ភ្នំពេញ៖ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២២នេះ ខណៈមេដឹកនាំរុស្ស៊ីមិនទាន់ឆ្លើយតបពីការអញ្ជើញមកចូលរួមនៅឡើយ។ ការអះអាងរបស់ប្រមុខរាជរដ្ឋាភិបាលនេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ជាង៦ពាន់នាក់ នាព្រឹកថ្ងៃ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលថ្នាក់ដឹកនាំសហរដ្ឋអាមេរិកអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា គេនឹងដឹកយករថយន្តគេមក ហើយរុស្ស៊ីក៏អីចឹងដែរ តែមិនមែនថាគេខ្លាចប្រទេសយើងទេ តែជាទម្លាប់ គេគឺយកតាមអីចឹង។ សម្តេចតេជោបានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «ប៉ុន្មានថ្ងៃខាងមុខនេះគឺជាពេលវេ លាដែលតានតឹងបំផុតតែម្តង ចេញពីប្រជុំមួយទៅប្រជុំមួយ។ ឥឡូវសន្ទរកថា ត្រូវចាប់ផ្តើមចាក់បណ្តើរៗ ហើយខ្ញុំត្រូវពិនិត្យបណ្តើរៗហើយពីព្រោះថាអង្គប្រជុំមួយត្រូវមានសន្ទរកថាពីរ គឺសន្ទរកថាបើកមួយ បិទមួយ ព្រោះយើងជាប្រធាន ហើយបញ្ជាក់ថាគោលជំហរកម្ពុជាវាយ៉ាងម៉េច»។
ជាមួយគ្នានោះដែរសម្តេចតេជោនាយករដ្ឋមន្រ្ដីបានលើកឡើងថា សម្តេចបានប្រាប់ឯកឧត្តម ប្រាក់ សុខុន ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិយកចិត្តទុកដាក់ធ្វើសន្ទរកថាធ្វើឱ្យខ្លីបំផុត។ សម្ដេចតេជោបានបញ្ជាក់បន្ថែមថា៖ «ថ្នាក់ដឹកនាំសហរដ្ឋអាមេរិកបានដឹកឡានមកដល់ហើយ អាម៉េរិកគាត់ទៅណាមិនមែនគ្រាន់តែកម្ពុជាទេ គឺគាត់ទៅណាក៏ដោយគាត់យកទៅ ហើយបើអាចប្រធានាធិបតីរុស្ស៊ី លោកពូទីន បើគាត់មក ក៏គាត់ដឹកឡានមកដែរ ជាទម្លាប់របស់ពួកគាត់។ ប៉ុន្តែថ្នាក់ដឹកនាំប្រទេសដទៃទៀតមកស្នាក់នៅកម្ពុជា»។ សម្ដេចតេជោបានអះអាងថា កិច្ចប្រជុំដែលមានថ្នាក់ដឹកនាំប្រទេសមហាអំណាចមកចូលរួមនេះមិនមែនជារឿងធម្មតានោះទេ តែយើងត្រូវដឹងថាដោយសារប្រទេសយើងមានសន្តិភាព ទើបមិត្តភក្តិគេមក ហើយដោយសារប្រទេសពុំមានការវាប្រហារភេរវកម្មទើបគេមក សុទ្ធតែមហាអំណាច។
ក្នុងឱកាសនោះដែរសម្តេចតេជោនាយករដ្ឋមន្រ្ដីបានសង្កត់ធ្ងន់ថា៖ «ពិតមែនហើយមកដល់ពេលនេះមិនទាន់មានការឆ្លើយតបពីប្រធានាធិបតី រុស្ស៊ី លោក ពូទីន នោះទេសម្រាប់ការមកចូលរួមប្រជុំរវាងអាស៊ាន ជាមួយរុស្ស៊ី និងអាស៊ីបូព៌ា។ តែយ៉ាងណាយើងបានអញ្ជើញគាត់រួចហើយ»៕
ដោយ៖ ប៊ុនរិទ្ធសម្រួលដោយ៖ដារ៉ា
0 comments:
Post a Comment