ស្ថានិករាធានីលង្វែក)
បានទតឃើញប្រាសាទបុរាណដ៏ស្កឹមស្កៃនេះជាលើកដំបូង ក្នុងពេលចូលទាក់ដំរី
បន្ទាប់មកព្រះអង្គក៏បានលើករាជធានីពីលង្វែក
ទៅតាំងនៅរាជធានីអង្គរបានមួយរយៈផងដែរ។
តាំងពីពេលនោះមក
ប្រាសាទព្រះបរមវិស្ណុលោកដ៏ធំល្វឹងល្វើយអស្ចារ្យមួយនេះ
ត្រូវបានព្រះប្រទាននាមថ្មីថា «ព្រះមហានគរឥន្ទ្រប្រ័ស្ថព្រះពិស្ណុលោក»។
លុះក្រោយមក ធម្មជាតិវិទូបារាំងឈ្មោះ Henri Mouhot
បានរកឃើញប្រាសាទនេះនៅក្នុងឆ្នាំ១៨៦០
និងបានហៅឈ្មោះប្រាសាទដ៏ធំដែលជាទីអារាមសម្រាប់ព្រះសង្ឃព្រះពុទ្ធសាសនានេះ
ថាប្រាសាទអង្គរវត្ត (រាជធានីព្រះពុទ្ធសាសនា) វិញ។
ក្រោយរំដោះខ្លួនចេញពីរបបប្រល័យពូជសាសន៍
ប៉ុល ពត
ប្រទេសកម្ពុជាបានខិតខំពុះពារដាក់បែបបទស្នើសុំដាក់បញ្ចូលប្រាសាទអង្គរវត្តរបស់ខ្លួន
ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ
រហូតបានដាក់បញ្ចូលជាស្ថាពរនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។
រងនូវព្យុះភ្លៀងខ្យល់បោកបក់ទាំងយប់ទាំងថ្ងៃអស់ជាច្រើនរយឆ្នាំ
អង្គរវត្តរបស់យើងបានបន្តជីវិតគ្រប់រសជាតិជាមួយប្រទេសកម្ពុជា
អ្វីដែលជាការភិតភ័យខ្លាំងជាងគេនោះ អង្គរវត្ត រួមជាមួយខេត្តខ្មែរមួយចំនួន
មានខេត្តសៀមរាប ខេត្តកំពង់ស្វាយ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង
ខេត្តសិរីសោភ័ណជាដើម ប៊ិះនឹងត្រូវបានទៅខាងប្រទេសថៃ
នាដើមសម័យអាណានិគមនិយមបារាំង តែដោយការប្រឹងប្រែងរបស់ព្រះមហាវិរក្សត្រខ្មែរ
ព្រះបាទសម្តេច ព្រះនរោត្តម សីហនុវរ្ម័ន ព្រះបរមរតនកោដ្ឋ
រួមកម្លាំងជាមួយប្រជារាស្ត្រខ្មែរ ទើបអាចដណ្ដើមប្រាសាទអង្គរ
និងទឹកដីមួយចំនួននោះមកវិញ។
លុះដល់បច្ចុបុ្បន្ន ប្រាសាទអង្គរវត្ត ឬ
ព្រះបរមវិស្ណុលោក ឬព្រះមហានគរឥន្ទ្រប្រ័ស្ថព្រះពិស្ណុលោក
ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី រួមជាមួយថ្នាក់ដឹកនាំ និងសេនាធិការរាជរដ្ឋាភិបាល
កំពុងខិតខំប្រឹងប្រែងការពាររមណីយដ្ឋានអង្គរយ៉ាងយកចិត្តទុកដាក់
ពោលដៃម្ខាងខិតខំថែរក្សាអភិរក្ស
ដៃម្ខាងទៀតខិតខំផ្សព្វផ្សាយទៅកាន់ពិភពលោកបានស្គាល់ និងមកទស្សនាឲ្យបានច្រើន។
ជាមួយនឹងការខិតខំប្រឹងប្រែងនេះ
ប្រាសាទអង្គរ និងតំបន់ជុំវិញ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា
សហការជាមួយដៃគូជាតិ-អន្តរជាតិ ធ្វើការជួសជុល អភិរក្ស កែលម្អ
ប្រមូលវត្ថុដែលបែកបាក់ ឃ្លាតឆ្ងាយ មកផ្គុំនៅកន្លែងដើមឡើងវិញ
ជាមួយនឹងការទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិមកទស្សនាជាច្រើនលាននាក់ក្នុងមួយឆ្នាំៗ។
ប្រជាពលរដ្ឋ
និងភ្ញៀវទេសចរអន្តរជាតិទាំងអស់ មានក្ដីសប្បាយរីករាយយ៉ាងខ្លាំង
នៅពេលមានឱកាសបានទៅមកទស្សនាប្រាសាទអង្គរ និងប្រាសាទរាប់រយកន្លែងទៀត
ដែលជាកេរមរតកដ៏ពិសិដ្ឋថ្លៃថ្លារបស់មហាបុព្វបុរសខ្មែរ នាសម័យបុរាណ
ជាមួយនឹងសុវត្ថិភាពក្នុងការធ្វើដំណើរ សុខសន្តិភាព និងស្ថិរភាពពេញផ្ទៃប្រទេស
មធ្យោបាយធ្វើដំណើរក៏ងាយស្រួល ពិសេសការគិតគូរយ៉ាងយកចិត្តទុកដាក់
ចំពោះសម្បត្តិបេតិកភណ្ឌដ៏ធំក្នុងពិភពលោកមួយនេះ៕
December 13, 2022
អបអរសាទរ ! ខួបលើក៣០ឆ្នាំនៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានប្រាសាទអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក
ចំនួនអ្នកទស្សនា: Views
December 13, 2022
No comments
Share This
About ww.kmmhotnews.com
0 comments:
Post a Comment