លោកជំទាវបានមានប្រសាសន៍ថា៖ សំណាង ជោគជ័យ សុភមង្គល ជ័យជំនះ ! ពាក្យទាំងនេះជាពរជ័យដែលបានដកស្រង់ចេញពី សិលាចារឹករបស់ព្រះមហិន្ទ្រវរ្ម័ន ដែលជាអ្នកបង្កើតប្រាសាទក្រវ៉ាន់នេះ ជូនពរយើងទាំងអស់គ្នាឱ្យទទួលបាននូវពរជ័យគ្រប់ប្រការ ខណៈដែលយើងកំពុងស្ថិតនៅក្នុងឧទ្យានបុរាណវិទ្យាអង្គរ ដែលជាតំបន់បេតិកភណ្ឌពិភពលោក មានប្រាសាទបុរាណដ៏អស្ចារ្យជាច្រើនដូចជា អង្គរវត្ត បាយ័ន និងតាព្រហ្ម…ជាដើម ។ ប្រាសាទទាំងនោះធ្វើឱ្យភ្ញៀវទេសចរមកពីជុំវិញពិភពលោកមានការកោតស្ញប់ស្ងែងយ៉ាងខ្លាំង តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន ។
នាឱកាសនោះ លោកជំទាវបាន មានប្រសាសន៍លើកទឹកចិត្តដល់គណៈប្រតិភូ និងក្រុមការងារទាំងអស់ ប្រសិនបើគ្រប់គ្នាមិនទាន់បានទស្សនាប្រាសាទទាំងនោះ និងមិនទាន់បានស្វែងយល់អំពីវប្បធម៌ក្នុងស្រុកនៅឡើយទេ សូមគ្រប់គ្នាគួរទៅទស្សនា ឬទស្សនាសារជាថ្មី ព្រោះថា ប្រាសាទទាំងនោះមានលក្ខណៈពិសេស និងមានប្រវត្តិផ្ទាល់ខ្លួនដោយឡែកពីគ្នា។ លោកជំទាវរដ្ឋមន្ត្រីមានប្រសាសន៍បន្តថា តាមបទពិសោធន៍ យើងអាចរៀនអ្វីដែលថ្មីជាមួយនឹងការកត់សម្គាល់តាមរយៈការទស្សនា។
លើសពីនេះ ការទៅទស្សនាប្រាសាទទាំងនោះអាចធ្វើឱ្យចិត្តរបស់យើងស្ងប់ ហើយនាំឱ្យយើងអាចប្រើការស្រមើស្រមៃ ប្រមើលមើល និងធ្វើដំណើរចូលទៅកាន់ពិភពដ៏អស្ចារ្យនៃស្នាដៃដ៏ល្អឯកពីអតីតកាលរបស់បុព្វបុរសកម្ពុជា។ ក្នុងរាត្រីសមោសរនោះ ក្រុមគណៈប្រតិភូ បានស្តាប់ និងទស្សនាការប្រគំតន្ត្រីខ្មែរ និងការសម្តែងសិល្បៈ ដូចជារបាំក្ងោកប៉ៃលិន គោះត្រឡោក កន្សែងស្នេហ៍ មុនីមេខលា និងល្ខោនខោលរឿងរាមកេរ្តិ៍ ត្រង់វគ្គ ចម្បាំងពេលយប់ ជាដើម អមជាមួយនឹងអាហារចម្រុះរសជាតិបែបខ្មែរផងដែរ។ សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការជាមួយអង្គការ Antiquities Coalition រៀបចំ សន្និសីទអន្តរជាតិស្តីពី ការការពារ និងទប់ស្កាត់ការចរាចរ ជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់៖ ទស្សនៈពីអាស៊ាន នៅលើទឹកដីអង្គរនៃខេត្តសៀមរាប៕ដោយ ហេង បញ្ញា សម្រួលផ្សាយដោយ៖ dara
0 comments:
Post a Comment