ភ្នំពេញ: ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២- ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍គូសបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ានសម្រាប់ ឆ្នាំ ២០២២ កម្ពុជានឹងខិតខំបន្តពង្រឹងកិច្ចសហការអាស៊ានជាមួយសាធារណរដ្ឋប្រជាមានិតចិន ឱ្យកាន់តែប្រសើរឡើង ដើម្បីធានានូវចីរភាព បរិយាប័ន្ន និងភាពធន់ នៃកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងតំបន់ទាំងពីរ។ ថ្លែងក្នុងពិធីបើកសម្ភោធពិព័រណ៍ចិន-អាស៊ាន លើកទី១៩ ឆ្នាំ២០២២ នៅទីក្រុងណាននីង ក្រោមប្រធានបទ «ការចែករំលែកកាលានុវត្តភាពថ្មី ដលទទួលបានពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្
រោយតំបន់(អាសិប)ដើម្បីស្ថាបនាតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ទម្រង់៣.០» តាមរយៈប្រព័ន្ធវីដេអូថតទុកជាមុន នាព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្ត្រី ថ្លែងថា ជាការពិត កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន និង ចិន សម្រេចបាននូវសមិទ្ធផលប្រកបដោយផ្លែផ្កាជាច្រើន ចាប់តាំងពីការចុះហត្ថលេខាលើក្របខណ្ឌកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងអាស៊ាន និង ចិន ក្នុងឆ្នាំ ២០០២ និងការចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគ នានា ជាបន្តបន្ទាប់។ សម្ដេចតេជោបន្តថា ឈរលើមូលដ្ឋាននៃភាពជោគជ័យនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីអាស៊ាន-ចិន ទម្រង់ ១.០ និងទម្រង់ ២.០
កន្លងមក កម្ពុជាសូមគាំទ្រដល់គំនិតផ្តួចផ្តើមស្ដីពី ការលើកកម្ពស់កិច្ចព្រមព្រៀងនេះ ទៅជាទម្រង់ថ្មី ៣.០ និងយល់ថា ត្រូវផ្តោតការយកចិត្តទុកដាក់បន្ថែមលើការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាន និង ចិន ឱ្យកាន់តែ ទូលំទូលាយ និងស៊ីជម្រៅបន្ថែមទៀត ដោយផ្តោតលើការកាត់បន្ថយរបាំងពាណិជ្ជកម្មទំនិញ សេវាកម្ម និងវិនិយោគនានា ព្រមទាំងជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល កំណើនបៃតង និងការ បង្កើនសមត្ថភាពសហគ្រាសធុនតូច និងមធ្យម (SMEs)។ សម្ដេចតេជោបានសម្ដែងនូវក្ដីជឿជាក់ថា ការចាប់ផ្តើមអនុវត្តន៍អាសិបក្នុងឆ្នាំនេះ ក្រៅពីការបង្កើតបន្ថែម និងនាំមកនូវកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគ ជាច្រើន សម្រាប់ប្រទេសក្នុងតំបន់ ក៏បាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកស្ទួយ ដល់ការលូតលាស់
វិស័យខាងលើនេះផងដែរ ជាពិសេស នឹងក្លាយជា «ក្របខណ្ឌស្នូល» សម្រាប់ ការស្ថាបនាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ទម្រង់ ៣.០ នាពេលខាងមុខ។ សម្ដេចតេជោបានគូសបញ្ជាក់បន្ថែមថា សម្រាប់កម្ពុជា ជាមួយនឹងការសម្រេចបាននូវ “ភាពស៊ាំសហគមន៍រឹងមាំ » រាជរដ្ឋាភិបាល បានបើកប្រទេស និងដំណើរការឡើងវិញនូវរាល់សកម្មភាពផលិតកម្ម ធុរកិច្ច និងពាណិជ្ជកម្ម ទាំងអស់ក្នុងស្រុកចាប់តាំងពីចុងឆ្នាំ២០២១មក។ ជាងនេះទៅទៀត ក្នុងរយៈពេលជាង ២ ឆ្នាំ កន្លងមកនេះ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងដោះស្រាយបញ្ហាជារចនាសម្ព័ន្ធ និងដាក់ចេញឱ្យ អនុវត្តន៍នូវកម្មវិធីកែទម្រង់ជាបន្តបន្ទាប់ តាមរយៈការដាក់ឱ្យអនុវត្តនូវ «ច្បាប់ស្តីពីវិនិយោគថ្មី» ក្របខណ្ឌគោល
នយោបាយសង្គម-សេដ្ឋកិច្ចឌីជីថលកម្ពុជា ២០២១-២០៣៥ និង ក្របខណ្ឌ យុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាម គន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣» និងការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីកម្ពុជា-ចិន កម្ពុជា-កូរ៉េ ។ល។ សំដៅជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា។ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន ដែលតែងតែផ្តល់អាទិភាព ខ្ពស់ដល់ការគាំទ្រកិច្ចអភិវឌ្ឍ និងការរីកចម្រើនរបស់អាស៊ាន៕ដោយ៖ ជឹម ណារី សម្រួលផ្សាយដោយ៖ dara
0 comments:
Post a Comment