សម្តេចក្រឡាហោម មានប្រសាសន៍បែបនេះខណៈអនុញ្ញាតជូនឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ចូលជួបសម្ដែងការគួរសម និងជម្រាបលា រសៀលថ្ងៃចន្ទ ៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ។
សម្ដេចក្រឡា ហោម ស ខេង បានថ្លែងបញ្ជាក់យ៉ាងថា «ក្នុងនាមជាគណៈបញ្ជាការសន្ដិសុខសម្រាប់ការបោះឆ្នោត នឹងខិតខំធ្វើយ៉ាងណាសហការជាមួយនឹងតួអង្គពាក់ព័ន្ធជាពិសេសជាមួយខាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីធ្វើយ៉ាងណាធានាបាននូវបរិយាកាសសន្ដិសុខល្អប្រសើរ ដែលបម្រើឱ្យការងារបោះឆ្នោត ដែលគ្មានអំពើហិង្សា ប្រព្រឹត្តទៅដោយសេរី ទាំងនៅគ្រប់ដំណាក់កាល នៃការងារបោះឆ្នោត»។
ពាក់ព័ន្ធទៅនឹងការងារនយោបាយ និងការបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រ នៅកម្ពុជានាពេលខាងមុខ ឯកឧត្តមអគ្គរដ្ឋទូតអូស្ត្រាលី មានសេចក្ដីសង្ឃឹម ជឿជាក់ថា ដំណើរការបោះឆ្នោតនាពេលខាងមុខនេះ នឹងដំណើរទៅប្រកបដោយបរិយាកាសល្អប្រសើរ សេរី ត្រឹមត្រូវ ដែលនឹងផ្ដល់ឱកាសដល់ភាគីពាក់ព័ន្ធ បានចូលរួមប្រកួតប្រជែង ដោយសេរី ក្នុងការបោះឆ្នោតថ្នាក់ជាតិ នាពេលខាងមុខនេះផងដែរ។
ចំពោះការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឯកអគ្គរដ្ឋទូត ក៏មានសេចក្ដី រីករាយចំពោះកិច្ចសហប្រតិបត្តិការទៅលើការងារនេះ ហើយឯកឧត្តមឯកអគ្គរដ្ឋទូត ក៏កត់សម្គាល់ក៏ដូចជា រម្លឹកនូវបទពិសោធន៍ដ៏ល្អ ដែលមានជាមួយសម្ដេចនៅក្នុងដំណើរទស្សនកិច្ចត្រួតពិនិត្យទៅលើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ កាលពីពេលកន្លងទៅនៅក្នុងខេត្តបាត់ដំបង។
សូមជម្រាបជូនថា រាជរដ្ឋាភិបាលបានកំណត់ថ្ងៃ២៣ ខែកក្ដដា ឆ្នាំ២០២៣ខាងមុខនេះជាថ្ងៃបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រ អាណត្តិទី៧ នៃរដ្ឋសភា៕ ដោយអ៊ាង ប៊ុនរិទ្ធ សម្រួលផ្សាយដោយ៖ DARA
0 comments:
Post a Comment